ជាតិ
ជិត​១០​ឆ្នាំ​ហើយ​ដែល លោក ឡុង ឡេង យក​សំបក​គ្រាប់កាំភ្លើង ច្នៃ​ជា​គ្រឿងអលង្ការ
29, Dec 2019 , 4:59 pm        
រូបភាព
​សៀមរាប​៖ សំបក​គ្រាប់កាំភ្លើង​គ្រប់​ប្រភេទ ត្រូវបាន​លោក ឡុង ឡេង  យកមក​កែច្នៃ​ធ្វើជា​គ្រឿងអលង្ការ ដែលមាន​រចនាបទ​បែប​ខ្មែរ​សម័យអង្គរ និង​គ្រឿងអលង្ការ​ដែលមាន​រូប​តំណាង​អត្តសញ្ញាណ​ជាតិ ដូចជា​រូប​ផ្ការំដួល ជាដើម​។ លោក ឡុង ឡេង បាន​អះអាងថា ការយក​សំបក​គ្រាប់កាំភ្លើង​ធ្វើជា​គ្រឿងអលង្ការ​នេះ ព្រោះ​លោក​មើលឃើញថា​ មនុស្ស​ជាច្រើន​តែងតែ​គិតថា  សំបក​គ្រាប់កាំភ្លើង​ជា​វត្ថុ​មួយ​ឥត​ប្រ​យោ​ជ​ន៌ ដូច្នេះ​បាន​ជាលោក ​សម្រេច​ជ្រើស​រើសយក​វត្ថុ​ដែល​គេ​គិតថា​ជា​របស់​ឥតប្រយោជន៍​នោះ មក​កែច្នៃ​ធ្វើជា​វត្ថុ​ដែលមាន​តម្លៃ​សម្រាប់​ជាតិ​វិញ​។​

 
​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ ដែល​លោក ឡុង ឡេង ប្រកប​សិប្បកម្ម​កែច្នៃ​សំបក​គ្រាប់កាំភ្លើង​ដោយ​ដៃ ធ្វើជា​គ្រឿងអលង្ការ​លម្អ​កាយ ​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ដោយមាន​រចនាបទ​បែប​ខ្មែរ​ទាំងស្រុង សម្រាប់​បុរស​-​នារី​គ្រប់​វ័យ នៅ​ភូមិ​គ្រួស ឃុំ​ស្វាយដង្គុំ ខេត្តសៀមរាប​។  សំបក​គ្រាប់កាំភ្លើង ដែល​លោក ឡេង កែច្នៃ​ជា​គ្រឿងអលង្ការ​នោះ  គឺ​លោក​បាន​ប្រមូល​ទិញ​ពី​កន្លែង​ទាហាន​មួយកន្លែង ក្នុង​ខេត្តសៀមរាប ដែល​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​ទៅ​រៀន​បាញ់កាំភ្លើង​នៅ​ទីនោះ​។ បើតាមម្ចាស់​សិប្បកម្ម​វ័យ​៣៥​ឆ្នាំ​រូបនេះ ក្នុង​មួយថ្ងៃ លោក​កែច្នៃ​សំបក​គ្រាប់កាំភ្លើង​ អស់​២-៣​គីឡូក្រាម ដើម្បី​ធ្វើ​គ្រឿងអលង្ការ​ផ្សេងៗ ដូចជាកងដៃ ខ្សែករ ស្នៀតសក់ ចិញ្ចៀន ក្រវិល ជាដើម​។ 
 
​លោក ឡុង ឡេង បន្ត​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey  ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា​លើក​ទី​១៤ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី​១៥​ធ្នូ ឆ្នាំ​២០១៩ ថា សំបក​គ្រាប់កាំភ្លើង​ដែល​ប្រមូល​ទិញ​នោះ មានតម្លៃ​ពី​១០-១២​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ហើយ​សំបក​គ្រាប់កាំភ្លើង​មួយ​គីឡូក្រាម អាចធ្វើ​គ្រឿងអលង្ការ​គ្រប់​ប្រភេទ​ពី​ចំនួន​២០-៣០ ដែលមាន​រចនាបទ​រូ​ប​ផ្ការំដួល ផ្កាឈូក ផ្កាចន្ទន៍ និង​រូប​ក្បាច់​ផ្កា​ជាច្រើន​ទៀត ដែល​មាននៅ​ប្រាសាទអង្គរវត្ត ក៏​ដូច​ក្នុងសម័យ​អង្គរ តែម្តង​។ 


