ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តំណាង​មន្ត្រីរាជការ​និង​NGO យល់ថា​កម្ពុជា​គួរ​បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន​និង​ធនធានធម្មជាតិ​
27, Dec 2019 , 8:19 pm        
រូបភាព
​ហ្វីលីពីន​៖ ក្រោយ​ដំណើរ​ទស្សនកិច្ច​សិក្សា​ក្នុង​តំបន់​ធនធានធម្មជាតិ និង​តំបន់​ជនជាតិដើម​ភាគតិច​នៅ​ប្រទេស​ហ្វីលីពីន តំណាង​មន្ត្រីរាជការ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​សុទ្ធតែ​មើលឃើញថា កម្ពុជា​គួរតែ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​បញ្ហា​បរិស្ថាន ជាពិសេស​គឺ​ការអភិវឌ្ឍ​ធនធានធម្មជាតិ និង​ជនជាតិដើម​ភាគតិច ប្រកបដោយ​និរន្តរភាព​។​


 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ការយល់ឃើញ​របស់​តំណាង​មន្ត្រីរាជការ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ជុំវិញ​បញ្ហា​បរិស្ថាន​និង​ធនធានធម្មជាតិ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ចំនួន​៥​ថ្ងៃ នៅ​ប្រទេស​ហ្វីលីពីន ប្រតិភូ​ពី​ប្រទេស​កម្ពុជា​ដែលមាន​តំណាង​មន្ត្រី​រាជរដ្ឋាភិបាល​ច្រើន​ស្ថាប័ន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត​នោះ បានទទួល​បទពិសោធ ទាក់ទង​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​
 
​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) ដំណើរ​ទស្សនកិច្ច​នេះ បាន​នាំ​តំណាង​NGO​និង​មន្ត្រី​រដ្ឋាភិបាល ទៅ​តំបន់​ហ្កា​ឡា​ហាន ដែលជា​សហគមន៍​ជនជាតិដើម​ភាគតិច​។ បន្ទាប់មក ទៅ​ជួប​ជាមួយ​ចៅហ្វាយស្រុក​សាន់​តា​ហ្វេ ដែលមាន​ដើមកំណើត​ជា​ជនជាតិដើម​ភាគតិច​។ ទៅ​មន្ទីរ​បរិស្ថាន និង​ទៅ​ជួប​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​ការការពារ​ធនធានធម្មជាតិ និង​សិទ្ធិ​ជនជាតិដើម​ភាគតិច​។ ហើយ​នៅ​ថ្ងៃ​ចុងក្រោយ ប្រតិភូ​ពី​កម្ពុជា​បាន​ជួប​ជាមួយ​តំណាង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​ស្វែងយល់​ពី​គោល​ការ​ច្បាប់​មួយចំនួន​។
 
​នៅ​ថ្ងៃ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន អ្នកស្រី ញ៉ិ​ន ភួង​មាលី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​រចនា​ស្ត្រី និង​ជា​ប្រធាន​បណ្ដាញ​សម្របសម្រួល​អង្គការ​ស​ង្គ​ម​ស៊ីវិល​ប្រចាំ​ខេត្តសៀមរាប បានលើកឡើង​ពី​ចំណុចខ្លាំង​ដែល​ហ្វីលីពីន​បាន​អនុវត្តន៍ ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ និង​លើកកម្ពស់​ជនជាតិដើម​ភាគតិច​៖«​គេ​មាន​ផែនការ​ច្បាស់លាស់​ក្នុងការ​ពង្រឹង និង​ការជួយ​រៀបចំ​ការចុះបញ្ជី​សហគមន៍​ជនជាតិដើម​ភាគតិច​។ ទី​២​ខ្ញុំ​មើលឃើញថា រដ្ឋ​មាន​កញ្ចប់​ថវិកា​សម្រាប់​ការជួយ​ពង្រឹង​ដល់​សហគមន៍​រហូតដល់​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សហគមន៍​។ ទី​៣ ការរៀបចំ​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុង​សហគមន៍ ដូច្នេះ​ផ្ដើមចេញពី​មន្ទីរ​បរិស្ថាន​ក្នុង​ការជួយ​ពង្រឹង និង​រៀបចំ​តំបន់​នោះ​ក្នុងការ​ទាក់ទាញ​រក​ប្រភព​ចំណូល ដើម្បី​ទ្រទ្រង់​ដល់​សហគមន៍​»​។


អ្នកស្រី ញ៉ិន ភួងមាលី នាយិកាប្រតិបត្តិនៃអង្គការរចនាស្រ្តី និងជាប្រធានបណ្ដាញសម្របសម្រួលអង្គការសង្គមស៊ីវិលប្រចាំខេត្តសៀមរាប
 
