កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Shin Tae-yong អតីត​គ្រូបង្វឹក​កូរ៉េខាងត្បូង ទៅ​ដឹកនាំ​ឥណ្ឌូណេស៊ី​
27, Dec 2019 , 4:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) នៅ​ថ្ងៃទី​២៧ ខែធ្នូ បានប្រកាស​តែងតាំង​លោក Shin Tae-yong អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ដើម្បី​ធ្វើជា​គ្រូ​របស់​ពួកគេ​។ លោក Shin ធ្លាប់បាន​ដឹកនាំ​កូរ៉េខាងត្បូង​យកឈ្នះ​ក្រុម​អាល្លឺម៉ង់ ២-០ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​


 
​លោក Mochamad Iriawan ប្រធាន PSSI បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​យើង​បាន​អញ្ជើញលោក Shin ដើម្បី​ធ្វើ​កិច្ចសន្យា​រួចហើយ​។ បន្ទាប់មក​គាត់​នឹងត្រូវ​ណែនាំ​ខ្លួន និង​ឡើង​ដឹកនាំ​ឥណ្ឌូណេស៊ី​ជា​ផ្លូវកា​នៅ​ថ្ងៃ​២៨ ខែធ្នូ​»​។​
 
​ការសម្រេច​តែងតាំង​បុរស​សញ្ជាតិ​កូរ៉េខាងត្បូង វ័យ​៥០​ឆ្នាំនេះ កើតឡើង​បន្ទាប់ពី PSSI បញ្ចប់​តំណែង​គ្រូ​សញ្ជាតិ​ស្កុ​តឡែ​ន​លោក Simon McMenemy កាលពី​ខែវិច្ឆិកា ក្រោយ​ដឹកនាំ​ឥណ្ឌូណេស៊ី​ក្នុង​វគ្គ​ជម្រុះ World Cup ២០២២ ដោយ​ទទួលបាន​ពិន្ទុ​អ្វី​សោះ​ក្នុងការ​ប្រ​កូត​ចំនួន​៥​លើក​។​
 
​ឥណ្ឌូណេស៊ី ក៏​ធ្វើ​មិនបាន​ល្អ​ដែរ​ក្នុងការ​ប្រកួត​ពាន Suzuki Cup ឆ្នាំ​២០១៨ ដោយ​ពួកគេ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៤ ចំណោម​៥​ក្រុម​ក្នុង​ពូ​ល​។​
 
​លោក Shin Tae-yong ដែល​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​កូរ៉េ​ក្រោយ​ចប់ World Cup នៅ​រុស្ស៊ី ត្រឹម​រយៈពេល​១​ខែ​នោះ មិន​ត្រឹម​តែមាន​ភារកិច្ច​ដឹកនាំ​ក្រុម​ឈុត​ធំ​របស់​ឥណ្ឌូណេស៊ី​នោះទេ លោក​ត្រូវ​មើល​ការខុសត្រូវ​ក្រុម U23 និង U20 ផងដែរ​។​
 
​បញ្ហា​ជាច្រើន​បាន​កើតឡើង​ក្នុង​វិស័យ​កីឡាបាល់ទាត់​ឥណ្ឌូនេស៊ី ទាំង​ក្រុម​ជម្រើសជាតិ និង​ក្នុង​លី​គ​អាជីព​របស់​ពួគគេ នា​រយៈពេល​ចុងក្រោយ​នេះ​។ អ្វីដែល​គួរកត់សម្គាល់​ក្រៅពី​បញ្ហា​លើ​ទីលាន គឺមាន​អតីត​ប្រធាន​ពីររូប​បាន​ចាក​ចេញពី PSSI នៅ​ឆ្នាំនេះ ដោយសារ​មានការ​ចោទប្រកាន់ថា​ពួកគេ​ជាប់​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​ប្រកួត​ទុក​មុន​។​
 
PSSI កាលពី​ខែតុលា​ក៏​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ពិន័យ​ជា​ប្រាក់​ចំនួន ៤៥០០០​ដុល្លារ​អាមេរិក​ផងដែរ ដោយសារ​អ្នក​ក្រុម​អ្នកគាំទ្រ​ខ្លួន​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុងជំនួប​វគ្គ​ជម្រុះ World Cup ជុំ​ទី​២ រវាង​ឥណ្ឌូណេស៊ី​ជាមួយ​ម៉ាឡេស៊ី​នៅ​ក្រុង​ហ្សា​ការ​តា​៕

Tag:
 ឥណ្ឌូណេស៊ី​
  PSSI
  Shin Tae-yong
© រក្សាសិទ្ធិដោយ thmeythmey.com