ជាតិ
សេដ្ឋកិច្ច
បើ​កុន​ខ្មែរ​ល្បី ជួយ​ទាញ​ទេសចរ បើ​តួ​កុន​បរទេស​ល្បី​ថត​នៅ​ខ្មែរ ជួយផ្ដល់​ទំនុកចិត្ត​អ្នកវិនិយោគ​
28, Dec 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភាពយន្ត ក៏ដូចជា​រូបភាព​ក្នុង​ទម្រង់​ផ្សេងៗ​ទៀត មាន​ឥទ្ធិពល​ណាស់​ក្នុងការ​ផ្សព្វផ្សាយ​បង្ហាញ​ពី​ប្រទេសមួយ​។ បើ​កម្ពុជា​ផលិតភាព​យន្ត​ឲ្យ​ល្បី នោះ​នឹង​មានឱកាស​ច្រើន​ក្នុងការ​ស្រូបយក​ទេសចរ​អន្តរជាតិ​។ ក្រៅពី​ទេសចរ វិស័យ​កុន​ក៏​ជួយផ្ដល់​ទំនុកចិត្ត​សម្រាប់​អ្នកវិនិយោគ​ចូល​បោះទុន​រកស៊ី​នៅ​កម្ពុជា​ផងដែរ​។

 

 
​ប្រសាសន៍​ផលិតករ​ភាពយន្ត​ដ៏​ល្បី លោក ប៉ាន់ រិទ្ធី ក្នុង​ផ្នែក​មួយ​នៃ​បទ​សម្ភាស​របស់​សារព័ត៌មាន​ថ្មីៗ ដែល​បាន​ធ្វើឡើង​ក្នុង​សប្ដាហ៍​នេះ​៖
 


 
​លោក ប៉ាន់ រិទ្ធី បាន​ថ្លែង​ដូច្នេះ​ថា​៖«​អ្វីដែល​គេច​ង់​មកលេង​យើង ភាគច្រើន​ទៅតាម​រូបភាព​សិន​។ កុន​មិនមែន​ត្រឹម​មើល​កុន​នោះទេ បើ​កុន​យើង​ល្បី ដំណើរការ  មនុស្ស​ឃើញ​ច្រើន មនុស្ស​អាច​ចូលមក​»​។ 
 
​ការដែល​បរទេស​ចូលមក​ផលិត​កុន​នៅ​កម្ពុជា គឺ​ទាមទារ​ស្ថេរភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​នានា ដូចជា​ផ្លូវ សណ្ឋាគារ ជាដើម​។   ហើយ​កាលណា​តារា​បរទេស​ល្បីៗ​ហ៊ាន​មក​ថត​សម្ដែង​នៅ​ខ្មែរ គឺ​ឆ្លុះបញ្ចាំង​ពី​ស្ថេរភាព​របស់​កម្ពុជា​។ ស្ថេរភាព​នេះហើយ​ជា​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​។ លោក ប៉ាន់ រិទ្ធី ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​បើ​គេ​មក​ធ្វើ​កុន មានន័យថា​ស្រុក​ខ្មែរ​មាន​ស្ថេរភាព ព្រោះ​ការផលិត​កុន​ចំណាយ​ថ្លៃ ហើយ​បើ​យក​តារា​ឯកមក ដូចជា Angelina Jolie កាលណា​គាត់​មក​ថត​មួយ ខ្ញុំ​បាន​មើល​កាសែត​សេដ្ឋកិច្ច​មួយ​គេ​ចុះ​ថា អូ​!​បើ Angelina Jolie ថត​នៅ​ស្រុក​ខ្មែរ យើង​អាច​ទៅ​វិនិយោគ​បាន​ហើយ​»​។​
 
​ក្រុមហ៊ុន​អន្តរជាតិ​ចូលមក​ផលិត​ភាពយន្ត​នៅ​ខ្មែរ គឺអាច​តាមរយៈ​ពីររូប​ភាព គឺ​គេ​មក​ដាក់ទុន​និង​ថត​ដោយ​ខ្លួនឯង ឬ​តាមរយៈ​ការ​ចាប់ដៃ​សហការ​ជាមួយ​ផលិតករ​ខ្មែរ​។ លោក ប៉ាន់ រិទ្ធី ក៏បាន​អះអាង​ផងដែរ​ថា ដើម្បី​ឲ្យ​ឧស្សាហកម្ម​ភាពយន្ត​របស់​កម្ពុជា​អាច​ប្រកួតប្រជែង​បាន កត្តា​សំខាន់​មួយ​គឺ​ត្រូវ​សហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ភាពយន្ត​បរទេស​។ ហើយ​ការ​ចូលមក​ផលិត​កុន​នៅ​កម្ពុជា បានផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច តាមរយៈ​ការចាយវាយ​ផ្សេងៗ រាប់​ចាប់​ការចាយវាយ​លើ​ម្ហូបអាហារ ស្នាក់នៅ ធ្វើដំណើរ ជួល​ទីតាំង​ថត ជាដើម​៕
 

Tag:
 ប៉ាន់ រិទ្ធី​
  ឧស្សាហកម្ម​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com