ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! មិន​ចង់ឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​បញ្ហា កុំ​ធ្វើ​សកម្មភាព​ទាំងនេះ​
31, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ជំងឺ​ថប់​បារម្ភ​និង​ធ្លាក់ទឹក​ចិ​ត្ដ​ដែល​កើតមាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ដល់​ទារក​ក្នុង​ផ្ទៃ​។ បញ្ហា​សុខភាព​ផ្លូវចិត្ត​ទាំងនេះ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សម្រាល​មុន​កំណត់ ឬ​មិន​គ្រប់​គីឡូ​ជាដើម​។ ទោះជា​យ៉ាងណា​ក្រៅពី​ជំងឺ​ថប់​បារម្ភ​និង​ធ្លាក់​ចិត្ត​ហើយ​នោះ ក៏​នៅមាន​ចំនុច​មួយចំនួនទៀត​ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ផងដែរ​ប្រសិនបើ​ស្ត្រី​ជា​ម្ដាយ​មិនបាន​ប្រុងប្រយ័ត្ន​ឬ​ធ្វេសប្រហែស​។ ថា​តើ​សកម្មភាព ឬ​ទម្លាប់​ស្មាន​មិន​ដល់​អ្វីខ្លះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​? 


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​សកម្មភាព​មួយចំនួន​គួរ​ចៀសវាង​កំឡុងពេល​មាន​ផ្ទៃពោះ ៖
 
១. ឈ្លោះប្រកែក​គ្នា​និង​ស្រែក​ខ្លាំងៗ 

​នោះ​ក៏​ព្រោះតែ​ការឈ្លោះប្រកែក​គ្នា​អាច​បង្ក​ជំងឺ​ថប់​បារម្ភ​និង​ធ្លាក់ទឹក​ចិត្ត​ចំពោះ​ស្ត្រី​ជា​ម្ដាយ​ដែល​អាច​ជះឥទ្ធិពល​កាន់តែ​គួរឱ្យ​បារម្ភ​ចំពោះ​ទារក​ក្នុង​ផ្ទៃ​។ បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ម្ដាយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខួរក្បាល និង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​ទារក​ក្នុង​ផ្ទៃ​។ លើសពីនេះទៅទៀត​ការស្រែក​ក៏​មិនល្អ​ចំពោះ​ស្ត្រី​ជា​ម្ដាយ​ផ្ទាល់​ផងដែរ​ដោយ​វា​អាច​នាំឱ្យ​ឈឺក្បាល ចង្អោរ​ចង់​ក្អួត និង​ពិបាក​គេង​លក់​។​
 
២. ទទួលទាន​ផ្អែម​ច្រើន​ជ្រុល 

​ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​ច្រើនពេក គឺ​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ស្ត្រី​ជា​ម្ដាយ​ដែល​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ឬ​ភេសជ្ជៈ​ផ្អែម​ច្រើន​កំឡុងពេល​មាន​ផ្ទៃពោះ​អាច​បណ្ដាលឱ្យ​ទារក​ជួបប្រទះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការចងចាំ​។​
 
៣. ត្រាំ​ក្នុង​អាងទឹក​ក្ដៅ ឬ​សូ​ណា 

​កំដៅ​ខ្លាំង​នៅក្នុង​កន្លែង​សូ​ណា ឬ​អាងទឹក​ក្ដៅ គឺជា​មូលហេតុ​ចម្បង​គួរឱ្យ​ព្រួយបារម្ភ​បំផុត​កំឡុងពេល​មាន​ផ្ទៃពោះ​! ទោះបី​ជាការ​ត្រាំ​ទឹក​ក្ដៅ ឬ​ទៅ​សូ​ណា​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្បើយ​ស្រួលខ្លួន ប៉ុន្តែ​វា​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​ទារក​ក្នុង​ផ្ទៃ​។​
 
៤. យំ 

​កា​រយំ​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ជា​រឿង​ធម្មតា​មួយ​ដែរ​។ ទោះជា​យ៉ាងណា​ការ​យប់​អាច​នឹង​ក្លាយជា​អាកា​រៈ​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ទាំង​សុខភាព​ម្ដាយ រួមទាំង​កូន​ក្នុង​ផ្ទៃ ប្រសិនបើ​មាន​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​ដូចជា​បាត់បង់​ចំណង់​អាហារ មាន​អារម្មណ៍​ខុស​រហូត គេង​ច្រើនពេក និង​បាត់បង់​អារម្មណ៍​រីករាយ​ចង់​ធ្វើ​សកម្មភាព​អ្វី​ផ្សេងៗ​។​
 
៥. ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន 

​ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន គឺ​មិនល្អ​ឡើយ​ចំពោះ​សុខភាព​។ ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​លើសពី ៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ឬ​ច្រើនជាង​នេះឡើយ​! នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​អាច​នឹង​ចូល​ទៅដល់​ក្នុង​សុក ហើយ​ជ្រៀត​ចូលក្នុង​ចរន្តឈាម​ហូរ​របស់​ទារក​ក្នុង​ផ្ទៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com