ឆ្នាំ​២០១៩ នេះ យុវជន​ខ្មែរ​ជាង​៥០០​នាក់ បាន​អាហារូបករណ៍​ទៅ​សិ​ស្សា​នៅ​បរទេស​
ជាតិ
ឆ្នាំ​២០១៩ នេះ យុវជន​ខ្មែរ​ជាង​៥០០​នាក់ បាន​អាហារូបករណ៍​ទៅ​សិ​ស្សា​នៅ​បរទេស​
29, Dec 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩​នេះ មាន​និស្សិត​កម្ពុជា​សរុប​ចំនួន ៥៤០​នាក់ ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ហើយ​ក្នុងនោះ​មាន​និស្សិត​ជា​ស្ត្រី​ចំនួន ១៧២​នាក់​។ នេះ​បើតាម​របា​រណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​របាយការណ៍​ស្ដីពី​និស្សិត​អាហារូបករណ៍​កម្ពុជា​ទៅ​សិក្សា​នៅ​បរទេស​នៃ​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា ចំនួន​និស្សិត​ដែល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ មាន​ចំនួន ១៤៦​នាក់​មាន​ស្រី ៤៩​នាក់ ដែល​សិក្សា​នៅ​បណ្ដា​ប្រទេសមួយ​ចំនួន​ដូចជា ចិន ហុង​គ្រី ជប៉ុន រុស្ស៊ី ថៃ និង​វៀតណាម​។ 
 
​សម្រាប់​និស្សិត​សិក្សា​ថ្នាក់បណ្ឌិត​មាន​ចំនួន ១៣​នាក់ ដែល​ក្នុងនោះ​សុទ្ធតែជា​បុរស និង​កំពុង​សិក្សា​នៅតាម​ប្រទេសមួយ​ចំនួន​ដូចជា ចិន ហុង​គ្រី ថៃ និង​វៀតណាម​។ និស្សិត​ដែល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស ចិន ហុង​គ្រី ជប៉ុន ឡាវ រុស្ស៊ី ថៃ និង​វៀតណាម​មាន​ចំនួន ៣៩០​នាក់ មាន​ជា​ស្ត្រី​ចំនួន ១២២​នាក់​។ ចំពោះ​និស្សិត​ដែល​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​មាន​ចំនួន ២១​នាក់ មាន​ជា​ស្ត្រី​ម្នាក់ ហើយ​កំពុង​សិក្សា ៣​ប្រទេស​ដូចជា​ប្រទេស​ជប៉ុន សឹង្ហ​បុរី ថៃ​ផងដែរ​។​
 
​បើតាម​របាយការណ៍​ដ​ដែល ចំនួន​និស្សិត​បរទេស​មាន​ចំនួន​សរុប ១៥៥​នាក់ មាន​ជា​ស្ត្រី​ចំនួន​៧១​នាក់ ដែល​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ក្នុងនោះ​និស្សិត​បរទេស​ដែលជា​ជនជាតិ​ចិន​មាន​ចំនួន ៨៤​នាក់ មាន​ជា​ស្ត្រី​ចំនួន ២៧​នាក់ ហើយ​កំពុង​សិក្សា​ថ្នាក់​បណ្ដុះបណ្ដាល​, ថ្នាក់​បរិញ្ញាបត្រ​, បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅ​សកល​វិទ្យាល័យ​រាជបណ្ឌិតសភា និង​ភូមិន្ទ​ភ្នំពេញ​។ 
 
​និស្សិត​ដែល​មកពី​ប្រទេស​ឡាវ​មាន​ចំនួន ៥៤​នាក់ មាន​ស្រី ២៩​នាក់ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, ភូមិន្ទ​នី​តី​សាស្ត្រ និង​វិទ្យាសាស្ត្រ និង​ភូមិន្ទ​វិចិត្រសិល្បៈ​។ ចំពោះ​និស្សិត​ដែល​មកពី​ប្រទេស​ចិន​មាន​ចំនួន​សរុប​គឺ ១៥​នាក់ ជា​ទាំងអស់ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ផងដែរ​។ 
 
​បន្ថែមទៀត​នោះ ក៏មាន​និស្សិត​អាហារូបករណ៍​ជា​ស្ត្រី​ស្នាក់នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​មាន​ស​សរុប​ចំនួន ៦៤២​នាក់ ក្នុងនោះ​និស្សិត​ទាំងអស់​ត្រូវបាន​បែង​ចែកជា ៥​អាគារ​សម្រាប់​និស្សិត​ស្នាក់នៅ ដែល​អាគារ A, B, C, F សម្រាប់​និស្សិត​ជា​ស្ត្រី និង​អាគារ E សម្រាប់​និស្សិត​ជា​បុរស​ផងដែរ​៕ 

Tag:
 អប់រំ​
  អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com