ជាតិ
សង្គមជាតិ
ស្ពានអាកាសថ្មើរជើងផ្សារកំពង់ស្ពឺ នឹងសម្ពោធថ្ងៃ២៩ធ្នូ , អាជ្ញាធរ ឲ្យអ្នកបើកបរតាមផ្លូវជាតិលេខ៤ វាងទៅផ្លូវជាតិលេខ៣វិញ
× ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងនៅចំណុចចំណតរថយន្តផ្សារកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៩។ ដោយសារមានពិធីសម្ពោធនេះ អាជ្ញាធរនឹងបិទផ្លូវបណ្តោះអាសន្ន ហើយប្រាប់ឲ្យពលរដ្ឋវៀងទៅផ្លូវផ្សេង ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
ការផ្អាកចរាចរណ៍នៅថ្ងៃទី២៩ ខែឆ្នូនេះ នឹងចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង ១០ព្រឹក។ រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣វិញ។ សម្រាប់រថយន្តទេសចរណ៍គ្រប់ប្រភេទ បញ្ចៀសទៅតាមច្រកកណ្តាលដុំ(ផ្លូវលេខ១០៤ និង១០៥) និងតាមផ្លូវបំបែកត្រង់ចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងត្រង់ចំណុចភ្លើងស្តុបផ្លូវបំបែកច្បារមន។
លោក កែវ គុជសី ប្រធានរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ស្ពានអាកាសថ្មើរជើងនេះ ចំណាយថវិកាអស់ជិត៣២ម៉ឺនដុល្លារ។ លោក បន្តថា ស្ពាននេះ មានបណ្តោយ៣៩ម៉ែត្រ ទទឹង៣ម៉ែត្រ៨តឹក និង កម្ពស់៥ម៉ែត្រ៧តឹក។
សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅចំណុចផ្សារកំពង់ស្ពឺនេះ គឺជាស្ពានអាកាសថ្មើរជើងទី៤ហើយ បន្ទាប់ពីស្ពានអាកាសថ្មើរជើងស្តុបនាងគង្ហីង ស្ពានអាកាសថ្មើរជើងត្រង់សាលាបឋមសិក្សាជម្ពូវ័ន្ត និងត្រង់ចំណុចវិទ្យាល័យចំណេះទូទៅ ហ៊ុន សែនជម្ពូវ័ន ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នសាលារាជធានីភ្នំពេញ ក៏កំពុងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២ចំណុចទៀត គឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងមុខបឋមសិក្សាសន្ធរម៉ុក នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ៕
Tag:
ស្ពានអាកាស
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com