ទំពាំង​បារាំង​៤​ហិកតា ផ្តល់​ចំណេញ​រាល់ថ្ងៃ ដល់​លោក ស៊ូ ប៊ុ​ន្នី
ជាតិ
ទំពាំង​បារាំង​៤​ហិកតា ផ្តល់​ចំណេញ​រាល់ថ្ងៃ ដល់​លោក ស៊ូ ប៊ុ​ន្នី
30, Dec 2019 , 8:59 am        
រូបភាព
ប្រពន្ធលោក ស៊ូ ប៊ុន្នី នៅចម្ការទំពាំងបារាំង  (រូបពីលោក ស៊ូ ប៊ុន្នី)
ប្រពន្ធលោក ស៊ូ ប៊ុន្នី នៅចម្ការទំពាំងបារាំង (រូបពីលោក ស៊ូ ប៊ុន្នី)
​ភ្នំពេញ​៖ រយៈពេល​៨​ឆ្នាំ​ហើយ ដែល​លោក ស៊ូ ប៊ុ​ន្នី ទទួលបាន​ជោគជ័យ​លើ​ការដាំ​ដំណាំ​ទំពាំង​បារាំង​។​កសិករ​ខេត្តបាត់ដំបង​រូបនេះ អាច​រកប្រាក់​ចំណេញ​ជាង​១០០​ដុល្លារ​រៀងរាល់ថ្ងៃ ពី​ដំណាំ​ទំពាំង​បារាំង​លើ​ផ្ទៃដី​៤​ហិកតា ដោយមាន​ទីផ្សារ​ចាំ​ទទួលយក នៅ​ខេត្តបាត់ដំបង សៀមរាប និង​រាជធានី​ភ្នំពេញ​។


 
​មុនពេល​ជោគជ័យ​លើ​ការ​ដំណាំ​ទំពាំង​បារាំង​ដូច​សព្វថ្ងៃនេះ លោក ស៊ូ ប៊ុ​ន្នី ធ្លាប់​បរាជ័យ​ម្ដង​រួចហើយ​នៅ​អំឡុង​ឆ្នាំ​២០០៣ ដោយសារ​គ្មាន​បច្ចេកទេស​និង​ខ្វះខាត​ថវិកា​។ លុះដល់​ឆ្នាំ​២០១១ កសិករ​ដែល​ធ្លាប់​ដាំ​ក្រូច ស្រកានាគ តា​ង៉ែ​ន និង​បរាជ័យ​លើ​ដំណាំ​ទំពាំង​បារាំង​រូបនេះ បាន​ងាក​មក​ដាំ​ទំ​ពាំ​បារាំង​ឡើងវិញ​លើ​ផ្ទែ​ដី​១​ហិកតា ហើយក៏​ទទួលជោគជ័យ​។​
 
​ស្ថិតនៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង លោក ប៊ុ​ន្នី ដែល​បាន​ពង្រីក​ការដាំដុះ​ចំនួន​៣​ហិកតា​បន្ថែមទៀត​នៅ​ដើមឆ្នាំ​២០១៩​នេះ ដោយបាន​ប្រមូល​ផល​ជាង​៥០ ទៅ​១០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ក្នុង​រយៈពេល​២​ខែ​មកនេះ ។ សម្រាប់​ទីផ្សារ​ក្នុងស្រុក លោក ប៊ុ​ន្នី អាច​លក់​ទំពាំង​បារាំង​នេះ​បាន​១៣០០០​រៀល​ក្នុង​មួយ​គីឡូ ។  ម្ចាស់​ចម្ការ​ទំពាំង​បារាំង​ទាំង​៤​ហិកតា​នេះ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា​៖« (​យកទៅលក់​ហើយ​)​ទូទាត់​ថ្លៃ​ចំណាយ​ផ្សេងៗ​ហើយ នៅសល់​ជាង​១០០​ដុល្លារ​ក្នុង​មួយថ្ងៃ​»​។ 


សកម្មភាពរៀបចំទំពាំងបារាំង (រូបពីលោក ស៊ូ ប៊ុន្នី)
 
​ពាក់ព័ន្ធ​នឹង​តម្រូវការ​ទីផ្សារ កសិករ​រូបនេះ មាន​កិច្ចសន្យា​ជាមួយ​ផ្សារ​បៃតង​នៅ​រាជធានី​ភ្នំពេញ ដែល​ទទួល​ទិញ​បន្លែ​សិរី​រា​ង្គ ហើយ​លោក​ក៏​លក់​ចែកចាយ​ទៅ​ទី​រួម​ខេត្តបាត់ដំបង និង​សៀមរាប​ផងដែរ​។ ប៉ុន្តែ​កសិករ​រូបនេះ អះអាងថា ទីផ្សារ​នៅ​ប្រទេស​ថៃ​ខ្ពស់ជាង​នៅ​កម្ពុជា​។ 
 
