ជាតិ
សង្គមជាតិ
លោក ពេជ្រ ស្រស់៖ សំណើសុំ​ទិញ​ឡាន គឺ​ទុក​ប្រើ​រួមគ្នា មិនមែនជា​កម្មសិទ្ធិ​បុគ្គល​ឡើយ​
27, Dec 2019 , 3:40 pm        
រូបភាព
លោក ពេជ្រ ស្រស់ (ឆ្វេងដៃ) និង លោក ឈឹម ផលវរុណ (រូបពីលោក ពេជ្រ ស្រស់)
លោក ពេជ្រ ស្រស់ (ឆ្វេងដៃ) និង លោក ឈឹម ផលវរុណ (រូបពីលោក ពេជ្រ ស្រស់)
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ គ្រោង​ដាក់សំណើ​ជូន​ប្រមុខ​រដ្ឋាភិបាល ដើម្បី​សុំ​យក​ថវិកា​ដែល​នៅ​សេសសល់ ទៅ​ទិញ​រថយន្ត​។ ដោយ​ខ្លាច​មហាជន​យល់ច្រឡំ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ម្នាក់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ចេញមក​បកស្រាយ​ថា គម្រោង​ទិញ​រថយន្ត​នេះ គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ប្រើប្រាស់​រួមគ្នា ពោលគឺ​មិនមែនជា​កម្មសិទ្ធិ​របស់​សមាជិក​ណា​ម្នាក់​ឡើយ​។


 
​តាមរយៈ​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ លោក ពេជ្រ ស្រស់ បំភ្លឺថា រថយន្ត​នោះ គឺ​ប្រើ​សម្រាប់តែ​ការចុះ​បំពេញបេសកកម្ម​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ណា​ម្នាក់ យកទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«...​រថយន្ត​នោះ គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​គ្រប់គ្រង​ដោយ​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​...​។  លោក បន្តថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ គឺជា​យន្តការ​មួយ​របស់​រដ្ឋ ដូច្នេះ​ចាំបាច់​ត្រូវមាន​រថយន្ត​របស់រ​ដ្ឋ ដើម្បី​សម្រួល​ដល់​ការងារ​នានា​។ 
 
​ការបកស្រាយ​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា គឺ​បន្ទាប់ពី​សារព័ត៌មាន​នានា ចុះផ្សាយ​ពីស​ម្តី​របស់លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដែល​លើកឡើងថា  ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ចង់​ដាក់សំណើ​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​យក​ថវិកា​សេ​សល់​ទៅ​ទិញ​រថយន្ត​។ 
 
​ក្នុង​សន្និបាត​បូកសរុប​ការងារ​រយៈពេល​១៦​ខែ​ដំបូង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ លោក ឈឹម ផល​វរុណ អះអាងថា កញ្ចប់​ថវិកា​របស់់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​សម្រាប់​ចាយ​នៅ​ឆ្នាំ​២០១៩ មាន​ជាង​១,៣​លាន​ដុល្លារ​។ 
 
​លោក ឈឹម ផល​វរុណ លើកឡើងថា ក្នុងចំណោម​ថវិកា​ទាំងនោះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ប្រើប្រាស់​អស់​ជាង​៨,៦​សែន​ដុល្លារ ដោយ​នៅសល់​ជាង​៤,៥​សែន​ដុល្លារ​។ លោក អះអាងថា សំណើសុំ​យក​ថ​វិក​ដែល​នៅ​សេសសល់​នេះ ទៅ​ទិញ​រថយន្ត គឺ​មិន​ប៉ះពាល់​ដល់​កញ្ចប់​ថវិកា​ឆ្នាំ​២០២០​ឡើយ​៕ 

Tag:
 ពេជ្រ ស្រស់​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​
  សំណើ​ទិញ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com