ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ា ចន្ទ​រឿន​៖«​យុវជន​ខ្វះ​ការយល់ដឹង​ពី​វប្បធម៌​ជាតិ មើលមិនឃើញ​តម្លៃ​អត្តសញ្ញាណ​ជាតិ​ឡើយ​»
28, Dec 2019 , 7:39 pm        
រូបភាព
លោកបណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
លោកបណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
​ភ្នំពេញ​៖ ក្នុង​បាឋកថា​ស្ដីពី​”​ភាពចាំបាច់​នៃ​ការសិក្សា​វប្បធម៌​ខ្មែរ នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​” រៀបចំ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ ដែលមាន​លោក​បណ្ឌិត ប៉ា ចន្ទ​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម ជា​វាគ្មិន បានលើកឡើង​ពី​សារសំខាន់ ក្នុងការ​ដាក់បញ្ចូល​ក​ម្ម​វិធី​សិក្សា​ពី​វប្បធម៌​ជាតិ ទៅក្នុង​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ លោក​ទទួលស្គាល់ថា ដំណាក់កាល​ពន្យល់​យុវជន​ឱ្យ​យល់​តម្លៃ​វប្បធម៌​ជាតិ គឺ​ចង់​ហួសពេល​ទៅហើយ តែ​ទោះជា​យ៉ាងណា​លោក​ថា វា​នៅ​គ្រាន់បើ​ជាង​មិន​បានធ្វើ​អ្វី​សោះ​។ ការបណ្ដុះ​ឱ្យ​ក្មេង​យល់​ពី​តម្លៃ​វប្បធម៌​ជាតិ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ថែរក្សា​អ្វីដែល​គេ​ថា​ជា​អត្តសញ្ញាណ​ជាតិ​នោះ​។


 
​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ ជាមួយ​លោក​បណ្ឌិត ប៉ា ចន្ទ​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម ពី​មូលហេតុ​ចាំបាច់​ក្នុងការ​សិក្សា​វប្បធម៌​ខ្មែរ នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ខាងក្រោម​ដូចតទៅ​៖



 
​ជា​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត ប៉ា ចន្ទ​រឿន ជឿជាក់ថា ការសិក្សា​វប្បធម៌​ខ្មែរ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា មាន​សារសំខាន់ ព្រោះ​ដើម្បីឱ្យ​ធនធានមនុស្ស​ដែល​បញ្ចប់​ការសិក្សា មានការ​យល់ដឹង​ពី​វប្បធម៌​ជាតិ​បាន​ស៊ីជម្រៅ​។ លោក​បន្ថែមថា អ្នកមានចំណេះដឹង​វប្បធម៌​ជាតិ​ជ្រៅជ្រះ មាន​ជំនាញ​ទំនាក់ទំនង​ខ្ពស់ និង​ងាយ​ចុះសម្រុង​ជាមួយ​អ្នក​នៅ​ជុំវិញខ្លួន​។ ហើយ​ការចេះ​វប្បធម៌​ជាតិ អាចជួយ​ឱ្យ​ពួកគេ​ធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ មាន​ភាពងាយស្រួល​និង​រីកចម្រើន​។ 
 
​លោក ប៉ា ចន្ទ​រឿន បាន​សង្កត់ធ្ងន់ថា ចំណុចខ្សោយ​របស់​យុវជន​ខ្មែរ​គឺ​ប្រកាន់​គំនិត​ថា ខ្លួន​ជា​ខ្មែរ មិនចាំបាច់​អ្វី​ត្រូវ​រៀន​ពី​វប្បធម៌​ខ្មែរ​នោះ ទើប​ធ្វើឱ្យ​ពួកគេ​ហាក់​ព្រងើយកន្តើយ​នឹង​រឿង​ទាំងនេះ​។ ម្យ៉ាង​ការជួយជ្រោមជ្រែង​ផ្ដល់​ចំណេះ​ពី​អ្នកចេះដឹង​ខាង​វប្បធម៌ ទៅកាន់​យុវជន​ក៏​នៅមានកម្រិត​។ 
 
​ការមើលរំលង​តម្លៃ​ភាសាជាតិ​ក៏​ជា​អ្វីដែល​លោក ប៉ា ចន្ទ​រឿន ព្រួយបារម្ភ​ដែរ​៖«​ខណៈ​ខ្មែរ​រស់​លើ​ទឹកដី​កំណើត​របស់ខ្លួន តែ​បែរជា​ខំរៀន​ភាសាបរទេស ដើម្បី​អាចធ្វើ​ការ​ជាមួយ​ជនបរទេស​ទៅវិញ​។ ខ្ញុំ​មើលឃើញថា ខ្មែរ​នៅ​មិនទាន់បាន​ខំ​លើកទឹកចិត្ត​ជនបរទេស ឱ្យ​រៀន​ភាសា​ខ្មែរ ដើ​ម្បិ​អាច​ធ្វើការ​ក្នុងស្រុក​ខ្មែរ​នៅឡើយ​»​។​
 
​ទោះជា​យ៉ាងណា អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម រូបនេះ ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ក្នុងន័យ​ថា ខ្មែរ​ត្រូវ​ដឹង​ច្បាស់​ពី​វប្បធម៌​អ្វីខ្លះ​ដែល​តំណាងឱ្យ​ជាតិ​។ «​ខ្មែរ​ត្រូវ​ដឹងថា​តើ​ខ្មែរ​មាន​វត្ថុ​អ្វីខ្លះ​ដែល​តំណាងឱ្យ​ជាតិ តើ​ម្ហូប​អ្វីខ្លះ​ដែល​តំណាងឱ្យ​ជាតិ​? តើ​របៀបរបប​រស់នៅ​របស់​ខ្មែរ ដែល​បង្ហាញ​ពី​ភាព​វិជ្ជមាន​មាន​អ្វីខ្លះ​? រួមទាំង​ការប្រើប្រាស់​ភាសា​របស់​ជាតិ​ខ្លួន ទាំងអស់​នេះហើយ​គឺជា​អត្តសញ្ញាណ​ជាតិ​នោះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ប៉ា ចន្ទ​រឿន​៕
 

Tag:
 ប៉ា ចន្ទ​រឿន​
  យុវជន​
  សង្គម​
  វប្បធម៌​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com