ជាតិ
ដើម្បី​ចិញ្ចឹម​ទន្សាយ​ឱ្យបាន​ល្អ តើ​គួរ​ធ្វើ​ដូចម្ដេច​?
30, Dec 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​ដើម្បី​ចិញ្ចឹម​ទន្សាយ​នៅផ្ទះ ឲ្យ​បានល្អ គេ​ត្រូវ​ដឹង​ពី​គន្លឹះ​ខ្លីៗ​មួយចំនួន ដែលមាន​ដូចជា ការថែទាំ របៀប​ដាក់​ចំណី ការដឹង​ពី​អាយុ​ទន្សាយ ដែល​ត្រូវ​ជ្រើសរើស​មក​ចិញ្ចឹម​ជាដើម​។ អ្នកស្រី កែវ ម៉ា​ឡែ​ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ ខេ​ម​បូ​ហ្វា​ម បាន​ចែករំលែក​វិធីសាស្ត្រ​ខ្លីៗ ពី​របៀប​ចិញ្ចឹម​ទន្សាយ​នៅផ្ទះ​។​

 
 

​បច្ចុប្បន្ន គេ​ឃើញថា នៅតាម​ផ្ទះ​នីមួយៗ មាន​ចិញ្ចឹម​ទន្សាយ ដើម្បី​លម្អ និង​ដោយ​ក្តី​ស្រឡាញ់​។ រីឯ​របៀប​ថែទាំ​វិញ​នោះ អ្នក​ចិញ្ចឹម​ខ្លះ ពុំទាន់​បាន​យល់ច្បាស់​នៅឡើយ ជាហេតុ​ធ្វើ​ឲ្យ​ទន្សាយ​មិនមាន​សុខភាព​ល្អ ឬ​ងាប់​ជាដើម​។​
 
​អ្នកស្រី កែវ ម៉ា​ឡែ​ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ ខេ​ម​បូ​ហ្វា​ម ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខ​ណ្ដ​មានជ័យ រាជធានី​ភ្នំពេញ បាន​ចែករំលែក​គន្លឹះ​ខ្លីៗ ដើម្បី​ថែទាំ​ទន្សាយ​នៅផ្ទះ​ឲ្យ​បានល្អ​។  


 
​អ្នកស្រី ម៉ា​ឡែ​ន បាន​រៀបរាប់ថា ការចិញ្ចឹម​ទន្សាយ​នៅ​កសិដ្ឋាន និង​នៅតាម​ផ្ទះ​គឺ​ពុំ​ដូចគ្នា​ឡើយ ហើយ​វា​ពុំមែន​ជា​រឿង​លំបាក និង​គ្មាន​បញ្ហា​ទេ ប្រសិនបើ​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ​។ អង្គុយ​នៅ​ជិត កូន​ទន្សាយ ដែល​ដាក់តាំង​ដើម្បី​លក់ ម្ចាស់​កសិដ្ឋាន​ដែលមាន​វ័យ ៣០​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា អាយុ​ទន្សាយ​ដែល​គួរ​យកទៅ​ចិញ្ចឹម​នៅផ្ទះ គឺមាន​ចន្លោះ ពី​១​ខែ​កន្លះ ទៅ​២​ខែ ព្រោះ​វា​មាន​សុខភាព​រឹងមាំ ងាយ​សាំ​នឹង​បរិយាកាស​ថ្មី​។​
 
​ទន្សាយ​ដែលមាន​អាយុ​តិចជាង​នេះ ឬ ច្រើនជាង​នេះ មិនល្អ​ឡើយ​។​ទន្សាយ​ដែលមាន​អាយុ​ក្រោម​១​ខែ ជា​ទន្សាយ​ដែល​នៅ​បៅ មិនអាច​យកទៅ​ចិញ្ចឹម​នៅផ្ទះ​បានទេ ពោលគឺ​មិន​សង្ឃឹមថា​រស់ ។ ឯ​ទន្សាយ មាន​អាយុ​ចន្លោះ​៣​ទៅ​៤​ខែ គឺ​មិន​ងាយ​សាំ នឹង​កន្លែង​រស់នៅ​ថ្មី​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ា​ឡែ​ន​។​


 
​ទាក់ទង​នឹង​ចំណី​វិញ អ្នកស្រី ម៉ា​ឡែ​ន បាន​បញ្ជាក់ថា​«​ត្រូវ​ជ្រើសរើស​ចំណី​ដែល​ល្អ ដាក់​ចំណី​ឲ្យ​បាន​ទៀងទាត់ គឺ​គ្រប់គ្រាន់​ហើយ​។ ចំណី​មាន​ពីរ​ប្រភេទ គឺ​ចំណី​គ្រាប់ ដាក់​មានការ​កំណត់​។ ចំណី​មួយ​ប្រភេទ​ទៀត​នោះ​គឺ ស្មៅ​ស្ងួត តម្រូវ​ឲ្យ​ដាក់​គ្រប់ពេល​»​។ 
 
​ក្រៅពី​ចំណី​ទាំងពី​ប្រភេទ​ខាងលើ ទន្សាយ​អាច​ស៊ី​ចំណី​ស្រស់​បាន​ដូចជា​ត្រកួន តែ​ត្រូវ​ប្រាកដថា​ជា​ត្រកួន​ធម្មជាតិ ដែល​ដាំ​ខ្លួនឯង​។ ប្រសិនបើ​បន្លែ​ដែលមាន​ជាតិពុល​ឬ គីមី នោះ​បង្ករ​ទៅជា​បញ្ហា​។ ម្ចាស់​កសិដ្ឋាន ខេ​ម​បូ​ហ្វា​ម បាន​ឲ្យ​ដឹង​ទៀតថា ទន្សាយ​ដែលមាន​ជំងឺរាគ ងាយ​នឹង​ងាប់ ក្នុង​រយៈពេល​ត្រឹមតែ ១​ថ្ងៃ​ប៉​ណ្ណោះ​។ ចំណែកឯ​ទីតាំង ដែល​ល្អ​សម្រាប់​ទន្សាយ​រស់នៅ គឺជា​កន្លែង​ដែល​ត្រជាក់​៕



Tag:
 កែវ ម៉ា​ឡែ​ន​
 ​ទន្សាយ​
© រក្សាសិទ្ធិដោយ thmeythmey.com