ជាតិ
វីដេអូ
ជនជាតិដើម​ភាគតិច​ទំពួន អ្នកស្រី បឺត ដុង ចង់​ឲ្យ​អ្នក​ដែល​ចេះ​ត្បាញ បង្រៀន​កូនចៅ​ឲ្យ​ចេះ​ដែរ​
29, Dec 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​រតនគិរី​៖ តម្បាញ​ជនជាតិដើម​ភាគតិច កំពុង​ប្រឈម​នឹង​ការបាត់បង់​។  អ្នកស្រី បឺត ដុង ជនជាតិដើម​ភាគតិច​ទំពួន ជា​អ្នក​ដែល​ចេះ ចាំ​កិច្ចការងារ​តម្បាញ ក្នុងចំណោម​អ្នក​នៅ​ចេះ​ចាំ​ដ៏​តិចតួច​។ រស់នៅក្នុង​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រន​ត​គិរី ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ អះអាងថា ការងារ​តម្បាញ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជនជាតិភាគតិច​ទំពួន​។ ខណៈពេលដែល ជនជាតិដើម​ភាគតិច​ទំពួន​ខ្លួនឯង មិនសូវ​ចង់​ចេះ ចង់​រៀន​ត្បាញ រីឯ​អ្នក​ដែល​នៅ​ចេះ ចាំ​កិច្ចការ​នេះ ក៏​កាន់តែ​ខ្សត់ ស្ត្រី​ជនជាតិដើម​ភាគតិច​ទំពួន​រូបនេះ​បារម្ភ ថា​អាច​បាត់​រូបភាព​តម្បាញ​ជនជាតិ​ដើម​ភាគតិច នៅពេល​អនាគត​។ អ្នកស្រី បឺត ដុង  ចង់​ឲ្យ​ចំណេះដឹង​តម្បាញ​នេះ ត្រូវបាន​ផ្ទេរ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ដូចដែល​អ្នកស្រី បាន​បង្រៀន​កូន​របស់ខ្លួន​ដែរ ដើម្បី​រួមចំណែក​រក្សា​ប្រព​ពៃ​ណី​តម្បាញ​ឲ្យ​រស់រាន​យូរអង្វែង​។​

 
​ក្រមា​ពណ៌​ក្រហម​លាយ​ខ្មៅ កន្សែង​ផ្ទៃមេឃ​លា​យស និង​ភួយ​ពណ៌​ខ្មៅ ឆ្នូត​ស ចំនួន ៤-៥ ត្រូវ​បានដាក់​តម្រៀប​គ្នា​នៅលើ​ស្នួរ​ឫស្សី ដែល​ត្រូវបាន​ភ្ជាប់​នៅ​ចន្លោះ​សរសរ​ផ្ទះ​ឈើ​។ ក្រណាត់​ភួយ​មួយ​ផ្ទាំង នៅលើ​កី​ដែល​ចង់ភ្ជាប់​នឹង​សរសរ​ក្រោមផ្ទះ​ដែរនោះ ក៏​កំពុង​ត្រូវបាន​ត្បាញ​យ៉ាង​ចិត្ត​ទុកដាក់​ដែរ​។ ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នាក់ទៀត កំពុង​អន្ទងអំបោះ មុននឹង​យកទៅ​ត្បាញ​ជា​សំពត់​ពណ៌​ផ្កាឈូក​ខ្ចី ឆ្នួត​សលាយ​ខ្មៅ​។ ស្ត្រី​ម្នាក់នេះ ឈ្មោះ បឺត ដុង ដែលជា​ជនជាតិដើម​ភាគតិច ហើយ​គាត់​ក៏មាន​សម្បុរ​ស សម្បូរ​សាច់​ដែរ​។ 
 
