ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ចង់ឱ្យ​អណ្ដាត​មាន​ពណ៌​ផ្កាឈូក​ស្អាត​មិន​ពិបាក​ឡើយ កុំ​រំលង​អត្ថបទ​នេះ​
30, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កង្វះ​អនាម័យ​មាត់​ធ្មេញ​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បណ្ដាលឱ្យ​អណ្ដាត​គ្មាន​សុខភាព​ល្អ​និង​គួរឱ្យ​ខ្ពើម​។ អ្វីដែល​គួរឱ្យ​រំខាន​ថែមទៀត​នោះ គឺ​ច្រាំង​អណ្ដាត​ពណ៌​សៗ ឬ​លឿង​លើ​ផ្ទៃ​អណ្ដាត​អាច​បង្ក​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ថែមទៀត​ផង​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​ឱ្យ​អណ្ដាត​មាន​សុខភាព​ល្អ ហើយ​ពណ៌​ផ្កាឈូក​ស្អាត ៖
 
១. ប្រើប្រាស់​ឧបករណ៍​កោស​អណ្ដាត​

​បើ​ប្រៀបធៀប​នឹង​ច្រាស​ដុសធ្មេញ ប្រដាប់​កោស​អណ្ដាត​គឺមាន​ប្រសិទ្ធភាព​ជាង​ក្នុងការ​សម្អាត​អណ្ដាត​។ ដូច្នេះ​កុំ​ភ្លេច​ប្រើប្រាស់​ឧបករណ៍​រាល់ពេល​សម្អាត​ក្នុង​មាត់​។​
 
២. ប្រើប្រាស់​ម្សៅ Baking Soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ផ្សើម​ច្រាស​ដុសធ្មេញ រួច​ជ្រលក់​វា​ក្នុង​ម្សៅ Baking soda ហើយ​ចាប់ផ្ដើម​យកមក​ដុស​សម្អាត​លើ​អណ្ដាត រួច​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
៣. អំបិល​

​ក្រៅពី​ម្សៅ Baking soda អ្នក​ក៏​អាច​ប្រើប្រាស់​អំបិល​ក្នុងការ​សម្អាត​អណ្ដាត​បាន​ផងដែរ​។ ទោះជា​យ៉ាងណា​ចូរ​ដុស​សម្អាត​លើ​អណ្ដាត​ថ្នមៗ​ចៀសវាង​របួស​។​
 
៤. ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​

​ក្រោយពី​ដុស​សម្អាត​ធ្មេញ និង​អណ្ដាត​រួច​សព្វ អ្នក​អាច​ចាប់ផ្ដើម​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។​
 
៥. ប្រេងដូង​

​ក៏​មិន​ខុសពី​ទឹក​ប្រទាល​កន្ទុយក្រពើ​ដែរ គឺ​អ្នក​អាច​ខ្ពុរ​សម្អាត​មាត់​និង​អណ្ដាត​ជាមួយ​ប្រេងដូង​។​
 
៦. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​

​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ ហើយ​នេះ​ក៏​ជា​អ្វីមួយ​ដែល​ជួយ​រក្សា​សុខភាព​អណ្ដាត​ល្អប្រសើរ​គួរឱ្យកត់សម្គាល់​ដោយ​ទឹក​ជួយ​កម្ចាត់​បាក់តេរី​លើ​អណ្ដាត​។​
 
៧. ឈប់​ជក់បារី​

​អ្នក​ក៏​គួរ​ផ្ដាច់​បារី​ផងដែរ​ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ ជាពិសេស​ក្លិន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​។ នោះ​ក៏​ព្រោះតែ​ការជក់បារី​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​មាត់​ធ្មេញ​គួរឱ្យ​ព្រួយបារម្ភ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com