តាមរយៈគោលនយោបាយ និងអំណាច បណ្តាមេដឹកនាំមកពីនូវែលសេឡង់ បារាំង ឥណ្ឌា ចិន និងសហរដ្ឋអាមេរិក មានឥទ្ធិពលខ្លាំងលើពិភពលោកជាងមេដឹកនាំដទៃទៀត ក្នុងឆ្នាំ២០១៩។ ដោយផ្អែកលើការជ្រើសរើសរបស់ទស្សនាវដ្តី Time អ្នកទាំងនោះគឺមាន លោក ស៊ី ជីងភីង ប្រធានាធិបតីចិន, លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក, លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា, លោកស្រី ហ្សាស៊ីនដា អារឌែន នាយករដ្ឋមន្ត្រីនូវែលសេឡង់ និងលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន
នៅថ្ងៃ ០១ តុលា ឆ្នាំ២០១៩ ក្បួនព្យុហយាត្រាដ៏ធំសម្បើមលើសពេលណាៗទាំងអស់ ដែលរួមមាន រថគ្រោះ មីស៊ីលនុយក្លេអ៊ែរ និងកងទ័ព បានធ្វើដំណើរក្នុងរដ្ឋធានី ប៉េកាំង ដើម្បីអបអរគម្រប់ខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ឈរនៅមុខបរិវេណ Forbidden City លោក ស៊ី ជិនភិង បានប្តេជ្ញាថា៖«គ្មានកម្លាំងណាមួយអាចបញ្ឈប់ប្រជាជនចិន និងប្រជាជាតិចិនពីការបោះពួយទៅមុខឡើយ»។
យ៉ាងណាក៏មានរឿងហេតុដែលបានកើតឡើងក្នុងឆ្នាំនេះដោយព្យាយាមសម្រេចរឿងនេះផងដែរ។ នោះគឺ កាលពីពាក់កណ្ដាលខែមិថុនា ពលរដ្ឋហុងកុងជិត២លាននាក់បាននាំគ្នាចេញតវ៉ាតាមដងផ្លូវដើម្បីទាមទារកំណែទម្រង់ប្រជាធិបតេយ្យ, សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានបង្អក់កំណើនសេដ្ឋកិច្ចរបស់ចិន និងការថ្កោលទោសពីសំណាក់អង្គការសហប្រជាជាតិជុំវិញការចាប់ខ្លួនជនម៉ូស្លីមដល់មួយលាននាក់ក្នុងខេត្តស៊ីនជាំង។
ក៏ប៉ុន្តែគ្មានរឿងណាមួយខាងលើ បានធ្វើឥទ្ធិពលនិងអំណាចលោកស៊ី ជិនភីងធ្លាក់ចុះឡើយ។ តាមរយៈការផ្សព្វផ្សាយគោលនយោបាយ (លម្អៀង) និងការរឹតត្បិតសិទ្ធិសេរីភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយ (censorship) បក្សកម្មុយនីស្តចិនដែលលោកដឹកនាំ បានជួយលោកស៊ីប្រែក្លាយសម្ពាធពីខាងក្រៅឲ្យទៅជាកម្លាំងខាងក្នុង។ «ក្តីសុបិនចិន» ដែលជាផែនការមេរបស់លោកក្នុងការធ្វើឲ្យប្រជាជាតិក្លាយជាមហាអំណាចផុតលេខ កំពុងរងគ្រោះមួយផ្នែក ប៉ុន្តែពុំទាន់បាត់បង់ឡើយ។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក
ក្នុងឆ្នាំទី៣ក្នុងអាណត្តិជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្វើរឿងជាច្រើន។ លោកលោកបានដើរចូលទៅជាន់ទឹកដីកូរ៉េខាងជើង។ លោកបានប្រកាសអាសន្នជាតិមួយសម្រាប់ព្រំដែនអាមេរិកជាមួយប្រទេសម៉ិចស៊ិក។ លោកបានទទួលស្គាល់តំបន់ជម្លោះ Golan Heights ជាដែនអធិបតេយ្យភាពរបស់អ៊ីស្រាអែល។
ហើយលោក ក៏បានទាញយកគុណសម្បត្តិសម្រាប់ការពង្រឹងសេដ្ឋកិច្ចអាមេរិកដែលធ្វើឲ្យអត្រានិកម្មភាពមានកម្រិតទាបបំផុតគួរឲ្យកត់សម្គាល់។ លោកបានប្រើប្រាស់អំណាចបក្សសាធារណរដ្ឋដែលគ្រប់គ្រងព្រឹទ្ធសភាជ្រើសតាំងចៅក្រមអភិរក្សនិយម។ ទន្ទឹមនេះ លោកពុំសូវខ្វាយខ្វល់ពីនីតិវិធីដកតំណែងលោកពីសំណាក់បក្សប្រជាធិបតេយ្យ បើទោះជាមាត្រាចោទប្រកាន់លើលោក ត្រូវបានអនុម័យនៅសភាតំណាង ព្រោះថានៅពេលដល់ដៃព្រឹទ្ធសភា ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋរបស់លោក វាទំនងពុំអាចឆ្លងផុតឡើយ។
លោក នារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា
ក្នុងឆ្នាំ២០១៩ លោក នារិន្ទ្រា ម៉ូឌី បានចាប់ផ្តើមអាណត្តិទីពីររបស់លោក ដោយបក្ស Bharatiya Janata (BJP) របស់លោក បានយកជ័យជម្នះភ្លុកទឹកភ្លក់ដីក្នុងការបោះឆ្នោះដែលប្រើរាប់ខែទើបបញ្ចប់ ។ ជោគជ័យនេះ បានប្រែក្លាយលោក ម៉ូឌី ជានាយករដ្ឋមន្ត្រីដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ក៏ប៉ុន្តែខណៈលោក ម៉ូឌី ប្រឹងក្តោបអំណាចកាន់តែខ្លាំង ជនម៉ូស្លីមដែលរស់នៅក្នុងប្រទេសឥណ្ឌា ដែលមានចំនួនដល់១៤ភាគរយនៃប្រជាជនសរុប កំពុងចោទជាសំណួរថាតើពួកគេអាចត្រូវរាប់បញ្ចូលជាប្រជាជនឥណ្ឌាតទៅទៀតឬយ៉ាងណា។ ហេតុផលគឺថា បក្សរបស់លោកម៉ូឌី បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជាតិនិយមបែបសាសនា Hindu ដែលជានយោបាយអត្តសញ្ញាណមួយ (identity politics) នៃក្រុមអ្នកកាន់សាសនាភាគច្រើន ។ ក្នុងខែសីហា លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានបញ្ចប់ស្វ័យ័តភាពដែលអាស្រ័យតាមធម្មនុញ្ញរបស់តំបន់ កាស្មៀរ ដែលជារដ្ឋមានអ្នកកាន់សាសនាឥស្លាមច្រើនតែគត់របស់ឥណ្ឌា ដោយការដាក់បម្រាមក្នុងការដើរហើរ និងដាក់គុកមេដឹកនាំនយោបាយ។
លោកស្រី ហ្សាស៊ីនដា អារឌែន នាយករដ្ឋមន្ត្រីនូវែលសេឡង់