 
​នេះ​គឺជា​ទិដ្ឋភាព​នៅក្រោម​ផ្ទះ​របស់ អ្នកស្រី បឺត ដុង ដែលជា​ជនជាតិដើម​ភាគតិច​ទំពួន រស់នៅក្នុង​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។ បើ​មើល​ការ​ស្លៀកពាក់ គេ​មិនអាច​សម្គាល់​បានទេ ថា​ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ ជា​ជនជាតិដើម​ភាគតិច​ទំពួន​។ គាត់​ពាក់​អាវយឺត​ពណ៌​ផ្កាឈូក​ដែលមាន​អក្សរ​«​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩» និង​ស្លៀក​សា​រ៉ុង​ដែលមាន​ផ្កា​ចម្រុះ​ពណ៌​។ 
 
​កំពុង​អង្គុយ​អន្លង​អំបោះ​សម្រាប់​ត្បាញ​កន្សែង​នៅក្រោម​ផ្ទះ អ្នកស្រី បឺត ដុង ពន្យល់ថា មូលហេតុ​ដែល​គាត់​នៅ​បន្តការងារ​ត្បាញ​នេះ ដោយសារតែ​គាត់​ចង់​រក្សា​ប្រពៃណី​តម្បាញ​ដែលជា​កេរ​មរតក​របស់​ដូនតា​។ ក្រៅពីនេះ ការងារ​តម្បាញ​អនុញ្ញាត​ឲ្យ​គាត់​មាន​ចំណូល​បន្ថែម មាន​ពេលវេលា​មើលថែ​កូនប្រុស​ស្រី​ទាំង​៤​នាក់​របស់ខ្លួន និង​ធ្វើ​កិច្ចការ​ផ្ទះ​ផង​។ «​ខ្ញុំ​ត្បាញ​ព្រោះ​ខ្ញុំ​អត់​ចោល​ប្រពៃណី​។ ខ្លាច​បើ​អត់​មាន​គេ​លើក​សំពត់ អាវ​នៅ​ផ្សារ យើង​អត់​មាន​សំពត់​ស្លៀក បើ​យើង​អត់​ចេះ​ត្បាញ​។ បើ​យើង​ចេះ​ត្បាញ អត់​ខ្លាច​ទេ យើង​ដាំ​កប្បាស​ខ្លួនឯង យើងរ​វ៉ៃ​ជា​អំបោះ យើង​ត្បាញ​បាន​ខោ បាន​សំពត់ បាន​អាវ​ដែរ​។ យើង​ចេះ​កាត់ ចេះ​ដេរ​ដែរ​។ បាន​ខ្លាច​ចោល​ប្រពៃណី ចង់​ថែរក្សា​រហូត​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់ អ្នកស្រី បឺត ដុង​។ 


 
​ជា​ការងារ​ប្រចាំថ្ងៃ​ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី​ត្បាញ​មិនបាន​ច្រើន​ឡើយ​។ មាន​ទឹកមុខ​ញញឹម​ជាប់ និង​រួសរាយ​រាក់ទាក់ អ្នកស្រី បឺត ដុង ឲ្យ​ដឹងថា ក្រមា​តូច​ល្មម​មួយ ក៏ត្រូវ​ចំណាយ​យ៉ាងតិច​៥​ថ្ងៃ រីឯ​ការ​ត្បាញ​ក្រមា​អំបោះ ឬ​ភួយ ត្រូវការ​ពេល​ពី ១០​ថ្ងៃ ទៅ​១​ខែ​ឯណោះ​។ អ្នកស្រី បឺត ដុង រៀបរាប់​ដូច្នេះ​៖«​បើ​យើង​ត្បាញសំពត់ ១០​ថ្ងៃ​ហើយ​មួយ​។ បើ​យើង​ត្បាញ​ក្រមា​ហ្នឹង ៥​ថ្ងៃ​ហើយ​មួយ ដូច​ប៉ឹង​ដែរ​។ បើ​យើង​ត្បាញ​ភួយ ១​ខែ​ហើយ​មួយ បើ​យើង​ត្បាញ​ជាប់​រហូត​»​។​
 
