អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាម​សុង និង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute ប្រចាំឆ្នាំ​២០១៩
27, Dec 2019 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩៖ វគ្គ​បណ្តុះបណ្តាល Samsung Tech Institute មាន​រយៈពេល ៨ សប្តាហ៍ សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​ក្រុមហ៊ុន​សាម​សុង​អេឡិចត្រូនិក​កម្ពុជា លើ​មុខជំនាញ​ជួសជុល ទូរស័ព្ទដៃ​ទំនើប​ថ្មីៗ និង​បរិក្ខារ​អេឡិចត្រូនិក សាម​សុង​។ វគ្គ​បណ្តុះបណ្តាល​នេះ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៥០​នាក់​នោះ នៅពេលនេះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ​។
 
​លោក សឹង​ហូរ ឆ​យ (Mr. Seungho Choi) អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ សាម​សុង អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា គោលដៅ​នៃ​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute គឺ​ដើម្បី​បណ្តុះ​ធនធានមនុស្ស ផ្នែក​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់នូវ​ចំណេះដឹង​ច្បាស់លាស់​ដល់​សិស្ស អំពី​ទ្រឹស្តី និង​ការអនុវត្ត​ជាមួយនឹង​ផលិតផល​អេឡិចត្រូនិក​ទំនើបៗ ដែល​ត្រូវបាន​ប្រើប្រាស់​ជុំវិញ​ពិភពលោក​។​
 
​លោក សឹង​ហូរ ឆ​យ បាន​បន្តថា​៖«​នៅ​សាម​សុង យើង​ឲ្យ​តម្លៃ​ខ្ពស់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម សម្រាប់​ភាព​រីកចម្រើន​ក្នុង​សហគមន៍​។ យើង​ចង់​ឲ្យ​ប្រាកដថា សិស្ស​ទាំងអស់​ដែល​បានបញ្ចប់​ការសិក្សា ពី​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​អាច​ប្រើប្រាស់​ជំនាញ ចំណេះដឹង​របស់​ពួកគេ ដើម្បី​ស្វែងរក​ការងារ​ល្អ ជាមួយ​ប្រាក់ខែ​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់​ពួកគេ ក៏ដូចជា​ចូលរួម​ក្នុងការ​អភិ​វ​ឌ្ឃ​សង្គមជាតិ​»​។​


 
​ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​នេះដែរ លោក យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​កោតសរសើរ និង​រីករាយ​ក្រៃលែង ចំពោះ​ក្រុមហ៊ុន​សាម​សុង ក្នុងការ​លើកកម្ពស់​វិស័យ​បច្ចេកវិទ្យា នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​ថ្លែងថា​៖« តាំង​នាម​ឱ្យ​វិទ្យា​សា្ថ​ន​ទាំងមូល​ខ្ញុំ សូម​អរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង ដែល​បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute នេះ​ឡើង ដើម្បី​ឲ្យ​សិក្ខាកាម​ទាំងអស់​បានដឹង ពី​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន ដែល​យើង​នឹកស្មាន​មិន​ដល់​។ ខ្ញុំ​ជឿជាក់ថា សិស្ស​ដែល​បាន​បញ្ចា​ប់​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​អាច​ប្រើប្រាស់​ចំណេះដឹង​របស់ខ្លួន ដើម្បី​កសាង​អាជីព​ឲ្យ​កាន់តែ​ប្រសើរ ក៏ដូចជា​ចូល​រួច​ជួយ​សង្គម​»​។​
 
​កញ្ញា ប៉េង លី​ណា ជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ទាំងអស់ ដែល​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល Samsung Tech Institute បាន​ឲ្យ​ដឹងថា នាង​ស្រឡាញ់​វិស័យ​អេឡិចត្រូនិក និង​មានបំណង​បើក​មុខរបរ​ផ្ទាល់ខ្លួន ទៅ​ថ្ងៃ​អនាគត​។​
 
​សិស្ស​វ័យ ២១​ឆ្នាំ​រូបនេះ​បាន​ថ្លែងថា ៖«​ខ្ញុំ​មានបំណង​ចូលរៀន​វគ្គ​នេះ​យូរណាស់​ហើយ គឺ​ដើម្បី​ពង្រឹង​ជំនាញ​របស់ខ្ញុំ​បន្ថែមទៀត និង​ជួយ​ឲ្យ​នាង​ខ្ញុំ ងាយស្រួល​ក្នុងការ​បំពេញ​ក្ដី​ស្រមៃ ហើយ​ប្រើប្រាស់​ជំនាញ​របស់ខ្ញុំ ដើម្បី​បើក​កន្លែង​ជុស​ជុល​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ​»​។​
 
​កម្មវិធី​បណ្តុះបណ្តាល Samsung Tech Institute ដែល​បាន​បង្កើតឡើង​មកនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត ក្នុងការ​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​ដល់​សិក្ខាកាម​ជំនាន់​ក្រោយ ឱ្យមាន​ជំនាញ ចំណេះដឹង និង​ទេពកោសល្យ ក៏ដូចជា​ពង្រីក​នូវ​ឱកាស​ការងារ ឱ្យមាន​ភាព​កាន់តែ​ទូលំទូលាយ ជូន​ដល់​សិស្ស​និស្សិត​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​សាម​សុង​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និង​គណៈ​គ្រប់គ្រង​ទាំងអស់ នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ដែល​ធ្វើឱ្យ​វគ្គ​សិក្សា​នេះ​ចេញ​ជា​ផ្លែផ្កា និង​បញ្ចប់​ដោយ​ជោគជ័យ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com