ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Aung La N Sang ចង់បាន​ការប្រកួត​ធំៗ ៣​លើក​នៅ​ឆ្នាំ ២០២០
29, Dec 2019 , 7:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​មាន​កីឡាករ​ជើង​ខ្លាំង​តិចតួច​ណាស់​ដែលមាន​កំណត់​ត្រា​ល្អ​ជាង​ម្ចាស់​ខ្សែក្រវាត់​ពីរ​ស្ថាប័ន ONE World Champion កីឡាករ Aung La N Sang ឬ មានឈ្មោះ​ហៅ​ក្រៅ​ថា «The Burmese Python»​។ ម្ចាស់​ខ្សែក្រវាត់ ONE Middleweight និង Light Heavyweight World Champion បាន​ការពារ​ខ្សែក្រវាត់​ទាំងពីរ​របស់ខ្លួន​បាន​យ៉ាង​ជោគជ័យ​នៅ​ឆ្នាំ ២០១៩​។


 
​កាល​ខែ មីនា Aung La N Sang បាន​ផ្ដួល​កីឡាករ​ជប៉ុន Ken Hasegawa ឲ្យ​សន្លប់​ក្នុងការ​ប្រកួត​សងសឹក​នៅក្នុង​កម្មវិធី ONE: A NEW ERA ហើយ បន្ទាប់មកទៀត​នៅ​ខែ តុលា រូបគេ​បានបញ្ចប់​ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon Vera ឬ «The Truth» នៅក្នុង​កម្មវិធី ONE: CENTURY PART នៅ​ប្រទេស​ជប៉ុន​។ 
 
​យ៉ាងណាក៏ដោយ​វីរបុរស មី​យ៉ាន់​ម៉ា ដែល​ល្បីល្បាញ​នៅ​សង្វៀន ONE Championship រូបនេះ​ស្រេច​ឃ្លាន​នឹង​ការប្រកួត​បន្ថែមទៀត​នៅ​ឆ្នាំ ២០២០ ខាងមុខ​។ 
 
«The Burmese Python» ដែលមាន​វ័យ ៣៤ ឆ្នាំ បាន​ថ្លែង​បែបនេះ​៖« ឆ្នាំ ២០២០ នឹង​ក្លាយជា​ឆ្នាំ​ដ៏​មាន​សារ​សំខាន់បំផុត​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នៅមាន​សុខភាព​មាំមួន ហើយ​ខ្ញុំ​មាន​ក្រុមការងារ​ល្អ​នៅ​ជុំវិញខ្លួន​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​។ ការពិត​ណាស់ ២០២០ ជា​ឆ្នាំ​ដ៏​ស្រេកឃ្លាន​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ស្រេកឃ្លាន​នឹង​ការប្រកួត​ច្រើនជាង​កីឡាករ​ផ្សេង​។ ខ្ញុំ​មិន​ខ្លាច​នឹង​ចាញ់​នោះឡើយ ហើយក៏​អត់​ខ្លាច​បាត់​ខ្សែក្រវាត់​នោះដែរ​។ ខ្ញុំ​មានការ​ផ្ដោតអារម្មណ៍​ច្បាស់លាស់​។ ខ្ញុំ​ត្រូវតែ​ច្បាស់​ក្នុង​ខ្លួន​ថា ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ល្អ​បំផុត​មួយ​»​។ 


 
​បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ Vera កីឡាករ​មាន​រហស្សនាម​ថា «The Burmese Python» ក៏​ចង់បង្ហាញ​បំណង​សម្រក​ទម្ងន់​ដើម្បី​ការពារ​ខ្សែក្រវាត់ middleweight របស់ខ្លួន​ទៀតផង​។ 
 