​សម្រាប់​តម្លៃ​វិញ កន្សែង​មួយ អ្នកស្រី បឺត ដុង អាច​លក់បាន​មួយ ២​ម៉ឺន​រៀល ក្រមា និង​ប៉ឹង អាច​លក់បាន​១០​ម៉ឺន​រៀល​។ រីឯ​ភួយ​ដែលជា​ទូទៅ​មាន​ក្បាច់រចនា​ច្រើន និង​ចំណាយពេល​ប្រមាណ​១​ខែ​ក្នុងការ​ត្បាញ​នោះ អាច​លក់បាន​តម្លៃ ៤០​ម៉ឺន​រៀល​។ 
 
​អ្នកស្រី បឺត ដុង​៖ អ្នក​ដែល​ចេះ​ត្បាញ ត្រូវ​បង្រៀន​ទៅ​កូនចៅ​ឲ្យ​ចេះ​ដែរ​
 
​សម្រាប់ អ្នកស្រី បឺត ដុង តម្បាញ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជនជាតិភាគតិច​ទំពួន​។ ដ្បិត​បច្ចុប្បន្ន អ្នកស្រី​បឺត ដុង បាន​ចេះ​ចាំ​ស្ទាត់​ការ​ត្បាញ​ក្រមា សំពត កន្សែង និង​ភួយ​ជាដើម​មែន ប៉ុន្តែ​ស្ត្រី​ការងារ​តម្បាញ​ក៏​លំបាក​មិន​ស្ទើរ​ដែរ ពោលគឺ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការធ្វើ និង​ជាពិសេស​ទាមទារ​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​។  
 
​បច្ចុប្បន្ន តម្បាញ​កំពុង​ប្រឈម​នឹង​ការបាត់បង់​។ ជនជាតិដើម​ភាគតិច​ទំពួន​ខ្លួនឯង មិនសូវ​ចង់​ចេះ ចង់​រៀន រីឯ​អ្នក​ដែល​នៅ​ចេះ ចាំ​កិច្ចការ​តម្បាញ​នេះ ក៏​កាន់តែ​ខ្សត់​។ បើតាម​អ្នកស្រី បឺត ដុង នៅក្នុង​ភូមិ​ភ្នំ​របស់ខ្លួន នៅសល់តែ​ប្រមាណ​១០​គ្រួសារ​ប៉ុណ្ណោះ ដែល​នៅ​រក្សា​ប្រពៃណី​តម្បាញ​ជនជាតិដើម​ភាគតិច​ទំពួន​នេះ​។ នេះ​ជា​ចំនួន​ដ៏​តិចតួច ហើយ​ដែល​បានធ្វើ​ស្ត្រី​ជនជាតិដើម​ភាគតិច​រូបនេះ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង ថា​អាច​បាត់​រូបភាព​តម្បាញ​ជនជាតិ​ដើម​ភាគតិច នៅពេល​អនាគត​។ សម្រាប់​ជនជាតិដើម​ភាគតិច​ទំពួន​រូបនេះ ចង់​ឲ្យ​ចំណេះដឹង​តម្បាញ​នេះ ត្រូវបាន​ផ្ទេរ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ អ្នកស្រី បឺត ដុង បញ្ជាក់​ដូច្នេះ​ថា​៖ «​ចង់​ឲ្យ​កូន​ចេះ​ដែរ ឲ្យ​កូន​មើល​យើង​ត្បាញ ឲ្យ​កូន​ចេះ​។ ចង់​ឲ្យ​តម្បាញ​នៅ​ឲ្យ​យូរ ត​កូន ត​ចៅ​។ បើ​កូន​ខ្ញុំ​ចេះ បង្រៀន​ទៅ​គេ​ត​ទៅមុខទៀត​! ឲ្យ​យូរ​»៕





© រក្សាសិទ្ធិដោយ thmeythmey.com