​ប្រធាន​បណ្ដាញ​សម្របសម្រួល​អង្គការ​ស​ង្គ​ម​ស៊ីវិល​ប្រចាំ​ខេត្តសៀមរាប​រូបនេះ បាន​តាំងចិត្ត​ថា​និង​យកចំណេះ​ដឹង​ដែល​ទទួលបាន​ពី​ដំណើរ​ទស្សនកិច្ច មក​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​។​
 
​អ្នកស្រី​បញ្ជាក់​៖«​ទាំង​៣​ចំណុច​នេះ​យើង​មើលឃើញថា​ល្អ ហើយ​យើង​នឹង​យកទៅ​ពិភាក្សាគ្នា​នៅ​ប្រទេស​កម្ពុជា ថា​តើ​ក្នុងនាម​រដ្ឋាភិបាល​ក៏ដូចជា​មន្ទីរ​បរិស្ថាន គួរតែមាន​ផែនការ​អ្វីមួយ​ច្បាស់លាស់ ដើម្បី​ពង្រឹង​និង​ជួយ​ដល់​សហគមន៍ ជាពិសេស​ការពារ​តំបន់​បរិស្ថាន និង​ធនធានធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​? បច្ចុប្បន្ននេះ​យើង​មើលឃើញថា​គម្រប​ព្រៃឈើ​មានការ​រេចរឹល​ខ្លាំង ថា​តើ​យើង​មាន​ផែន​ការដាំ​ឡើងវិញ ឬ​ការពង្រឹង​ដល់​គណៈកម្មការ​សហគម​ន៍​? អ្វីដែល​សំខាន់​យើង​ត្រូវ​ពង្រឹង​ធនធានមនុស្ស និង​ការជួយ​ផ្ដល់​ថវិកា​ដល់​សហគមន៍​គឺជា​ការប្រសើរ​បំផុត​»​។​
 
​ដូចគ្នា​ដែរ​លោក ឡុង សេរី នាយក​ប្រតិបត្តិ​អង្គការ​អនុផល​ព្រៃឈើ ដែលមាន​ស្នាក់ការ​នៅ​ខេត្តរតនៈគិរី ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់​ចំពោះ​ជនជាតិដើម​ភាគតិច ពី​សំណាក់​រដ្ឋាភិបាល​ហ្វីលីពីន​ដែរ​។ ក្នុងជំនួប​ជាមួយ​ជនជាតិដើម​ភាគតិច លោក សេរី បានបង្ហាញ​ការចាប់អារម្មណ៍​ច្រើន ពី​ការធ្វើ​បទ​បង្ហាញ​របស់​ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ហ្វីលីពីន​៖«​ខ្ញុំ​ទៅ​មើល​ភូមិ​អ៊ី​មូ​ហ្កា​ន់ ដែល​នៅក្នុង​តំបន់ភ្នំ គាត់​បាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​តំបន់​ទេសភាព​ធំ​មួយ រួមទាំង​ដីស្រែ​ចម្ការ ដីព្រៃ និង​ចូលរួម​ការពារ​ធម្មជាតិ​។ គាត់​អាច​ទាញ​ផល​ធ្វើឱ្យ​ជីវភាព​គាត់រ​ស់បាន​ស្រួល​ដែរ​។ ខ្ញុំ​មើលទៅ គាត់​គ្រប់គ្រង​សេដ្ឋកិច្ច​គាត់​បាន បាន​រយៈ​កសិកម្ម​នៅក្នុង​ព្រៃ ហើយ​ផលិតផល​របស់គាត់​ទាំងនោះ​យកទៅលក់​នៅ​ស្រុកក្រោម​»​។


លោក ឡុង សេរី នាយក​ប្រតិបត្តិ​អង្គការ​អនុផល​ព្រៃឈើ ដែលមាន​ស្នាក់ការ​នៅ​ខេត្តរតនៈគិរី​
 
​ដ្បិតតែ​នាយក​ប្រតិបត្តិ​អង្គការ​អនុផល​ព្រៃឈើ​លោក ឡុង សេរី បាន​មើលឃើញ​ពី​ចំណុច​ល្អ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ក្ដី ក៏ប៉ុន្តែ​លោក​នៅតែ​ត្រូវការ​ការពិភាក្សា​បន្ថែម ដើម្បី​រក​ច្រក​រួមមួយ​៖«​នៅ​ស្រុក​ខ្មែរ​យើង ការគ្រប់គ្រង​ធនធានធម្មជាតិ​របៀប​នេះ​មិនមាន​ទេ ភាគច្រើន​យើង​មានតែ​តំបន់​ការពារ​សហគមន៍​ព្រៃឈើ​លក្ខណៈ​តូចៗ​។ បញ្ហា​ទាំងនេះ​ទាល់តែ​យើង​យកទៅ ពិគ្រោះ​យោបល់​និង​ចែករំលែក​ដល់​គាត់ ដើម្បីឱ្យ​គាត់​យល់ដឹង ហើយ​គាត់​សម្រេចចិត្ត​»​។​
 