 
«​ក្រៅពី​រចនា​ម៉ូត​គ្រឿងអលង្ការ​បែប​អត្តសញ្ញាណ​ខ្មែរ​។ ខ្ញុំ អាច​រចនា​ម៉ូត​គ្រឿងអលង្ការ​បែប​បរទេស បាន​ច្រើន​ទៀត​ពី​សំបក​គ្រាប់កាំភ្លើង​នេះ ពិសេស​អឺរ៉ុប​។ ប៉ុន្តែជាទូទៅ​ ខ្ញុំ​ធ្វើ​គ្រឿងអលង្ការ​ដែលមាន​រចនា​បទ​បែប​ខ្មែរ សម្រាប់​លក់​ជូន​បរទេស ព្រោះ​ខ្ញុំ​ចង់​ចូលរួម​ផ្សព្វផ្សាយ​ នូវ​អ្វី​ជា​របស់​ខ្មែរ​ពិតប្រាកដ​ទៅកាន់​ពិភពលោក តាមរយៈ​គ្រឿងអលង្ការ​ទាំងនេះ ដែលមាន​ក្បាច់ និង​រចនាបទ​ខ្មែរ​ទាំងស្រុង ដែល​យើង​ធ្វើឡើង​ដោយ​ដៃ​១០០​ភាគរយ​»​។  នេះ​ជា​លើកឡើង​របស់ លោក ឡុង ឡេង ដោយ​លោក​បាន​អះអាង​ថា គ្រឿងអលង្ការ​ដែល​ច្នៃ​ចេញពី​សំបក​គ្រាប់កាំភ្លើង​នេះ ក្រៅពី​អតិថិជន​ដែលជា​ជនជាតិខ្មែរ​បាន​គាំទ្រ​ស្ទើរ​ទាំងស្រុង​ហើយ នោះមាន​បរទេស​មកពី​តំបន់​អឺរ៉ុប​គាំទ្រ​៨០​ភាគរយ និង​ចិន​មាន​២០​ភាគរយ រួម​ជា​នឹង​ជាតិ​សាសន៍​ផ្សេងទៀត ក៏មាន​ការគាំទ្រ​ច្រើន​ផងដែរ​។ 
 
​លោក ឡុង ឡេង បាន​និយាយ​ដូច្នេះ​៖ «​ភ្ញៀវទេសចរ មិន​ថា​ទៅ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ណា​ទេ​.... ជាក់ស្តែង​ពួកគាត់​មក​ដើរ​នៅ​កម្ពុជា​យើង ពួកគាត់​ប្រាកដ​ណាស់​ នឹង​ស្វែងរក​វត្ថុ​អ្វីមួយ​ដែលជា​តំណាង​ប្រទេសជាតិ​យើង ​ទុកជា​អនុស្សាវរីយ៍ ឬ​ជូន​សាច់​ញា​តិ  មិត្តភក្តិ​គេ  ពេល​ពួកគេ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ​។ ដូច្នេះ ខ្ញុំ​ជឿជាក់ថា តាមរយៈ​ភ្ញៀវ​អន្តរជាតិ​ដែល​គាត់​គាំទ្រ​គ្រឿងអលង្ការ​ខ្ញុំ ដែល​យើង​ធ្វើ​ដោយ​ដៃ មាន​រចនាបទ​បែប​ខ្មែរ​នោះ នឹង​រួមចំណែក​មួយ​ជួយ​ផ្សព្វផ្សាយ​ជាតិ និង​អត្តសញ្ញាណ​យើង បាន​កាន់តែ​ទូលាយ​»​។ 
 
​លោក​បាន​បញ្ជាក់ថា គ្រឿងអលង្ការ​ដែល​ធ្វើ​ចេញពី​សំបក​គ្រាប់កាំភ្លើង​នោះ គឺជា​សារធាតុ​ស្ពាន់​សុទ្ធ ដែល​មិន​អាចឱ្យ​គ្រឿងអលង្ការ​ទាំងនោះ​ខ្មៅ បានឡើយ ហើយ​គ្រឿងអលង្ការ​នីមួយៗ មានតម្លៃ​ពី​១២ ​ទៅ​៣៥​ដុល្លារ ដែល​អាស្រ័យទៅលើ​ទំហំ និង​រូបរាង​នីមួយៗ​ នៃ​គ្រឿងអលង្ការ​ទាំងនោះ​។ បើតាម​លោក ឡុង ឡេង ក្នុង​មួយថ្ងៃ លោក​អាច​ទទួល​ប្រាក់ចំណូល​ ពី​ការលក់​គ្រឿង​ល​អលង្ការ​ច្នៃ​ចេញពី​គ្រាប់កាំភ្លើង​នេះ បាន​ពី​៣០០​ទៅ​៥០០​ដុល្លារ​៕






សំបកគ្រាប់កាំភ្លើង




កងដៃម៉ូតផ្ការំដួល ធ្វើពីសំបកគ្រាប់កាំភ្លើង។



Tag:
 គ្រឿងអលង្ការ​
  ផ្ការំដួល​
  គ្រាប់កាំភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com