អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ក្រសួង​រៀបចំ​ដែនដី បានចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​ជាង​៥,៥​លាន​ប័ណ្ណ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​
29, Dec 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
គិត​ត្រឹម​ពាក់ កណ្តាល​ខែធ្នូ ឆ្នាំ ២០១៩​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​ប័ណ្ណកម្មសិទ្ធិ​ដី បាន​ចំនួន ៥,៥៧១,៤២២ ប័ណ្ណ ស្មើនឹង​ប្រមាណ ៧៩,៥៩ ភាគរយ នៃ​ក្បាលដី​សរុប ដែល​ប៉ាន់ស្មាន​ប្រមាណ ៧ លាន​ក្បាលដី​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រសួង​ដែនដី​។​
 
​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ នឹងចូលរួម​ធានា​សុវត្ថិភាព នៃ​ការកាន់កាប់​ដី បញ្ចៀស​វិវាទ លើក​តម្លៃ​សេដ្ឋកិច្ច​នៃ​ដី និង​បង្កើតជា​ទុន សម្រាប់​ការអភិវឌ្ឍ​ទៀតផង​។ ក្រសួង​រៀបចំ​ដែនដី បាន​ឲ្យ​ដឹងថា​ប័ណ្ណកម្មសិទ្ធិ ក៏​ចូលរួមចំណែក​ធ្វើឱ្យ​ម្ចាស់​ដី មាន​ភាពនឹងនរ​ចិត្ត និង​អាច​សម្រេចចិត្ត​ក្នុងការ​ប្រើប្រាស់ ឬ​អភិវឌ្ឍ​ដី​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់ និង​ជឿជាក់​ជាង​មុន​។​
 
​លើសពីនេះ​ទៀត ការចុះបញ្ជី​ដី ក៏​ជួយ​ដល់​រដ្ឋ​ក្នុងការ​គ្រប់គ្រង​ការប្រមូល​ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​លើ​អចលនវត្ថុ បង្កើន​ប្រាក់ចំណូល​ដល់​ថវិកាជាតិ​ផងដែរ​។​
 
​នៅក្នុង​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រេច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី ចំនួន ៤៤៣,៥៩៨​ប័ណ្ណ និង​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន ៣៥៣,៤៣៣​ប័ណ្ណ​។ ប័ណ្ណកម្មសិទ្ធិ​ទាំងនោះ​រួមមាន​៖
 
​ទី​១. កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​៖​បានប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ចំនួន ៧៤៤​ភូមិ បាន​បិទ​ផ្សាយ​ជា​សាធារណៈ ចំនួន ៥៧៧ ភូមិ ស្មើនឹង ៥២៩,៩៥០ ក្បាលដី ចេញ​ប័ណ្ណ​ចំនួន ៤៤២,០៣៦​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៥១,៨៧១ ប័ណ្ណ (​ក្នុងនោះ​សម្បទាន​ដី​សង្គមកិច្ច​បាន ៣,១៤០ ប័ណ្ណ​)​។​
 
​ទី​២. ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​៖ សម្រេចបាន​១,៥៦២​ប័ណ្ណ (​ដី​រដ្ឋ​បាន ៨៥    ប័ណ្ណ ទំហំ​៤៣,៤៣៥ ហិកតា ដីឯកជន​របស់​បុគ្គ​ល​ឯកជន បាន ១,៣៤២ ប័ណ្ណ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច បាន ៦​សហគមន៍ ស្មើនឹង ១៣៥ ប័ណ្ណ ទំហំ ៥,៨៤០.៥២​ហិកតា ស្មើនឹង ៤៦៥ គ្រួសារ​)​។​
 
​សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្តើម​អនុវត្ត ដល់​ត្រឹម​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ក្រសួង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​បាន​ចំនួន ៥,៥៧១,៤២២ ប័ណ្ណ ស្មើនឹង ៧៩,៥៩% នៃ​ក្បាលដី​ប៉ាន់ស្មាន​ជាង ៧ លាន​ក្បាលដី​។​
 
​ក្នុងនោះ ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ សម្រេចបាន ៤,៩ លាន​ប័ណ្ណ និង​ចែក​ប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ចំនួន ៤,៦១៣,៤៦១ ប័ណ្ណ (​ក្នុងនោះ​តាម​បទបញ្ជា​លេខ ០១​បប បាន​ចំនួន ៦៤២,៦០៣ ប័ណ្ណ សម្បទា​ដី​សង្គមកិច្ច​បាន​ចំនួន ៦,៥០៤ ប័ណ្ណ​) និង​ការចុះបញ្ជី​ដី​មាន​លក្ខណៈ ដាច់​ដោយ​ដុំ​សម្រេចបាន ៦១៧,៤៤៣ ប័ណ្ណ (​ដី​រដ្ឋ​បាន ១,៨៥៤ ប័ណ្ណ ទំហំ ៧៧៨,៧២៥ ហិកតា ដីឯកជន​របស់​បុគ្គ​ល​ឯកជន​បាន ៦១៤,៧៧០ ប័ណ្ណ និង ដី​សហគមន៍​ជនជាតិដើម​ភាគតិច​បាន ៣០ សហគមន៍​ស្មើនឹង ៨១៩ ប័ណ្ណ ទំហំ ២៨,៥២២.៥២ ហិកតា​សម្រាប់ ៣,០៣៣ គ្រួសារ​)៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com