អន្តរជាតិ
សាលា​ពេទ្យ​រដ្ឋ​ឥណ្ឌា​មួយ បើក​វគ្គ​បង្រៀន​សិស្ស​របៀប​ព្យាបាល​អ្នក​ខ្មោច​ចូល
29, Dec 2019 , 4:29 pm        
រូបភាព
សាកលវិទ្យាល័យ Banaras Hindu (BHU)
សាកលវិទ្យាល័យ Banaras Hindu (BHU)
ដោយ:
​សាកលវិទ្យាល័យ​ឥណ្ឌា​ដ៏​ល្បីល្បាញ ប្រកាស​បើក​វគ្គ​បង្រៀន​វេជ្ជបណ្ឌិត​ពី​របៀប​ព្យាបាល​មនុស្ស​ដែល​អះអាងថា មើលឃើញ​ខ្មោច ឬ​ត្រូវ​ខ្មោច​ចូល​។ វគ្គ​សិក្សា​រយៈពេល​៦​ខែ​ដែល​នឹង​បើក​បង្រៀន​ដោយ​សាកលវិទ្យាល័យ Banaras Hindu (BHU) ក្នុង​ទីក្រុង Varanasi ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា នឹង​ចាប់ផ្តើម​នា​ខែមករា ឆ្នាំ​២០២០ តទៅ​។

 
​សាកលវិទ្យាល័យ​នេះ បាន​អះអាងថា ការសិក្សា​វគ្គ​នេះ នឹង​ផ្តោត​សំខាន់​លើ​ជំងឺផ្លូវចិត្ត​ម្យ៉ាង ហៅថា Psychosomatic disorders ដែល​មនុស្ស​ភាគច្រើន​យល់​ច្រ​លំ​ជាមួយនឹង​រឿង​ខ្មោច​ព្រាយ​។ ហើយ​វា នឹងត្រូវ​អនុវត្ត​ដោយ​មហាវិទ្យាល័យ Ayurveda ដែលជា​ការព្យាបាល​និង​ប្រើ​ឱសថ​បែប​សាសនា​ហិណ្ឌូ​បុរាណ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC ព្រឹទ្ធបុរស​របស់​មហា​វិទ្យាល័យ Ayurveda បាន​អះអាងថា វគ្គ​សិក្សា «Bhoot Vidya» ឬ​ប្រែ​ថា «​វគ្គ​សិ​ក្ស​អំពី​ខ្មោច​» ត្រូវបាន​បង្កើតឡើង​ក្នុង​សកល​វិទ្យាល័យ​នេះ​។ ត្រង់នេះ លោកស្រី Yamini Bhushan Tripathi បកស្រាយ​ថា វគ្គ​សិក្សា Bhoot Vidya នឹង​ដោះស្រាយ​ជា​ចម្បង​ចំពោះ​ជំងឺផ្លូវចិត្ត Psychosomatic disorders ព្រមទាំង​ជំងឺ​ផ្សេងទៀត​ដែល​បង្កឡើង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​អ្វីដែល​វិទ្យាសាស្ត្រ​ពុំ​អាច​បញ្ជាក់បាន​។​
 
​លោកស្រី បន្ថែមទៀតថា សកលវិទ្យា​ល័យ Banaras Hindu (BHU) គឺជា​សាលា​វេជ្ជសាស្ត្រ​របស់​រដ្ឋ​ទីមួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​បានផ្តល់​វគ្គ​សិក្សា​បែបនេះ ដែល​បង្រៀន​គ្រូពេទ្យ​អំពី​របៀប​ព្យាបាល​មនុស្ស​ដែល​អះអាងថា មើលឃើញ​ខ្មោច ឬ​ត្រូវ​ខ្មោច​ចូល​។ 
 
​យោងតាម​ការសិក្សា​ឆ្នាំ​២០១៦​មួយ​ដោយ​វិទ្យាស្ថាន​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ត និង​ប្រព័ន្ធ​ប្រសាទ (Nimhans) របស់​ឥណ្ឌា ជិត​១៤​ភាគរយ​នៃ​ប្រជាជន​ឥណ្ឌា មាន​ជំងឺផ្លូវចិត្ត​។ ក្នុង​ឆ្នាំ​២០១៧ អង្គការ​សុខភាព​ពិភពលោក បាន​ប៉ាន់​ស្មានថា ២០​ភាគរយ​នៃ​ប្រជាជន​ឥណ្ឌា​ដែល​សរុប​មាន​ជាង​១,៣​ពាន់​លាន​នាក់ ប្រហែលជា​រងគ្រោះ​ពី​ជំងឺ​បាក់​ទឹកចិត្ត (depression) នៅពេល​ណាមួយ​ក្នុង​ជីវិត​ពួកគេ​។ ក៏ប៉ុន្តែ ក្នុងប្រទេស​នេះ មាន​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​តិចជាង ៤០០០​នាក់ ហើយ​ពលរដ្ឋ​ឥណ្ឌា ពុំ​សូវ​យល់ដឹង​ពី​បញ្ហា​ផ្លូវចិត្ត​នេះឡើយ​។​
 
​សូមបញ្ជាក់ថា ដំណឹង​ពាក់ព័ន្ធ​នឹង​រឿង​ដែលថា សាកលវិទ្យាល័យ​រដ្ឋ BHU គ្រោង​បើក​វគ្គ​សិក្សា Bhoot Vidya ឬ​«​វគ្គ​សិ​ក្ស​អំពី​ខ្មោច​» នេះ បាន​រង​ការ​ចោទ​ជា​សំណួរ​ជាច្រើន​លើ​បណ្តេញ​សង្គម ដោយ​អ្នកខ្លះ លើកឡើងថា ឱសថ និង​មន្ទីរ​កែប្រែ គឺជា​មធ្យោបាយ​ល្អប្រសើរ​ជាង​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​។ ចំណែក​អ្នក​ខ្លះទៀត ឆ្ងល់​ថា ប្រសិនបើ វគ្គ​សិក្សា​នេះ អាចដាក់​ឈ្មោះ​ឲ្យ​ល្អ​ស្តាប់​ជាង​នេះ​។ ក៏ប៉ុន្តែ​អ្នកលេង​បណ្ដាញ​សង្គម​ភាគច្រើន សើចចំអក​ចំពោះ​ការប្រកាស​នេះ ហើយ​អ្នកខ្លះ​ថែមទាំង​លើក​ពី​ចម្ងល់​ពាក់ព័ន្ធ​នឹង​អាទិភាព​របស់​រដ្ឋាភិបាល​ឥណ្ឌា​៕







Tag:
 ឥណ្ឌា​
  វេជ្ជសាស្ត្
© រក្សាសិទ្ធិដោយ thmeythmey.com