កីឡាអន្តរជាតិ
អន្តរជាតិ
Rodgers ៖ ពិបាក​ណាស់​ដើម្បី​បញ្ឈប់ Liverpool មិន​ឲ្យ​ឈ្នះ Premier League រដូវ​កាល​នេះ​
27, Dec 2019 , 5:19 pm        
រូបភាព
​លោក Brendan Rodgers អ្នកចាត់ការ​ទូទៅ Leicester City ជឿជាក់ថា ជា​រឿង​ពិបាក​បំផុត​ក្នុងការ​រារាំង Liverpool មិន​ឲ្យ​ឈ្នះ​ពាន Premier League រដូវ​កាល​នេះ​។ ការលើកឡើង​របស់ Rodgers បែបនេះ កើតឡើង​ក្រោយ​លោក​មើលឃើញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​កូនក្រុម​លោក Jurgen Klopp ដែល​បាន​យកឈ្នះ Leicester ក្នុង​លទ្ធផល ៤-០​។​


 
​ក្រោយ​ជ័យជម្នះ​នៅក្រៅ​ដី​នា​ជំ​នួន​ថ្ងៃ Boxing Day ហង្ស​ក្រហម​បាន​កើន​ពិន្ទុ​ដល់​៥២​ពិន្ទុ ពោលគឺ​នាំមុខ​ក្រុម​លេខ​២ Leicester ចំនួន​១៣​ពិន្ទុ ក្រោយ​ការប្រកួត​១៩​លើក​។​
 
​ជាមួយនឹង​គម្លាត​១៣​ពិន្ទុ និង​បូករួម​ទាំង​របៀប​លេង​ដ៏​ខ្លាំងក្លា​របស់​ក្រុម Liverpool ផង​នោះ លោក Rodgers ជឿជាក់ថា​ពួកគេ​នឹង​ក្លាយជា​ម្ចាស់​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០១៩-២០ នេះ​មិន​ខាន​។​
 
«​ពិតជា​ពិបាក​បញ្ឈប់​ពួកគេ​ណាស់​។ ខ្ញុំ​គ្មាន​ការសង្ស័យ​ទេ​ចំពោះ Liverpool​នៅពេលនេះ​។ ពួកគេ​ជា​ក្រុម​ដ៏​អស្ចារ្យ និង​ប្រកបដោយ​ការជឿជាក់​ខ្ពស់​បំ​ភុ​ត​។ ពួកគេ​នឹង​ក្លាយជា​ម្ចាស់​ពាន Premier League ហើយ​ពិបាក​ណាស់​ក្នុងការ​បញ្ឈប់​ពួកគេ​នៅ​រដូវ​កាល​នេះ ដ្បិត​ពួកគេ​មាន​កីឡាករ​ប្រកបដោយ​បទពិសោធន៍​គ្រប់គ្រាន់ និង​មាន​គុណភាព​គ្រប់គ្រាន់​ដើម្បី​សម្រេច​ការងារ​របស់​ពួកគេ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកចាត់ការ​សញ្ជាតិ​អៀរ​ឡង់ វ័យ​៤៦​ឆ្នាំ ទៅកាន់​អតីត​ក្រុម​ខ្លួន​។ 
 
​លោក Rodgers ធ្លាប់ជា​អ្នកចាត់ការ​ទូទៅ Liverpool ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៥ មុន​លោក​ផ្លាស់​ទៅ​ក្រុម Celtic នៅ​ឆ្នាំ​២០១៦៕



Tag:
 Brendan Rodgers
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com