ជាតិ
នៅ​ចុងឆ្នាំ​២០២០ ស្រុក​បន្ទាយស្រី​នឹងមាន​អំពូល​បំភ្លឺ​មុខផ្ទះ​ទាំងអស់
30, Dec 2019 , 8:19 am        
រូបភាព
​សៀមរាប​៖ យុទ្ធនាការ «​ផ្ទះ​១​អំពូល​១» ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ហើយ ដោយ​ភូមិ​ព្រះ​ដាក់​ត្រូវបាន​ជ្រើសរើស​ជា​ភូមិ​ដំបូង​ក្នុងការ​សាកល្បង​យុទ្ធនាការ​នេះ​។ អភិបាលស្រុក​បន្ទាយស្រី មាន​មហិច្ឆតា​ចង់​ប្រែក្លាយ​ស្រុក​មួយ​នេះ​ឱ្យមាន​ការរីកចម្រើន​គ្រប់​វិស័យ និង​មាន​សុវត្ថិភាព​ទាំង​ពេល​ថ្ងៃ​និង​យប់ ដោយ​ក្នុងនោះ​លោក​អភិបាលស្រុក​បានប្រកាស​ថា​នឹង​រៀបចំ​ឱ្យ​ផ្ទះ​ទាំងអស់​ក្នុងស្រុក​នេះ​មាន​អំពូល​បំភ្លឺ​មុខផ្ទះ​នៅត្រឹម​ចុងឆ្នាំ​២០២០​។​

 
​ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ដាក់​ចំនួន ៥១៨ ខ្នង​ផ្ទះ បានមក​ទទួលយក​អំ​ពូ​ល​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​អំពូល​សូ​ឡា ដែល​រដ្ឋបាល​ស្រុក​បន្ទាយស្រី រៀបចំ​ពិធី​ចែក​នៅ​បរិវេណ​វត្ត​ព្រះ​ដាក់ នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ​។ ម្នាក់​នីមួយៗ ទទួលបាន​អំពូល​សូ​ឡា​មួយ រួម​និង​បង្គោល​ភ្លើង​មួយ​។ 
 
​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា គម្រោង​ទីមួយ​នេះ​រដ្ឋបាល​ស្រុក​ទទួលបាន​កិច្ចការ​ជាមួយ​វិស័យ​ឯកជន ដោយ​ប្រជាពលរដ្ឋ​មួយ​ផ្ទះ ទទួលបាន​អំពូល​បំ​ន្លឺ​មុខផ្ទះ​មួយ​ដោយ​ឥតគិតថ្លៃ ឬ​ជាការ​ផ្តល់​អំណោយ​ដល់​អ្នកភូមិ​ព្រះ​ដាក់​។ លោក ហ្វី​ណង់ ពន្យល់ថា លោក​មិន​ចង់ឱ្យមាន​គោលការណ៍​ជាការ​ផ្តល់​អំណោយ​បែបនេះ​ទេ ព្រោះ​លោក​ជឿថា ការងារ​នេះ​មិនយូរ​អង្វែង​និង​មិនសូវមាន​ប្រសិទ្ធភាព  អ្វីដែល​លោក​អភិបាល​ចង់បាន​នោះ គឺ​ចង់ឱ្យ​ពលរដ្ឋ​ចូល​ជា​បដិភាគ​មួយផ្នែក​ណាមួយ​ក្នុង​យុទ្ធនាការ​នេះ​។ «​គម្រោង​នេះ​ត្រូវការ​រូបមន្ត​ផ្សេងៗ​គ្នា លើក​ទី​១​ផ្តល់​ជា​អំណោយ តែ​ទៅ​ថ្ងៃមុន​វា​នឹងមាន​ហានិភ័យ ខ្ញុំ​ចង់​ធ្វើជា​គម្រោង​ថវិកាបដិភាគ​... គម្រោង​ផ្សេងៗ​ទៀត អាចធ្វើ​តាមរយៈ​បុណ្យផ្កា ឬ​គម្រោង​អ្នកមាន​ចូលរួម​ជួយ​អ្នក​ខ្វះខាត​»​។ លោក ហ្វី​ណង់ បន្ត​។​


 
​គម្រោង ផ្ទះ​១​អំពូល​១ ដែលជា​គំនិត​ផ្ដួចផ្តើម​របស់​អភិបាលស្រុក​បន្ទាយស្រី ធ្វើឡើង​ក្នុង​បំណង​ប្រែក្លាយ​ស្រុក​នេះ ទៅជា​តំបន់​ដែលមាន​ភាពស្រស់ស្អាត ក្លាយជា​ទីក្រុង​ទី​២​បន្ទាប់ពី​ក្រុង​សៀមរាប​។ បន្ថែម​ពីនេះ យុទ្ធនាការ​នេះ​ក៏​ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ បង្កើន​សុវត្ថិភាព​នាពេល​យប់ និង​ជា​ភូមិ​មាន​សុវត្ថិភាព​។ លោក ហ្វី​ណង់ ប្រាប់ថា ហេតុផល​ដែល​លោក​ជ្រើសរើស​ភូមិ​ព្រះ​ដាក់​ជា​គម្រោង​សាកល្បង​នេះ ព្រោះ​ភូមិ​នេះ​ជាទី​ប្រជុំជន​មានផ្ទះ​នៅជាប់ៗ​គ្នា​ងាយស្រួល​សិក្សា​ពី​ការសាកល្បង​នេះ ពិសេស​ភូមិ​នេះ​មាន​ភាពល្បីល្បាញ​និង​នៅ​ជិត​ក្រុង និង​មាន​ភាពងាយស្រួល​អាច​សិក្សា​ពី​ការសាកល្បង​នេះ​៕





Tag:
 ផ្ទះ​១​អំពូល​១
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com