អន្តរជាតិ
តួ​ក​គី ត្រៀម​ពង្រាយ​ទ័ព​នៅ​លី​ប៊ី​ដែល​អាចធ្វើ​ឲ្យ​ជម្លោះ​ផុង​កាន់តែ​ជ្រៅ​
27, Dec 2019 , 2:46 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ នៅ​ថ្ងៃទី​២៦ ខែធ្នូ បានប្រកាស​ពី​គម្រោង​បញ្ជូន​ទ័ព​ទៅកាន់​លី​ប៊ី​តាម​សំណើ​របស់​រដ្ឋាភិបាល​ទីក្រុង​ទ្រី​ប៉ូ​លី​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​។ គម្រោង​បញ្ជូន​ទ័ព​នេះ អាច​នឹង​អនុវត្ត​នៅ​ដើមខែ​មករា ឆ្នាំ​២០២០ ខាងមុខ ដោយ​រង់ចាំ​ការយល់ព្រម​ពី​សភា​តួ​ក​គី​សិន​។ វត្តមាន​ទ័ព​តួ​ក​គី ទំនង​ធ្វើ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​កាន់តែ​ផុង​ជ្រៅ និង​រាលដាល់​កាន់តែខ្លាំង​។

 
​រដ្ឋាភិបាល​លី​ប៊ី​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ បាន​ងាក​រក​ការការពារ​ពី​តួ​ក​គី ស្របពេល​កំពុង​តស៊ូ​ក្នុងការ​វាយ​ប្រយុទ្ធ​រាប់សិប​ខែ​ទល់នឹង​កម្លាំង​ទ័ព​របស់​សេនាប្រមុខ ខា​លី​ហ្វា ហា​ហ្វ​តា ដែល​ត្រួតត្រា​តំបន់​ភាគ​កើត​ប្រទេស​។ កម្លាំង​ទ័ព​លោក ខា​លី​ហ្វា ដែល​គាំទ្រ​ដោយ​អេ​ហ្ស៊ី​ប រុស្ស៊ី អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ហ្ស៊​កដា​នី បាន​រុល​សំដៅ​ទីក្រុង​ទ្រី​ប៉ូ​លី​ក្នុង​គោលដៅ​បង្រួបបង្រួម​លី​ប៊ី​ដែល​បែកខ្ញែក​ឡើងវិញ​។​
 
​តួ​ក​គី​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី​នោះ បាន​ផ្គត់ផ្គង់​សម្ភារ​សឹក​ជាច្រើន​រួចមកហើយ ទោះ​អង្គការសហប្រជាជាតិ​ហាមប្រាម​ក្ដី​។ ប៉ុន្តែ​ក្នុង​ការវិវត្ត​ចុងក្រោយ​នេះ តួ​ក​គី នឹង​ពង្រាយ​ទ័ព​ដើម្បី​ជួយ​ភាគី​ម្ខាង​នេះ​នៃ​ជម្លោះ​លី​ប៊ី​តែម្ដង​។ កាលពី​ខែ​មុន ទីក្រុង​អង់កា​រ៉ា និង​ទ្រី​ប៉ូ​លី បាន​ចុះ​កិច្ចព្រមព្រៀង​ពង្រឹង​ទំនាក់ទំនង​យោធា​ផងដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​លី​ប៊ី​ម្នាក់​អះអាងថា សំណើ​ទៅកាន់​តួ​ក​គី​ដើម្បី​សុំ​ការពង្រាយ​ទ័ព​នោះ ទៅដល់​ទីក្រុង​អង់កា​រ៉ា​ហើយ​។ ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ក្នុង​កិច្ចប្រជុំ​បក្ស​កាន់អំណាច​នៅ​ថ្ងៃទី​២៦ ខែធ្នូ អះអាងថា ដោយសារ​មានការ​ស្នើសុំ​បែបនេះ តួ​ក​គី​នឹង​ទទួលយក​តែម្ដង​។ លោក អ៊ែរ​ដូ​ហ្កា​ន់ បន្តថា រដ្ឋាភិបាល​នឹងដាក់​សេចក្ដីព្រាងច្បាប់​មួយ​ទៅកាន់​សភា ដើម្បី​បើកផ្លូវ​ដល់​ការពង្រាយ​ទ័ព ហើយ​ការអនុម័ត​អាចធ្វើ​នៅ​ថ្ងៃទី​៧ ឬ​ទី​៨ ខែមករា​ខាងមុខ​។​
 
​វត្តមាន​កងទ័ព​តួ​ក​គី​ដែល​នឹងមាន​ទាំង​ទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​ផង​នោះ នឹងធ្វើ​ឲ្យ​ជម្លោះផ្ទៃក្នុង​លី​ប៊ី​កាន់តែ​ប្រេះឆា​។ អាមេរិក មិនបាន​ប្រកាស​ជំទាស់​ដោយ​ចំហ​រលើ​គម្រោង​របស់​តួ​ក​គី​ឡើយ តែ​បដិសេធ​ការ​កេង​ប្រ​វ័​ញ​យក​ប្រយោជន៍​ពី​ជម្លោះ​នេះ​ដោយ​កម្លាំង​បរទេស​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជជែក​ជាមួយ​សម​ភាគី​អេ​ហ្ស៊ី​ប ហើយ​យល់​ស្របគ្នា​ថា ជម្លោះ​នេះ​ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​លឿន មុនពេល​បរទេស​ចូល​គ្រប់គ្រង​លី​ប៊ី​។​
 
​មិន​ត្រឹមតែ​អាមេរិក និង​អេ​ហ្ស៊ី​ប​ឡើយ​ដែល​បារម្ភ​ពី​វត្តមាន​ទ័ព​តួ​ក​គី រុស្ស៊ី​ដែល​គាំទ្រ​ឧ​ត្ត​ម​សេនីយ៍ ហា​ហ្វ​តា ក៏​មិន​សប្បាយចិត្ត​ដែរ​។ ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន ក៏​លើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​ដោះស្រាយ​ជម្លោះ​នៅ​លី​ប៊ី​ដោយ​សន្តិវិធី​ដែរ​។​
 
​ពាក់ព័ន្ធ​រឿងនេះ លោក អ៊ែ​ដូ​ហ្កា​ន់ អះអាងថា តួ​ក​គី មិនអាច​នៅ​ស្ងៀម​ចំពោះ​ក្រុម​អ្នក​ប្រយុទ្ធ​ស៊ីឈ្នួល​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដែល​កំពុង​គាំទ្រ​លោក ហា​ហ្វ​តា បានឡើយ​។ មេដឹកនាំ​តួ​ក​គី​រូបនេះ​បន្ថែមថា មាន​ពួក​ស៊ីឈ្នួល​ប្រយុទ្ធ​ស្និទ្ធ​រុស្ស៊ី​ប្រមាណ​ពីរពាន់​នាក់​នៅ​លី​ប៊ី​។ លោក អ៊ែរ​ដូ​ហ្កា​ន់ ទំនង​ចង់​សំដៅ​ដល់​ក្រុម​ស៊ីឈ្នួល​ធ្វើសង្គ្រាម​មកពី​ស៊ូដង់​៕ 

Tag:
 តួ​ក​គី​
  លី​ប៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com