ជាតិ
មេ​ACU ៖ អតីត​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ចិន ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន ក្រោម​បទ​ចោទ​៤
30, Dec 2019 , 11:49 am        
រូបភាព
(ខាងឆ្វេង)លោក គ្រុយ លឹមហេង អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលបានផ្តល់កិច្ចសម្ភាសដល់កាសែតចិនកន្លងមក (រូបពីហ្វេសប៊ុកវិទ្យុមិត្តភាពកម្ពុជា-ចិន CCFR Beijing)
(ខាងឆ្វេង)លោក គ្រុយ លឹមហេង អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលបានផ្តល់កិច្ចសម្ភាសដល់កាសែតចិនកន្លងមក (រូបពីហ្វេសប៊ុកវិទ្យុមិត្តភាពកម្ពុជា-ចិន CCFR Beijing)
​ភ្នំពេញ​៖ អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន លោក គ្រុយ លឹម​ហេង ត្រូវបាន​ចៅក្រម និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ ក្រោម​បទ​ចោទ​ចំនួន​៤ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៩ ធ្នូ​។​


 
​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​និយាយថា លោក គ្រុយ លឹម​ហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ពុករលួយ ចន្លោះ​ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០១៨ ។ លោក​ថា ករណី​បទល្មើស​ទាំងនោះ រួមមាន​ការយក​លុយ​លើស​តម្លៃ​កំណត់ និង​ការប្រើ​អំណាច​ហួស​ជាដើម​។ ក្នុងន័យនេះ​លោក យិនទៀង បាន​សង្កត់ធ្ងន់ថា លោក គ្រុយ លឹម​ហេង បាន​ប្រើ​អំណាច​ដកយក​លុយ​រប​ស់អគ្គ​កុងស៊ុល​កម្ពុជា ពី​ធនាគារ​ចិន​មួយ តាមរយៈ​ការប្រើប្រាស់​«​ត្រា​អគ្គ​កុងស៊ុល​»​ខុសច្បាប់​អស់​រយៈពេល​២​ខែ​កន្លងមក នៅ​គ្រា​ដែល​រូបលោក ត្រូវបាន​ដកចេញ​ពី​តំណែង កាលពី​ឆ្នាំ​២០១៨​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​ថា ពីថ្ងៃ​ណា​ទៅ​ថ្ងៃ​ណា គាត់​(​លោក គ្រុយ លឹម​ហេង​) បាន​បោះត្រា​យក​(​លុយ​)​ពី​គេ​។ ហើយ​ថ្ងៃ​ណា​គាត់​ប្រគល់​ត្រា​ថាឱ្យ​គេ​វិញ​។ ហើយ​ចន្លោះ​ថ្ងៃ​ហ្នឹង​ខាង​ធនាគារ​របស់​ចិន គេ​ធ្វើ​របាយការណ៍​ឱ្យ​យើង ដោយ​គេ​បញ្ជាក់ថា​គាត់​ដក​លុយ​អី​ខ្លះ​ប៉ុន្មាន​? ដូច្នេះ​វា​ជា​មូលដ្ឋាន​ភស្តុតាង​ដែល​តុលាការ​គិតថា​ជាការ​ប្រព្រឹត្ត​បទល្មើស​នេះ​»​។​
 
​តាមរយៈ​ការ​ប្រ​ពឹ​ត្ត​បទល្មើស​នេះ ទើប​តុលាការ​បានសម្រេច​ចោទ​ចំនួន​៤​រួមមាន​ទី​១ ករណី​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ,​ទី​២ រំលោភ​អំណាច និង​ទី​៣ វីតិក្រម (​យកលុយ​លើស​ការកំណត់​) និង​ទី​៤ ករណី​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល របស់​ឈ្មោះ គ្រុយ លឹម​ហេង ប្រព្រឹត្ត​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឱម យិនទៀង ៕

Tag:
 ឱម យិនទៀង​
  ACU
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com