​អង្គុយ​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​របស់​តំណាង​ជនជាតិដើម​យ៉ាង​យកចិត្តទុកដាក់ លោក សុវណ្ណ ប៊ុន​ថៃ ជា​ជនជាតិ​ព្រៅ ដែល​ធ្វើការ​ក្នុង​សមាគម​ខ្មែរលើ បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​៖«​ជនជាតិដើម​នៅ​ហ្វីលីពីន គេ​មានការ​អប់រំ​ខ្ពស់​ហើយ​មានការ​យល់ដឹង​ច្រើន លើសពីនេះ​ទៀត​ជនជាតិ​គេ​មានការ​សហការគ្នា បានន័យថា​គេ​លះបង់​ដើម្បី​ប្រយោជន៍​សហគមន៍​។ គេ​ចូលរួម​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ ម្យ៉ាងទៀត​រដ្ឋាភិបាល​ហ្វីលីពីន បាន​គាំទ្រ​ក៏ដូចជា​ផ្ដល់​សិទ្ធិ​ពេញលេញ ទៅដល់​ជនជាតិដើម​ភាគតិច​។ សូម្បី​តំណាង​ជនជាតិដើម​ភាគតិច ដែល​ធ្វើការ​ក្នុង​រដ្ឋាភិបាល គាត់​ក៏មាន​ការគាំទ្រ​គ្នា​ដែរ​»​។ 


​លោក សុវណ្ណ ប៊ុន​ថៃ ជា​ជនជាតិ​ព្រៅ ដែល​ធ្វើការ​ក្នុង​សមាគម​ខ្មែរលើ​
 
​និយាយ​ក្នុងន័យ​ប្រុងប្រយ័ត្ន​លោក ប៊ុន​ថៃ យល់ថា​សហគមន៍​ជនជាតិដើម​ភាគតិច និង​អង្គការ​សង្គម​ស៊ីវិល ត្រូវការ​ចាំបាច់​កិច្ចសហការ​ពី​រដ្ឋាភិបាល​៖«​ពេលដែល​ខ្ញុំ​ឃើញ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​គាំទ្រ និង​ផ្ដល់​សិទ្ធិ​ដល់​ជនជាតិដើម​ភាគតិច ខ្ញុំ​ក៏​ស្នើសុំ​និង​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​គាត់​ផ្ដល់​សិទ្ធិ​ពេញលេញ ដល់​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​ដែរ​។ ជាមួយគ្នានេះ​ខ្ញុំ​សុំឱ្យ​គាត់​សហការគ្នា ព្រោះ​កន្លងមក​ខ្ញុំ​បាន​ឃើញថា​គាត់​មិនសូវ​បាន​សហការ​ទេ ដូច​ការការពារ​ព្រៃឈើ ពេល​ដែលមាន​បទល្មើស យើង​រាយការណ៍​ទៅ​គាត់ គាត់​ប្រាប់ថា​គាត់​រវល់​បែបនេះ​រវល់​បែប​នោះ​»​។  
 
​ងាក​មក​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​វិញ​ម្ដង​។ កញ្ញា អ៊ឹម ចាន់​ធី អនុប្រធាន​ការិយាល័យ​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​សង្កេត​ពី​ការគ្រប់គ្រង​សំរាម និង​សមត្ថភាព​គ្រប់គ្រង​ធនធានធម្មជាតិ របស់​សហគមន៍​ជនជាតិដើម​ភាគតិច​។ កញ្ញា​បាន​ពន្យល់​បន្ថែម​៖«​នៅ​ខាង​សហគមន៍​ជនជាតិដើម​ភាគតិច ការគ្រប់គ្រង​សំរាម​របស់គាត់​បានល្អ យើង​មិនឃើញ​មាន​សំរាម​នៅតាម​ដងផ្លូវ​សាធារណៈ ឬ​នៅតាម​មុខផ្ទះ​ឡើយ​។ ជនជាតិដើម​ភាគតិច​នៅ​ទីនោះ​គាត់​មាន​ឯករាជ មាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​គាត់ ហើយក៏​មានការ​គាំទ្រ​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​របស់គាត់​ផងដែរ​»​។