«​ខ្ញុំ​ដឹកចេញទៅ​ថៃ​បាន​៤០០​បាត (​ប្រមាណ​ជា​៥​ម៉ឺន​រៀល​) តែ​ខ្ញុំ​ដឹក​ទៅ​យូរ​ម្ដង​នោះទេ ដើម្បី​ចង់ដឹង​ពី​កម្រិត​គុណភាព បន្លែ​សិរី​រា​ង្គ​របស់ខ្ញុំ ត្រូវ​តាម​ស្ដង់ដា​នាំចេញ​ទៅ​ក្រៅប្រទេស​ឬ​អត់​។ យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​នៅតែ ជ្រើសរើស​ទីផ្សារ​ក្នុងស្រុក ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​បាន​ស្គាល់​និង​បរិភោគ​បន្លែ​សិរី​រា​ង្គ ហើយ​ខ្ញុំ​អាច​ផ្ញើ​ទៅគ្រប់​កន្លែង​មិន​ថា​ភ្នំពេញ​ឬ​សៀ​បរាម​»​។ នេះ​ការលើកឡើង​របស់លោក ស៊ូ ប៊ុ​ន្នី ដែល​បាន​បន្ថែមថា ទីផ្សារ​ទំពាំង​បារាំង​នេះ នៅ​ធំ​ទូលាយ ដោយសារ​មិនសូវមាន​អ្នក​ដាំ ព្រោះ​ពិបាក​ថែទាំ​និង​ចំណាយ​ទុន​ច្រើន​។ 
 
«​ដំណាំ​នេះ ត្រូវការ​មើលថែ​រាល់ថ្ងៃ មិនអាច​ដាំ​ទុកចោល​ដូច​ដំណាំ​ដទៃ​ឡើយ តាំងពី​ដាំ​រហូតដល់​ប្រមូល​ផល ហើយ​ពេល​ប្រមូល​ផល យើង​ប្រមូល​រាល់ថ្ងៃ ព្រោះ​ទំពាំង​ដុះ​រាល់ថ្ងៃ​»​។ នេះ​ជាការ​អះអាង​របស់លោក ប៊ុ​ន្នី ។ 


លោក ប៊ូន្នី  (រូបពីលោក ស៊ូ ប៊ុន្នី)
 
​ការដាំ​ណាំ​មួយ​ប្រភេទ​នេះ ចំណាយ​ទុន​ច្រើនតែ​លើ​ដំបូង​នោះទេ លុះដល់​ប្រមូល​ផល គ្រាន់តែ​ថែទាំ​ដាក់​ទឹក ដាក់​ជីធម្មជាតិ ជ្រោយ​ដី​ជាដើម​។ ការដាំ​ទំពាំង​បារាំង​លើ​ផ្ទៃដី​១​ហិកតា ចំណាយ​ទាំង​ពូជ រៀបចំ​ថ្នាល ប្រព័ន្ធ​ទឹក​ជិត​១​ម៉ឺន​ដុល្លារ ហើយ​រយៈពេល​៨​ខែ ទើប​ទទួលផល​។ ទំពាំង​បារាំង​នេះ ត្រូវការ​ថែទាំ ពិនិត្យ​រាល់ថ្ងៃ ព្រោះ​អាច​ប្រឈម​នឹង​ជំងឺ​គ្រប់ពេល ជាពិសេស​ខែប្រាំង​ជួប​បញ្ហា​រលួយ​។ កសិករ​រូបនេះ ថា​រយៈពេល​ជាង​៩​ឆ្នាំនេះ លោក​មិនដែល​ខាត ដោយសារ​តម្លៃ​ធ្លាក់ចុះ ឬ​គ្មាន​ទីផ្សា​ឡើយ ដ្បិត​ពេលខ្លះ​ជួប​បញ្ហា​ដង្កូវ​ស៊ី និង​ក្ដៅរ​លូ​យ​ដើម​ទំពាំង​បារាំង​ក្តី​។ ប៉ុន្តែ​វា​មិន​ធ្ងន់ធ្ងរ​ឡើយ​៕ 


សកម្មភាពកាត់ទំពាំងបារាំង (រូបភាពពីលោក ស៊ូ ប៊ុន្នី)


Tag:
 ទំពាំង​បារាំង​
 
© រក្សាសិទ្ធិដោយ thmeythmey.com