កាយវិកាយ មើលទៅសាមញ្ញ តែមានឥទ្ធិពលមុតស្រួច។ មិនដល់២៤ម៉ោងផងក្រោយក្រុមជ្រុលនិយមដែលមាននិន្នាការស្តាំនិយមជ្រុល (far-right) បានបាញ់សម្លាប់រង្គាលមនុស្ស៥០នាក់ក្នុងវិហារឥស្លាមចំនួន២ ក្នុងខែមីនាកន្លងទៅ លោកស្រីនាយករដ្ឋមន្ត្រី ហ្សាស៊ីនដា អារឌែន បានពាក្យកន្សែងហ៊ីចាប់ (Hijab) ពណ៌ខ្មៅមួយ ចេញទៅជួបសមាជិកនៃសហគមន៍អ្នកកាន់សាសនាឥស្លាម ហើយស្តាប់ភាពភ័យខ្លាចពួកគេនិងចូលរួមចែករំលែកទុក្ខសោកសៅមួយនេះ។ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការវាយប្រហារនេះ លោកស្រី បានជំរុញឲ្យធ្វើកំណែទម្រង់ច្បាប់អាវុធ។
នៅពេលលោកស្រីបានចូលកាន់អំណាចក្នុងខែតុលា ឆ្នាំ២០១៧ នៅអាយុ ៣៧ឆ្នាំ លោកស្រីបានក្លាយជាមេដឹកនាំជាស្ត្រីមានវ័យក្មេងបំផុតរបស់ពិភពលោក។ លោកស្រីបានពន្លឿនដំណើរការនៃការអនុវត្តគោលនយោបាយជាច្រើន ជាពិសេស គឺផ្តោតសំខាន់លើបញ្ហាបរិស្ថាន។ ក្រោមការដឹកនាំរបស់លោកស្រី អារឌែន រដ្ឋាភិបាលនូវែលសេឡង់ បានហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិក (single-use), ដាំដើមឈើ១៤០លានដើម និងបានអនុម័តសំណើច្បាប់ដោយដាក់ចេញគោលដៅ លែងបញ្ចេញឧស្ម័ន CO2 ដល់កម្រិត ០ ត្រឹមឆ្នាំ២០៥០។ លោកស្រី ក៏បានបន្ថែមថ្ងៃឈប់សម្រាក (ទទួលបានប្រាក់ខែ) រហូតដល់៦សប្តាហ៍ សម្រាប់បុគ្គលិកដែលជាឪពុកម្តាយ ក្រោយស្ត្រីជាម្តាយផ្តល់កំណើតដល់កូន។
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង
ពាក់ផ្លូវនៃអាណត្តិ៥ឆ្នាំជាប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចុងក្រោយ បានលេចមុខជា មេដឹកនាំ (de facto) របស់សហភាពអឺរ៉ុប។ ខណៈអធិបការបតីអាល្លឺម៉ង់លោកស្រី អង់ហ្គេឡា មឺគែល (Angela Merkel) ហៀបនឹងចូលនិវត្តន៍ ហើយចក្រភពអង់គ្លេសកំពុងប្រឈមនឹងការលែងលះជាមួយអឺរ៉ុប មេដឹកនាំបារាំងវ័យក្មេងរូបនេះ បានចេញមុខចេញមាត់លើកឡើងពីបញ្ហានានដែល EU កំពុងជួបទះ ដែលរាប់ចាប់ពី អាកាសធាតុ, ពាណិជ្ជកម្មសកល, ទណ្ឌកម្មអ៊ីរ៉ង់, ឥទ្ធិពលរុស្ស៊ី និងការងើបឡើងរបស់ចិន។
ជារឿងគួរឲ្យភ្ញាក់ផ្អើល ក្នុងខែវិច្ឆិកា លោក ម៉ាក្រុង បានចាត់ទុកអង្គការសន្តិសុខ ណាតូ ថា «ស្លាប់ខួរក្បាល» ដោយផ្តល់យោបល់ថា សហភាពអឺរ៉ុប ត្រូវការសម្ព័ន្ធយោធាផ្ទាល់ខ្លួនមួយ ហើយទំនងជាដឹកនាំដោយបារាំងផង។ ក្នុងទីក្រុង ប៉េកាំង នៅខែដដែល លោកបានដើរពិនិត្យកងទ័ពជាមួយលោកស៊ី ជិនភីង និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអាកាសធាតុ៕