អន្តរជាតិ
ចិន និង​រុស្ស៊ី បន្ត​រក​ការគាំទ្រ​ដើម្បី​បន្ធូរ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​
30, Dec 2019 , 2:44 pm        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ AP
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ AP
​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី ៣០ ខែធ្នូ នឹង​បើក​កិច្ចប្រជុំ​មិន​ផ្លូវការ តាម​សំណើ​របស់​ចិន និង​រុស្ស៊ី លុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​មួយចំនួនធំ​។ កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅពេលនេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ​ឱសានវាទ​ដំណាច់ឆ្នាំ​របស់​កូរ៉េខាងជើង​មកដល់​។


 
​ចិន និង​រុស្ស៊ី បានស្នើ​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​នៅ​ដើមខែ​ធ្នូ​មក ដើម្បី​ជជែក​ពី​ការលុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​។ បើតាម​សំណើ​របស់​ចិន និង​រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខ គួរតែ​លុបចោល បំរាម​នាំចេញ​របស់​កូរ៉េខាងជើង​ដូចជា គ្រឿង​សមុទ្រ វាយទណ្ឌ​(​សំលៀកបំពាក់​) និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​កម្មករ​កូរ៉េខាងជើង​នៅ​បរទេស​។ កិច្ចប្រជុំ​លើកទីមួយ មិនបាន​សម្រេច​ឡើយ​។ ឯនេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​ពីរ​។ 
 
​សំណើ​របស់​ចិន និង​រុស្ស៊ី​បែបនេះ បាន​បង្ក​ឲ្យ​មាន​ភាពមិន​ពេញចិត្ត​ពី​សំណាក់​មន្ត្រីការទូត​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​។ តាមរយៈ​ការលើកឡើង​របស់​មន្ត្រី​ការទូត​ជាច្រើន ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ការស្នើ​របស់​ចិន និង​រុស្ស៊ី ឲ្យ​លើកចោល​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​យ៉ាងច្រើន​បែបនេះ គឺអាច​បំផ្លាញ​ដល់​សាមគ្គីភាព​ក្នុងចំណោម​ក្រុមប្រឹក្សាសន្តិសុខ ដែល​បានអនុម័ត​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​នៅ​ឆ្នាំ ២០១៦ និង​ឆ្នាំ​២០១៧ មក​។ 
 
​អ្នកការទូត​ក្រុមប្រឹក្សាសន្តិសុខ បាន​បន្តទៀតថា អាមេរិក បានដាក់​សេចក្តីថ្លែងការណ៍​ព្រាង​មួយ ជុំវិញ​ទណ្ឌកម្ម​កូរ៉េខាងជើង​នេះ ប៉ុន្តែ​ត្រូវបាន​រុស្ស៊ី និង​ចិន​ច្រានចោល ហើយ​ស្នើ​ឲ្យ​បើក​កិច្ចប្រជុំ​លើក​ទី​ពីរ​នេះ ជំនួស​វិញ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuter​។​
 
​ចំណែក​មន្ត្រីការទូត​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ បាន​ចោទ​ចិន និង​រុស្ស៊ី​ចំៗ​ថា ប្រទេស​ទាំងពីរ​កំពុង​ជួស​សម្រួល​កូរ៉េខាងជើង​ផងដែរ​។ ក្នុងនោះ​រួមមាន​ការតាក់តែង​សេចក្តី​ព្រាង​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​ផ្ទាល់ មុននឹង​ដាក់​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​។ មន្ត្រីការទូត​រូបនេះ បាន​បញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ​មិនអាច​គាំទ្រ សំណើ​របស់​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ​បានទេ ព្រោះ​វា​ប្រៀបដូចជា​គាំទ្រ​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​របស់​កូរ៉េខាងជើង​ដែរ​។ 
 
​ជាការ​ពិតណាស់ ចិន និង​រុស្ស៊ី បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​លុបចោល​ទណ្ឌកម្ម​កូរ៉េខាងជើង​ច្រើន ដើម្បី​ជា​សម្បទាន​ឲ្យ​កូរ៉េខាងជើង ព្រម​ចូល​តុ​ចរចា​ជាមួយ​អាមេរិក ហើយ​ឥឡូវនេះ អាមេរិក អង់គ្លេស និង​បារាំង កំពុង​ពិចារណា​អំពី​បញ្ហា​នេះ​។​
 
​សូមបញ្ជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ច​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​ដាក់​លើ​កូរ៉េខាងជើង​តាំងពី​ឆ្នាំ​២០១៦ និង ២០១៧​នេះ បានធ្វើ​ឲ្យ​កូរ៉េខាងជើង បាត់បង់​ចំណូល​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ជាពិសេស​កិច្ចប្រជុំ​លើក​នេះ គឺធ្វើឡើង​មុន​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​កូរ៉េខាងជើង​ព្រមាន​ថា នឹង​ផ្តល់​កាដូ​ដ៍​សាក​សម​សម្រាប់​អាមេរិក នា​ដំណាច់ឆ្នាំ បើ​អាមេរិក​នៅតែ​មិន​ផ្លាស់ប្តូរ​របៀបវារៈ​រប​ស់​ខ្លួន ក្នុង​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ៕

Tag:
 UNSC
  កូរ៉េខាងជើង​
  ចិន​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com