Arsenal បន្តរងបរាជ័យក្នុងដីខ្លួនឯង តាមរយៈការវាយបកយកឈ្នះរបស់ក្រុមភ្ញៀវ Chelsea ក្នុងលទ្ធផល ២-១ នាជំនួបក្របខណ្ឌ Premier League នៅយប់ថ្ងៃទី២៩ ខែធ្នូ។ Manchester United, Manchester City, Leicester City និង Livepool សុទ្ធតែរកបាន៣ពិន្ទុរៀងខ្លួន។
បន្ទាប់ពីលោក Mikel Arteta ឡើងជាអ្នកចាត់ការទូទៅ ក្រុមរហ្សនាមកាំភ្លើងធំ នៅមិនទាន់ស្គាល់រសជាត់ជ័យជម្នះនៅឡើយទេក្នុងការដឹកនាំពីរប្រកួត។ ប្រកួតដំបូងកាំភ្លើងធំបានត្រឹមស្មើ ១-១ ជាមួយ AFC Bournemouth ហើយជំនួបទីពីរចាញ់ Chelsea ២-១។
ក្នុងជំនួបសប្តាហ៍ទី២០ នៅកីឡដ្ឋាន Emirates ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានតែតមួយក្បាលដើម្បីសម្រេចទីឲ្យ Arsenal នាំមុខតោខៀវមួយគ្រាប់មុននៅនាទី១៣ ហើយលទ្ធផលនេះនៅរក្សាដល់ចប់វគ្គទី១។
ចូលដល់វគ្គទីពីរ ការប្រកួតដំណើរការរយៈពេល៣៨នាទីដោយគ្រាប់បាល់ ពោលគឺរហូតដល់នាទី៨៣ទើប ខ្សែបម្រើ Jorginho អាចរកបានគ្រាប់តាមស្មើឲ្យក្រុមលោក Frank Lampard វិញមុនពេលខ្សែប្រយុទ្ធ Tammy Abraham បន្ថែមគ្រាប់ជ័យជម្នះនៅ៤នាទីបន្ទាប់ ដែលធ្វើឲ្យ Chelsea យកឈ្នះ Arsenal ក្នុងលទ្ធល ២-១។
បរាជ័យនេះ បានធ្វើឲ្យ Arsenal មានគម្លាតឆ្ងាយដើម្បីប្រជែងយកតំបន់ Top4 សម្រាប់កៅអី Champions Leageu រដូវកាលក្រោយ។ ក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍នេះ ឈរចំណាត់ថ្នាក់ទី១២ក្នុងតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន មាន២៤ពិន្ទុពីការប្រកួត២០លើក ខណៈ Chelsea នៅរក្សាលេខរៀងទី៤ ដោយមាន៣៥ពិន្ទុ។
បិសាចក្រហម Man Utd នៅតែបន្តឱកាសប្រជែង Top4 ក្រោយពួកគេរកបាន៣ពិន្ទុបន្ថែមពីការយកឈ្នះ Burnley ២-០។ ខ្សែប្រយុទ្ធ Anthony Martial និង Marcus Rashford រកបានម្នាក់មួយគ្រាប់ ដើម្បីជួយក្រុមលោក Ole Gunnar Solskjaer នៅរក្សាចំណាត់ថ្នាក់ទី៥ ដោយរកបាន៣១ពិន្ទុ ពោលគឺតាមពីក្រោយ Chelsea ចំនួន៤ពិន្ទុ។
Leicester អាចរកបានជ័យជម្នះត្រឡប់មកវិញដោយយកឈ្នះ West Ham ២-១ បន្ទាប់ពីពួកគេចាញ់ Liverpool ដល់ទៅ ៤-០ កាលពីជំនួបមុន។ ៣ពិន្ទុបន្ថែមនេះ បានជួយក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Brendan Rodgers នៅរក្សាចំណាត់ថ្នាក់ទី២ ដោយរកបាន៤២ពិន្ទុ នាំមុខ Man City ដែលនៅលេខ៣ ចំនួន១ពិន្ទុ។ ក្រុមលោក Pep Guardiola បានទទួលជ័យជម្នះលើក្រុម Sheffield United ក្នុងលទ្ធផល ២-០ ក្នុងនោះ Sergio Aguero និង Kevin De Bruyne រកបានម្នាក់មួយគ្រាប់។
ដោយឡែក ក្រុមមិនទាន់ស្គាល់ចាញ់ Liverpool នៅតែបង្ហាញភាពខ្លាំងក្លារបស់ពួកគេ ដោយបន្តជ័យជម្នះថែមទៀតនាជំនួបលើកទី២០ក្នុងលីគ ក្រោយឈ្នះ Wolves ១-០។ ខ្សែបម្រើឆ្នើម Sadio Mane ជាអ្នកសម្រេចទីជូនក្រុមលោក Jurken Klopp ដើម្បីកើន៣ពិន្ទុបន្ថែម និងមានពិន្ទុនាំមុខដាច់រហូតដល់១៣ពិន្ទុ ហើយមាន១ប្រកួតក្នុងដៃថែមទៀត។ ហង្សក្រហម រកបាន៥៥ពិន្ទុ និងមានភាគរយខ្ពស់ក្នុងការគ្រងជើងឯ Premier League នៅរដូវកាល ២០១៩-២០នេះ៕