ភ្នំពេញ៖ ស្ត្រីខ្មែរអ៊ីស្លាម អ្នកស្រី អាអ៊ីសា និងអ្នកស្រី ហៃយ៉ាទី ជាសិល្បករគំនូរដែលយកគ្រាប់អង្ករធ្វើជាគំនូរដ៏ប៉ិនប្រសប់។ អស់រយៈពេល៧ឆ្នាំមកហើយ ដែលស្ត្រីខ្មែរអ៊ីស្លាមទាំងពីរនាក់នេះ មានគំនិតច្នៃជាគំនូរអង្ករ តាមរយៈក្រុមគ្រួសារដែលតែងតែធ្វើនំបាយត្រៀបជាប្រចាំថ្ងៃ។
ជាធម្មតា គេធ្លាប់តែឃើញគំនូរដែលគូសដោយខ្មៅដៃ ប៊ិច ហ្វឺត ឬជក់ជាដើម។ តែប្រភេទគំនូរអង្ករនេះ គេមិនងាយនឹងបានឃើញ និងតាំងបង្ហាញនៅតាមទីសាធារណៈឡើយ។ ក្រៅពីគេយកគ្រាប់អង្ករធ្វើជាគំនូរ គេក៏អាចយកគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដូចជាគ្រាប់សណ្តែក គ្រាប់ល្ង និងគ្រាប់ស្រូវធ្វើបានដូចគ្នា។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី អាអ៊ីសា ដែលជាម្ចាស់ហាងគំនូរអង្ករ។
គំនូរអង្ករនេះ ត្រូវបានគេចាត់ទុកថា ជាគំនូរដែលបង្ហាញពីផ្ទាំងទស្សនីយភាពដ៏រស់រវើក និងបញ្ជាក់ពីគុណតម្លៃនៃអង្ករ។ បច្ចុប្បន្នគំនូរអង្ករនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ ក្រៅពីអ្នកស្រី អាអ៊ីសា និងអ្នកស្រី ហៃយ៉ាទី ដែលចេះជំនាញតម្រៀបអង្ករធ្វើជាគំនូរនោះ ស្ត្រីខ្មែរដែលចូលសាសនាអ៊ីស្លាមមួយចំនួន និងក្មេងៗជំនាន់ក្រោយឯទៃទៀត ក៏កំពុងតែទទួលបានការបង្ហាត់បបង្រៀនពីអ្នកទាំងពីរផងដែរ។
គំនូរអង្ករបែបរូបមនុស្ស ដែលជាស្នាដៃរបស់អ្នកស្រី អាអ៊ីសា
ក្នុងសំលៀកបំពាក់បិទបាំងជិត បញ្ចេញត្រឹមមុខ និងម្រាមដៃ តាមប្រពៃណីនៃសាសនាអ៊ីស្លាម អ្នកស្រី អាអ៊ីសា កំពុងតែបង្ហាញពីសា្នដៃរបស់អ្នកស្រី ដែលដាក់តាំងបង្ហាញនៅហាងគំនូរអង្ករ និងណែនាំទៅឲ្យភ្ញៀវបរទេសឥណ្ឌាម្នាក់ដែលតែងតែជាវ និងកម្ម៉ង់គំនូរអង្កររបស់អ្នកស្រី។ ក្នុងហាងគំនូរអង្ករ ពោរពេញទៅដោយគំនូរបែបប្រពៃណីបុរាណ និងគំនូរបែបសម័យ ជាពិសេសគំនូររូបថត និងឡូហ្គាក្រុមហ៊ុន។ អ្នកស្រី អាអ៊ីសា ជាម្ចាស់ហាង គំនូរអង្ករ ដែលបានឆ្លៀតម៉ោងបង្រៀនសិស្ស និងពេលណែនាំភ្ញៀវដែលកំពុងតែដើរទស្សនាមើលគំនូររបស់អ្នកស្រី បានមកឆ្លើយតបនឹងអ្នកសារព័ត៌មានថ្មីៗថា គំនិតច្នៃអង្ករធ្វើជាគំនូរនេះបង្កើតឡើង ដោយសារតែអ្នកស្រីចង់ឲ្យមហាជនស្គាល់ពីតម្លៃអង្ករ និងផ្តល់តម្លៃដល់សិល្បករខ្មែរ។
