ជាតិ
ស្រា​ក្រឡុក ឬ Cocktail ចិញ្ចើមផ្លូវ កំពុង​ប្រជែង​និង​ទាញ​ភ្ញៀវ​ពី​ហាង​ធំៗ នៅ​ភ្នំពេញ​
29, Dec 2019 , 3:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ហាង​លក់​ស្រា​ក្រឡុក​ឬ Cocktail តាម​ចិញ្ចើមផ្លូវ​ជាច្រើន កំពុងបើក​ដំណើរការ និង​បាន​ទាក់ទាញ​ភ្ញៀវ​ពី​ហាង​ទំនើបៗ នៅ​ភ្នំពេញ​។ ដ្បិត​មិនមាន​កន្លែង​អង្គុយ​ឱ្យ​ស្រួល​ដូច​ហាង​ទំនើប​ពិតមែន តែ​Cocktail ចិញ្ចើមផ្លូវ បានរៀបចំ​ការតុបតែង​យ៉ាង​ស្រស់ស្អាត តាមរយៈ​ការរៀបចំ​ភ្លើងពណ៌​ចម្រុះ និង​មាន​រសជាតិ មិន​ចាញ់​ហាង​ធំៗ ឬ​Sky Bar ល្បីៗ​ប៉ុន្មាន​ឡើយ ។​


 
​នៅ​ខាងក្រោយ​វិទ្យាល័យ​ចតុមុខ ឆៀង​ខាងឆ្វេង​បន្តិច ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្លុក​លក់​ស្រា​ក្រឡុក ដែលមាន​ហាង​ជាច្រើន​យីហោ​ផ្សេងគ្នា  និង​មាន​មនុស្សម្នា​ជាច្រើន ទៅ​ស្តាប់ភ្លេង សម្រាកលំហែ​នៅ​ទីនោះ​។ ចំណែក​កន្លែង​ផ្សេងទៀត ក៏​កំពុង​ពង្រឹង​សេវាកម្ម និង​រសជាតិ​ស្រា​ក្រឡុក​ដល់​ភ្ញៀវ​ប្រជែង​នឹង​ហាង​ធំៗ​ដែរ​។ 
 
​លោក យ៉ាន ដា​រ៉ូ ម្ចាស់​ហាង​ស្រា​ក្រឡុក​មួយកន្លែង ដែលមាន​យីហោ Friend Zone មាន​ទីតាំង​ស្ថិតនៅ​ឆៀង​ខាងឆ្វេង​មន្ទីរពេទ្យ​សែន​សុខ ជាទី​ដែល​សម្បូរ​ទៅដោយ​ភោជនីយដ្ឋាន និង​ជា​កន្លែង​សម្រាប់​អ្នក​ចូលចិត្ត​ដើរលេង​ពេលយប់​។ ដោយ​ឃើញ​ឱកាសល្អ​មកដល់ និង​មានចិត្ត​ស្រឡាញ់​ផង​នោះ ធ្វើ​ឲ្យ​លោក ដា​រ៉ូ ចាប់​បើកហាង​មួយ​នេះ បាន​រយះពេល​៦​ខែ​ហើយ​។ មាន​វ័យ​៣០​ឆ្នាំ លោក ដា​រ៉ូ បាន​រៀបរាប់ថា​« មុន​បើក​ដំណើរការ​ហាង​នេះ យើង​បាន​សិក្សា​ទៅលើ​ទីតាំង​និង​រៀន​របៀប​ក្រឡុក​ស្រា​។ ខ្ញុំ​ត្រូវ​ចំណាយពេល​ប្រមាណ​២​ខែ ទើប​ភ្ញៀវ​ស្គាល់​ហាង​នេះ​! ហើយ​បច្ចុប្បន្ន មាន​ភ្ញៀវ​ទាំងចាស់​និង​ថ្មី មក​ញាំ​ជា​ហូរហែ ដែលមាន​អាយុ​២០​ឡើង ទាំង​បុរស​និង​នារី​» ។​


 
​ភ្ញៀវ​ប្រមាណ​ជាង​២០០ បាន​ចូលទៅ​ហាង Friend Zone របស់លោក ដា​រ៉ូ ជា​រៀងរាល់ថ្ងៃ​។ ភ្ញៀវ​ទាំងនោះ ភាគច្រើន​មក​ទទួលទាន​ស្រា​ក្រឡុក និង​ម្ហូប​អារ​ហារ​នៅ​ហាង​លោក ដា​រ៉ូ នៅពេល​ល្ងាច ,​ពាក់​កណ្តាលយប់ និង​ទៀបភ្លឺ ដែល​អាច​ផ្តល់​ចំណូល​ឲ្យ​លោក​រាប់រយ​ដុល្លា​ក្នុង​មួយខែ​។ មាន​វ័យ​៣០​ឆ្នាំ​ម្ចាស់​ហាង​រូបនេះ​បញ្ជាក់ទៀតថា បរិយាកាស​នៅទីនេះ​( ហាង​Friend Zone) ប្លែក​ពី​ហាង​ធំៗ និង​មានតម្លៃ​ធូរ​ថ្លៃ ដែល​អាច​ភ្ញៀវ​មានលទ្ធភាព​ញាំ​បាន ដោយ​មិនចាំបាច់​ទៅ​ហាង​ទំនើបៗ​។ រីឯ​រសជាតិ​គឺ​អាស្រ័យ​លើ​អតិថិជន​ដែល​ចង់បាន ស្រាល​ឬ​ធ្ងន់​។ បច្ចុប្បន្ននេះ លោក យ៉ាន ដា​រ៉ូ មាន​សាខា​ហាង​លក់​ស្រា​ក្រឡុក​មួយទៀត ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ហាង Friend Zone ឡើយ​។​
 