​កញ្ញា អ៊ឹម ចាន់​ធី អនុប្រធាន​ការិយាល័យ​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​
 
​ទោះជា​យ៉ាងណា​បន្ទាប់ពី​មកដល់​កម្ពុជា​វិញ អនុប្រធាន​ការិយាល័យ​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី គ្រោង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​តំបន់​ដែល​កញ្ញា​ធ្វើការ​៖«​សម្រាប់​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា នឹងមាន​ការផ្សព្វផ្សាយ​និង​បណ្ដុះបណ្ដាល​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ទាក់ទង​នឹង​ការ​ទុកដាក់​សំរាម ទៅដល់​ប្រជាពលរដ្ឋ​បន្ថែមទៀត​។ បញ្ហា​សំរាម​បង្ករ​ភាពមិន​ស្អាត​ដល់​សហគមន៍​រប​ស់គា​ត់ ក៏​ជា​ភ្នាក់ងារចម្លងមេរោគ​ផងដែរ​»​។ 
 
​ចំណែក​លោក អ៊ុក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​រង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) បាន​សង្កេតឃើញថា​ហ្វីលីពីន​មាន​ចំណុចខ្លាំង​៥​ចំណុច ដែល​បានលើកឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​៖«​យើង​សង្កេតឃើញថា​មាន​ចំណុចខ្លាំង​ចំនួន​៥​ធំៗ​។ ទី​១​រដ្ឋាភិបាល​ហ្វីលីពីន មាន​បង្កើត​ក្របខ័ណ្ឌ​គោលនយោបាយ ក៏ដូចជា​ក្របខ័ណ្ឌគតិយុត្តិ​នានា ដែល​ទាក់ទង​ជាមួយនឹង​ការលើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច ក៏ដូចជា​ការការពារ​ធនធានធម្មជាតិ​។ ទី​២​ទាក់ទង​នឹង​ការ​អនុវត្តិ​ច្បាប់ គឺ​មិនមាន​នរណាម្នាក់​អាច​បំពាន​លើ​ច្បាប់​នោះបាន​ឡើយ​»​។ 


​លោក អ៊ុក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​រង​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia)
 
​លោក​បន្ថែម​៖«​ទី​៣​សមត្ថភាព​សហគមន៍​ជនជាតិដើម​ភាគតិច​មាន​ភាពល្អប្រសើ​រ ដោយសារ​ថ្នាក់​ដឹង​នាំ​របស់​គណៈកម្មការ​ជាតិ អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ក៏ដូចជា​គណៈកម្មការ​គ្រប់គ្រង​ធនធានធម្មជាតិ គឺមាន​សមាសភាព​ពី​តំណាង​ជនជាតិដើម​ភាគតិច​ចូលរួម​។ ទី​៤​មាន​គោល​ការណែនាំ​ពី​រដ្ឋាភិបាល ទាក់ទង​នឹង​ការវិភាគ​ថវិកា​គាំទ្រ​ទៅលើ​ការអភិវឌ្ឍ​ជីវភាព​ជនជាតិដើម​ភាគតិច​ក្នុង​សហគមន៍ ក៏ដូចជា​ការការពារ​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព​។ ទី​៥​មាន​យុន្តការ​ការពារ​ធនធាន​ធម្មជាតិ ក៏ដូចជា​ការលើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់មូលដ្ឋាន​»​។ 
 

 
​សូមបញ្ជាក់ថា វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) បាន​អញ្ជើញ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​រួមមាន​តំណាង​ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​កិច្ចការនារី ក្រសួង​ដែនដី មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​សាលាខេត្ត​ជាដើម ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ហ្វីលីពីន​។ ក្នុងនោះ​ក៏មាន​សមាជិក​បណ្ដាញ​ព្រៃឈើ និង​បណ្ដាញ​ជនជាតិដើម​ភាគតិច ហៅ​កាត់​ថា​( IPFN) រួមទាំង​បណ្ដាញ​សិទ្ធិ​លំនៅស្ថាន​និង​ដីធ្លី ហៅ​កាត់​ថា (LAHRIN) ផងដែរ​។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​រយៈពេល​៥​ថ្ងៃ គឺ​ពី​ថ្ងៃទី​៩​ដល់​១៣​ធ្នូ​ឆ្នាំ​២០១៩៕ 

Tag:
 ហ្វីលីពីន​
 ​អង្គការ​
 ​សង្គម​ស៊ីវិល​
 NGO
 ​ធនធានធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com