កីឡាអន្តរជាតិ
អន្តរជាតិ
ឬ​សគល់​ដ៏​ចំណាស់​នៃ​កីឡា​រត់ប្រណាំង «​ម៉ារ៉ាតុន​»
29, Dec 2019 , 3:29 pm        
រូបភាព
ដោយ:
​កីឡា «​ម៉ារ៉ាតុន​» ប្រហែល​មាន​ឬ​សគល់​ចំណាស់ ក៏ប៉ុន្តែ​ការរត់​ប្រណាំង​ជា​ផ្លូវការ ដែលមាន​រយៈ​ចម្ងាយ ២៦,២ miles (៤២,១​គីឡូម៉ែត្រ​) ពុំទាន់​ចាប់កំណើត​ឡើយ រហូតដល់​សតវត្សរ៍​ទី​២០​។ កីឡា ម៉ារ៉ាតុន លើកទីមួយ  ត្រូវបាន​រៀបចំឡើង​ក្នុង​ទីក្រុង​អាថែន (Athens) នៅ​កីឡា​អូឡាំពិក​ឆ្នាំ​១៨៩៦​។ វិញ្ញាសា​បុរាណ​នានា​ដែល​បាន​រៀបចំឡើង​ក្នុងប្រទេស​ក្រិ​ក ចន្លោះ​ឆ្នាំ​៧៧៤ មុន​គ្រឹ​ស្ត​សករាជ​ដល់ ៣៩៣ គ​.​ស ពុំបាន​រាប់បញ្ចូល​ការរត់​ប្រណាំង​រយៈ​ចម្ងាយ​វែង​បែប​នេះឡើយ​។

 
​គំនិត​នៃ​កីឡា «​ម៉ារ៉ាតុន​» សម័យ​ទំនើប ត្រូវបាន​បំផុស​ឡើង​ដោយ​ដំណើររឿង (legend) របស់​អ្នក​នាំសារ ក្រិ​ក បុរាណ​ម្នាក់ ដែល​បាន​រត់​ពី​តំបន់ ម៉ារ៉ាតុន ទៅកាន់ អាថែន (​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ ឬ​ជិត ២៥ miles) ។ គោលដៅ​គឺ​ដើម្បី​ប្រកាស​ពី​ជោគជ័យ​ដ៏​សំខាន់​មួយ​របស់​កងទ័ព​ក្រិ​កលើ​កងទ័ព​ឈ្លានពាន​របស់​ពែ​ក្ស (Persians) ក្នុង​ឆ្នាំ ៤៩០ មុន​គ​.​ស​។ 
 
​ក្រោយពី​ប្រកាស​ពី​ដំណឹង​នេះ អ្នករត់​នាំសារ​រូបនោះ ដោយហេតុថា អស់កម្លាំង​ខ្លាំងពេក បាន​ដួល ហើយ​ស្លាប់​បាត់ទៅ​។ ដើម្បី​ជាការ​ចងចាំ​ដល់​ការរត់​នេះ រយៈ​ចម្ងាយ​របស់​កីឡា ម៉ារ៉ាតុន នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ​១៨៩៦ បានកំណត់​យក ៤០​គីឡូម៉ែត្រ​។ ក្នុង​ឆ្នាំ ១៩២១ កីឡា ម៉ារ៉ាតុន ត្រូវ​បានកំណត់​បទដ្ឋាន​ជា​ផ្លូវការ នៅ​រយៈ​ចម្ងាយ ២៦,២ miles ឬ​ស្មើនឹង ៤២,១៩៥​គីឡូម៉ែត្រ​។ 
 
​សម្រាប់​បច្ចុប្បន្ននេះ កីឡា​រត់ប្រណាំង «​ម៉ារ៉ាតុន​» ត្រូវបាន​គេ​រៀបចំឡើង​គ្រប់​ទិស​ទៅ ចាប់ពី​តំបន់​ប៉ូល​ខាងជើង ទៅ មហាកំពែង​ចិន​។ ក្នុង​សហរដ្ឋអាមេរិក​តែ​ឯកឯង វា​មាន​ព្រឹត្តិការណ៍​នេះ​ច្រើនជាង ១១០០​លើក ជា​រៀងរាល់ឆ្នាំ​។ ជាច្រើន​ទសវត្សរ៍ កីឡា​ម៉ារ៉ាតុន បាន​បើក​ឲ្យ​ចូលរួម​សម្រាប់តែ​អត្ត​ព​លិ​ក​ភេទ​ប្រុស​ប៉ុណ្ណោះ​។ ហើយ​កីឡា​ម៉ារ៉ាតុន​អូឡាំពិក​លើក​ទី ១ សម្រាប់​អត្ត​ព​លិ​ក​ស្ត្រី ទើបតែ​ត្រូវបាន​រៀបចំឡើង ក្នុង​ឆ្នាំ​១៩៨៤៕

© រក្សាសិទ្ធិដោយ thmeythmey.com