Aung La N Sang កំពុង​ផ្ដោតលើ​ការប្រកួត​ទម្ងន់ middleweight និង​មាន​កីឡាករ​ក្នុង​ចិត្ត ៣​រូប​ដែល​អាច​ជួប​រូបគេ​នៅ​ឆ្នាំ​ថ្មី​ខាងមុខ​។ «​មាន​កីឡាករ​ម្នាក់​ដែល​មិនទាន់​ចាញ់​សោះ​ពោល​ឈ្នះ ១១ លើក​ជាប់​គ្នា​។ នោះ​គឺ​កីឡាករ​សញ្ជាតិ​ហូ​ឡង់ Reinier de Ridder​។ Ridder ប្រកួត​បាន​២​លើក​នៅ ONE Championship ដោយ​ទទួលបាន​ជ័យជម្នះ​យ៉ាង​លឿន​បំផុត​។ គាត់​សក្ដិសម​នឹង​ការប្រកួត​ទល់​ខ្ញុំ​។ វីរបុរស​មី​យ៉ាន់​ម៉ា រំលឹក​បែបនេះ​។ «​ក្នុងនោះ​ខ្ញុំ​ក៏​មើលឃើញ Vitaly Bigdash និង Leandro Ataides ផងដែរ​។ ពួកគេ​មានការ​ប្រកួតប្រជែង​ខ្ពស់​។ អ្នក​ទាំង ៣ ដែល​រៀបរាប់​នេះ គឺ ស្ថិតក្នុង​ការគិត​រប​ស់​ខ្ញុំ​។ ខ្ញុំ​ពិតជា​ចង់​ជួប​ពួកគេ​។ សូម​រៀបចំ​ការប្រកួត​សម្រាប់​ខ្ញុំ​»​។ ម្ចាស់​ខ្សែក្រវាត់​ពីរ​បន្ថែម​បែបនេះ​។ 
 
De Ridder ពិតជា​ធ្វើ​បានល្អ​ដោយ​ឈ្នះ Fan Rong និង Gilberto Galvao​។ ចំណែក Ataides ដែល​ធ្លាប់​ប្រជែង​ខ្សែក្រវាត់ ONE Middleweight World Title ផង​នោះ​គួរតែ​ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​មួយ​ដែរ​។ រីឯ Bigdash ក៏​អាចធ្វើ​ឲ្យ​ការប្រកួត​ទល់នឹង Aung La N Sang កាន់តែ​កក្រើក​ដែរ​។​
 
​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ពីរ​គូសបញ្ជាក់​ទៀតថា​៖« ខ្ញុំ​គិតថា​ខ្ញុំ​នៅតែ​គ្រង​ខ្សែ​ពីរ​ស្ថាប័ន​ដដែល​។ ខ្ញុំ​នឹង​គ្រង​ខ្សែក្រវាត់ middleweight របស់ខ្ញុំ​និង ចង់​ប៉ះ​គូប្រជែង​ច្រើន​តាមតែ​អាចទៅរួច​។ ខ្ញុំ​នៅតែ​ចង់​ឈ្នះ​»​។ 


 
​ក្រៅពី​ចង់​ការពារ​ខ្សែក្រវាត់ និង ប្រាប់​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ប្រកួត ជើង​ខ្លាំង Aung La N Sang ក៏បាន​ជួយ​ដល់ Vitor Belfort យ៉ាងខ្លាំង​ក្លា​ដើម្បី​ឲ្យ​រូបគេ​បង្ហាញខ្លួន​ដំបូង​នៅ​ឆ្នាំ ២០២០​។ «Vitor និង ខ្ញុំ​ដូចជា​បងប្អូន​អីចឹង​។ ពួកយើង​ជជែក​គ្នា ខ្ញុំ​មិន​ប្រកួត​ទល់នឹង​គេ​នោះទេ​។ យើង​ហាត់​ជាមួយគ្នា​។ ខ្ញុំ​ជួយ​ឲ្យ Vitor អាច​ប្រកួត​នៅ ONE Championship លើកដំបូង​។ ខ្ញុំ​ច្បាស់​ថា​មិន​ប្រកួត​ទល់នឹង​រូបគេ​ឡើយ​»​។ 
 
«The Burmese Python» ដាក់​គោលដៅ​យ៉ាងច្បាស់​នៅ​ឆ្នាំ ២០២០ នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship និង គ្រោង​ប្រកួត​ការពារ​ខ្សែក្រវាត់​ទល់នឹង​ជើង​ខ្លាំងៗ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com