​មិន​ខុសគ្នា​ពី​លោ​កដា​រ៉ូ​ឡើយ កញ្ញា​ពិសី ជា​ម្ចាស់​ហាង​លក់​ស្រា​ក្រឡុក De Moon cocktail ដែលមាន​ទីតាំងនៅ​ខាងក្រោយ​សាលា​ចតុមុខ ក៏មាន​ភ្ញៀវ​ជាច្រើន​បាន​ចូល​ហាង​របស់​នាង​ដែរ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​។ «​ខ្ញុំ​មិន​បារម្ភ​ថា​លក់​មិន​ដាច់​នោះទេ ព្រោះ​ទីនេះ​ត្រូវបាន​គេ​ស្គាល់​ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​ហាង​លក់​ស្រា​ក្រឡុក »​។ នេះ​ជាការ​អះអាង​របស់​កញ្ញា ពិសី ដែល​បាន​បន្ថែមថា គ្មាន​បញ្ហា​ចោទ​ដល់​ហាង De Moon cocktail ដែល​បាន​បើក​ដំណើរការ រយៈពេល​៩​ខែ​នេះ​ទេ ក្រៅពី​ការប្រកួតប្រជែង​ជាមួយ​ហាង​ស្រា​ក្រឡុក​តាម​ចិញ្ចើមផ្លូវ​ផ្សេងទៀត​។ 
 
​មាន​សម្បុរ​សណ្តែកបាយ ម្ចាស់​ហាង​ស្រា​ក្រឡុក​រូបនេះ បាន​បន្ថែមថា ៖«​បើ​ប្រៀបធៀប​ទៅនឹង​ហាង​ធំៗ ល្បីៗ​ដែល​នៅ​ទី​ខ្ពស់ នៅទីនេះ មាន​ទាំង​តម្លៃ​ធូរ​ថ្លៃ​ជាង និង​រសជាតិ​ប្រហាក់ប្រហែលគ្នា បរិយាកាស​ក៏​ប្លែក​ពីគ្នា គ្រាន់តែ​ថា​នៅ​ទាប​»​។ 


 
​ក្បែរ​ទីតាំង​ហាង​កញ្ញា​ពិសី គឺជា​ហាង NANA Cocktial របស់លោក សុ​ធន់ ។ ម្ចាស់​ហាង NANA Cocktial ជឿជាក់​លើ​រសជាតិ​និង​តម្លៃ​ផលិតផល​ហាង​ខ្លួន ដែល​ធ្វើឱ្យ​អតិថិជន​ទទួលយកបាន ។​
 
​លោក សុ​ធន់ ដែល​ចាប់ផ្ដើម​ដំណើរការ​បើកហាង​ខ្លួន​តាំងពី​ឆ្នាំ​២០១៧ ហើយ​កំពុងមាន​ហាង​លក់​ស្រា​ក្រឡុក​២​សាខា​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​«​ដើម្បី​ទាក់ទាញ​ភ្ញៀវ ខ្ញុំ​បាន​គិតគូ​ពី តម្លៃ រសជាតិ និង​សេវាកម្ម​»​។ 
 
​បើតាម​លោក សុ​ធន់ របរ​លក់​ស្រា​ក្រឡុក​តាម​ចិញ្ចើមផ្លូវ​នេះ មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន និង​បានផ្តល់​ចំណូល​សមរម្យ​ដល់​រូបលោក និង​គ្រូ​សារ គ្រាន់បើ​ជាង​ធ្វើការ​ងារ​ឲ្យ​គេ​។ ដ្បិត​ផ្ដល់​ចំណូល​សមរម្យ​ក្តី ប៉ុន្តែ​ម្ចាស់​ហាង​ទាំង​៣​ខាងលើ សុទ្ធតែ​ស៊ូទ្រាំ​ងងុយគេង ដោយសារ​ត្រូវ​បើក​ដំណើរការ​ហាង​រហូតដល់​ម៉ោង​៣ ឬ ៤​ទៀបភ្លឺ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ផ្គាប់ចិត្ត​អតិថិជន​៕



















Tag:
 cocktail
© រក្សាសិទ្ធិដោយ thmeythmey.com