អន្តរជាតិ
ទូរទស្សន៍​ជប៉ុន NHK សុំទោស​ព្រោះ​ជូនដំណឹង​ខុស​ទាក់ទង​ការបាញ់​មី​ស៊ី​ល​កូរ៉េខាងជើង
27, Dec 2019 , 10:59 pm        
រូបភាព
ទីស្នាក់កណ្តាលរបស់ប្រព័ន្ធផ្សព្វផ្សាយសារធារណជប៉ុន NHK, រូបភាព៖Nikkei Asian Review
ទីស្នាក់កណ្តាលរបស់ប្រព័ន្ធផ្សព្វផ្សាយសារធារណជប៉ុន NHK, រូបភាព៖Nikkei Asian Review
​សារព័ត៌មាន​ជប៉ុន NHK នៅ​ថ្ងៃទី​២៧ ខែធ្នូ បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​ខុស ជុំវិញ​បញ្ហា​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េខាងជើង​។ ភ្លាមៗ​បន្ទាប់ពី​ចេញផ្សាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ដោយ​អះអាងថា ការចេញផ្សាយ​បែបនេះ គ្រាន់តែ​ជាកា​ហ្វឹកហាត់​ការជូនដំណឹង​បន្ទាន់​ប៉ុណ្ណោះ​។


 
​ស្ថានការណ៍​នៅ​តំបន់​អាស៊ី​ខាងកើត កំពុងតែ​ជ្រួលច្របល់ នា​ថ្ងៃបុណ្យ​ណូអែល ទី​២៦ ខែធ្នូ ដោយសារ​កូរ៉េខាងជើង បាន​គំរាម​ផ្តល់​កាដូ​ជាទី​ផ្គាប់ចិត្ត​អាមេរិក​នៅ​ចំ​ថ្ងៃនេះ​។ ផុត​ថ្ងៃបុណ្យ​ណូអែល​ត្រឹមតែ​រយៈពេល ២២​នាទី​ប៉ុណ្ណោះ សារព័ត៌មាន​ជប៉ុន NHK បានចេញ​សេចក្តីជូនដំណឹង​មួយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា «​មី​ស៊ី​ល​កូរ៉េខាងជើង ត្រូវបាន​គេ​មើលឃើញថា​ធ្លាក់​ក្នុង​សមុទ្រ ចម្ងាយ​២​ពាន់​គីឡូម៉ែត្រ ពី​ជ្រោយ Cape Erimo កោះ​ហុក​កៃ​ដូ »​។ 
 
​ក្នុង​សេចក្តីជូនដំណឹង​នេះ សារព័ត៌មាន NHK បាន​បញ្ជាក់ថា មី​ស៊ី​ល​នេះ ក៏បាន​ហោះ​រំលង​ទឹកដី​ជប៉ុន​ផងដែរ​។ ប៉ុន្តែ​ត្រឹមតែ​រយៈពេល ៣០​នាទី​ក្រោយ​ប៉ុណ្ណោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ បានចេញ​សេចក្តី​ថ្លែង​ការ​មួយ ដើម្បី​សុំទោស​វិញ​។ តាមរយៈ​ការចេញមុខ​សុំទោស ទាំង​ក្នុង​វេ​ប​សាយ ទូរទស្សន៍ និង​វិទ្យុ​នោះ សារព័ត៌មាន NHK បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « យើង​សុំទោស​អ្នកអាន និង​សាធារណជន​ទាំងអស់​»​។ 
 
​ក្នុងន័យនេះ សារព័ត៌មាន បាន​ពន្យល់ថា សេចក្តីជូនដំណឹង​នេះ គ្រាន់តែ​ធ្វើឡើង​ក្នុង​គោលបំណង​ហ្វឹកហាត់​សេចក្តីជូនដំណឹង​តែប៉ុណ្ណោះ ហើយ​ខ្លួន​នឹង​ទប់ស្កាត់​ព័ត៌មាន​បែបនេះ មិន​ឲ្យ​មាន​លើក​ក្រោយ​ទៀតឡើយ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ជាការ​ពិត ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ NHK គឺជា​ទីភ្នាក់ងារ​មួយ ដែលមាន​តួនាទី​ជូនដំណឹង​ដល់​ប្រជាជន​ជប៉ុន​អំពី​បញ្ហា​ផ្សេងៗ​ដូចជា គ្រោះមហន្តរាយ និង​ការគំរាមកំហែង​សន្តិសុខ​ជាដើម​។ កាលពី​ឆ្នាំ​២០១៧ សារព័ត៌មាន​មួយ​នេះ បាន​ជូនដំណឹង​អំពី​កូរ៉េខាងជើង​ដែល​បាន​បាញ់​បង្ហោះ​មី​ស៊ី​ល​រំលង​ពីលើ​ជ្រោយ Cape Erimo កោះ​ហុក​កៃ​ដូ​ដែរ​។ 
 
​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​សារព័ត៌មាន NHK បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​ខុស​បែបនេះ​។ កាលពីដើម​ខែមករា ឆ្នាំ ២០១៨ សារព័ត៌មាន​មួយ​នេះ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ខុស​ផងដែរ ជុំវិញ​បញ្ហា​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​កូរ៉េខាងជើង​៕

Tag:
 កូរ៉េខាងជើង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com