អង្គុយនៅក្បែរកន្លែងដែលដាក់តាំងគំនូរអង្ករ និងនៅពីមុខរូបគំនូររបស់ខ្លួនឯង អ្នកស្រី អាអ៊ីសា បានបញ្ជាក់ថា៖« អង្ករជាជីវិត។ ដូច្នេះយើងព្យាយាមច្នៃជីវិតមួយនេះ ឲ្យចេញជារូបគំនូរ ជាពិសេសរូបថតបែបបុរាណ និងរូបថតឪពុកម្តាយដែលបានចែកឋានទៅ ដែលគេអាចមើលរូបហ្នឹងទៅហាក់បីជារស់វរើក និងប្រៀបដូចជាពួកគាត់នៅជាមួយយើងអ៊ីចឹង។ កាលណាយើងជាវគំនូរអង្ករនេះ គឺមិនត្រឹមយកមកតែដាក់តាំងនោះទេ គឺយើងហាក់បីជារម្លឹក និងដឹងគុណអង្ករដែលផ្តល់ជីវិតដល់យើង»។
អ្នកស្រី អាអ៊ីសា ម្ចាស់ហាងនៅហាងគំនូរអង្ករ និងគំនូររបស់អ្នកស្រី អាអ៊ីសា
អ្នកស្រី អាអ៊ីសា៖ ឲ្យសន្ទួចទៅគេ ដើម្បីឲ្យគេចេះស្ទួចត្រី ល្អជាជាងឲ្យត្រីទៅគេស្រាប់ ដើម្បីឲ្យទីផ្សារគំនូរអង្ករមានគេទទួលស្គាល់ច្រើន និងមានគេផ្តល់តម្លៃនូវសិល្បករប្រភេទនេះ។ អ្នកស្រី អាអ៊ីសា ក៏មានបើកវគ្គបង្រៀនដល់សិស្សដែលចង់ចេះជំនាញនេះផងដែរ។ បច្ចុប្បន្នអ្នកស្រី អាអ៊ីសា បានបើកទីតាំងចំនួន២កន្លែងសម្រាប់ឲ្យសិស្សជាច្រើនបានចូលរៀនដោយមិនគិតថ្លៃ ដើម្បីឲ្យពួកគេមានការងារធ្វើ និងអាចពង្រីកសិល្បៈគំនូរអង្ករនៅកម្ពុជាឲ្យកាន់តែធំទូលាយ។
ឡើងទៅលើជាន់ទី៣នៃហាងគំនូរអង្ករ ត្រូវជាកន្លែងដែលអ្នកស្រី ហៃយ៉ាទី ជាប្អូនបង្កើតអ្នកស្រី អាអ៊ីសា កំពុងតែអង្គុយរៀបគ្រាប់អង្ករធ្វើជារូបថតស្រី្តម្នាក់ និងបុរសម្នាក់ ដែលជាជនជាតិឥណ្ឌា ទំនងជារូបប្តីប្រពន្ធដែលភ្ញៀវកម្ម៉ង់ឲ្យធ្វើនោះ បានរៀបរាប់ថា គំនូរអង្ករនេះគឺត្រូវការពេលវេលាច្រើន ដើម្បីរៀបវាចេញជាគំនូរ និងទាមទារឲ្យមានភាពអត់ធ្មត់ ភាពច្នៃប្រឌិត និងទេព្យកោសល្យ រួមទាំងភាពតស៊ូព្យាយាមផងដែរ។ ប្រភេទគំនូរដែលមានទីផ្សារខ្លាំងជាងគេគឺជាប្រភេទ គំនូរអង្ករបែបរូបមនុស្ស រូបអង្គរវត្ត និងគំនូរបែបរូបឡូហ្គា។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ហៃយ៉ាទី។
