ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក ស៊ូ សុជាតិ​៖ យុវជន​ដឹង​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ច្រើន តែ​មិនទាន់​ផ្លាស់ប្ដូរ​ឥរិយាបថ​ពេញលេញ​
28, Dec 2019 , 1:19 pm        
រូបភាព
​ភ្នំពេញ​៖ ដ្បិត​យុវជន​បច្ចុប្បន្ន បាន​យល់ដឹង​ពី​ការប្រែប្រួល​អាកាសធាតុ​ល្អប្រសើរ​ជាង​មុន​ក្តី ប៉ុន្តែ​ពួកគេ​មិនទាន់​ផ្លាស់ប្ដូរ​ឥរិយាបថ​ពេញលេញ លើ​ការប្រើប្រាស់​សម្ភារៈ និង​ថាមពល ដែល​ជះ​ផលប៉ះពាល់​ដល់​បញ្ហា​អាកាសធាតុ​នៅឡើយ​ទេ​។ លោក ស៊ូ សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​កម្ពុជា អភិវឌ្ឍន៍​សហគមន៍​និង​បរិស្ថាន ថ្លែង​បែបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​

 
​លោក ស៊ូ សុជាតិ បាន​កត់សម្គាល់ថា ការទប់ស្កាត់ និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ កំពុងមាន​ការចូលរួម​ពី​យុវជន តាមរយៈ​ការថែរក្សា​បរិស្ថាន ដាំ​ដើមឈើ និង​កាត់បន្ថយ​ការប្រើប្រាស់​យានជំនិះ​ជាដើម​។ ប៉ុន្តែ​វា​គ្រាន់តែ​ជាស​ញ្ញា​វិជ្ជមាន​មួយ​ប៉ុណ្ណោះ ហើយ​មិនទាន់​អាច​ចាត់ទុកជា​ការផ្លាស់ប្ដូរ​ឥរិយាបថ​ថាមពល​អគ្គិសនី​ពេញលេញ​នៅឡើយ​ទេ​។ មិនទាន់​ផ្លាស់ប្ដូរ​ឥរិយាបថ​ពេញលេញ ដោយសារ​វា​ជា​តម្រូវការ​ចាំបាច់​រប​ស់​ពលរដ្ឋ​ទូទៅ​។​
 
​ក្នុងន័យនេះ​លោក សុជាតិ បាន​សង្កត់ធ្ងន់ថា ពលរដ្ឋ និង​យុវជន នៅតែ​មិនទាន់​អាច​កាត់បន្ថយ​លើ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ក៏ដូចជា​សម្ភារៈ​ដែល​ប្រើប្រាស់​ថាមពល​ច្រើន ហើយ​ជះ​ផល​អវិជ្ជមាន​លើ​បរិស្ថាន​បាន​នៅឡើយ​ទេ​។​
 
​ដើម្បី​ជ្រាប់​កាន់តែច្បាស់​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស៊ូ សុជាតិ នាយក​ប្រតិបត្តិ​អង្គការ​កម្ពុជា​អភិវឌ្ឍន៍​សហគមន៍ និង​បរិស្ថាន​ដូចតទៅ​៖ 
 
 
 
« អ្វីដែល​យើង​ធ្វើ​នៅថ្ងៃនេះ វា​គ្រាន់តែ​ជា​លទ្ធផល​ដែល​អាច​ស្ដែង​នៅ​ថ្ងៃក្រោយ​។ តែ​អ្វីដែល​សំខាន់ យើង​ត្រូវតែ​ធ្វើ​បន្តធ្វើ​ទៀត ដើម្បី​ឲ្យ​ការប្រែប្រួល​អាកាសធាតុ​មានការ​ថយចុះ​នា​ថ្ងៃ​អនាគត​។ មានរឿង​ច្រើន​ដែល​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​គួរតែ​ធ្វើ គឺ​ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ឲ្យ​នៅ​តិច ព្រោះ​ថាមពល​អគ្គិសនី​គឺជា​ប្រភព​មួយ​ដែល​នាំ​ឲ្យ​មានការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចូល​បរិយាកាស​ច្រើន​»​។ នេះ​គឺជា​ការពន្យល់​របស់លោក ស៊ូ សុជាតិ ដែល​ចង់​ឲ្យ​យុវជន​ចូលរួម​អនុវត្ត​នៅ​សកម្មភាព​ទាំងនេះ​បន្ថែម​ឲ្យ​បានយូរ​អង្វែង ជាពិសេស​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ដោយសារ​ប្រភព​សំខាន់​ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​កើតឡើង​ពី​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ចេញពី​វិស័យ​ថាមពល​អគ្គិសនី​៕

Tag:
 អាកាសធាតុ​
 ​យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com