គំនូរអង្ករបែបរូបមនុស្សដែលអ្នកស្រី ហៃយ៉ាទី កំពុងតែតម្រៀបចេញជារូបបុរសម្នាក់ និងស្ត្រីម្នាក់
កំពុងតម្រៀបនឹងជិតចេញជាគំនូរមួយផ្ទាំងដែលមានទំហំធំ អ្នកស្រី ហៃយ៉ាទី បានអះអាងថា គំនូរអង្ករទាំងអស់គឺមានតែគំនូរអង្ករបែបរូបមនុស្សតែប៉ុណ្ណោះ ដែលពិបាកតម្រៀបជាងគំនូរបែបណាៗទាំងអស់។ «រូបភាពបែបរូបមនុស្សនេះមិនសូវមានអ្នកណាងាយចេះទេ ដោយគំនូរខ្ញុំកំពុងធ្វើនេះគឺជិតមួយខែកន្លះ សម្រាប់មុខមនុស្សម្នាក់យើងតម្រៀបវាមួយអាទិត្យកន្លះ ដោយសារយើងតម្រៀបធ្វើម៉េចឲ្យដូចនឹងទម្រង់មុខ ទម្រង់ក និងទម្រង់ភ្នែក ហើយគ្រាប់អង្ករយើងធំៗ អ៊ីចឹងយើងត្រូវកាត់អង្ករម៉េច និងបិទអង្ករម៉េចឲ្យកើតចេញជាភ្នែក ច្រមុះ និងឲ្យដូចជារូបម្ចាស់គេ»។ នេះជាការរៀបរាប់របស់អ្នកស្រី ហៃយ៉ាទី ដែលមានជំនាញផ្គុំអង្ករធ្វើជារូបមនុស្សដ៏ស្ទាត់ជំនាញ។
គំនូរអង្ករ ជាគំនូរដែលអាចច្នៃពីគ្រាប់អង្ករគ្រប់ប្រភេទ។ ទម្រាំបានជាគំនូរអង្ករនេះគេយកគ្រាប់អង្ករទៅជ្រលក់ថ្នាំទៅតាមព័ណ៌ដែលត្រូវនឹងគំនូរនីមួយៗ។ បន្ទាប់មកទៀតគេគូររូប ឬផ្តិតរូបទៅតាមអតិថិជនដែលកម្ម៉ង់ រួចហើយបានគេយកគ្រាប់អង្ករមកតម្រៀបទៅតាមគំនូរ ដោយបិទជាមួយនឹងកាវ។ ពេលបិទរួចរាល់ហើយបានគេបាញ់ទឹកថ្នាំការពារ។ គំនូរប្រភេទនេះអាចរក្សាទុកបានដល់ទៅ៣០ឆ្នាំឯណោះ។
ស្ថិតនៅលើដំបូលហាងគំនូរអង្ករដែលជាកន្លែងបង្រៀនដល់សិស្ស មានស្ត្រីខ្មែរអ៊ីស្លាមប្រមាណជិត១០នាក់ កំពុងតែមមាញឹកនឹងការតម្រៀបគ្រាប់អង្ករធ្វើជាគំនូរ។ អ្នកស្រី ផាន់ស៊ីណា មានសញ្ជាតិអ៊ីស្លាមដែលកំពុងតែរៀបអង្ករធ្វើជារូបអប្សរា ទើបតែចេះជំនាញរៀបអង្ករធ្វើជាគំនូរនេះបានតែ៣ខែកន្លងទៅទេ តែអ្នកស្រីបានធ្វើចេញជារូបគំនូរអង្ករ រូបឡូហ្គា និងរូបដំរី។ អ្វីដែលជំរុញឲ្យអ្នកស្រីចង់ចេះជំនាញនេះដែរ ដោយសារអ្នកស្រីមានទេពកោសល្យប៉ាក់ឌិនស្រាប់ និងចង់មានជំនាញ និងមុខរបរមួយដែលច្បាស់លាស់នៅថ្ងៃអនាគត៕