កីឡាជាតិ
ជាតិ
វីរ​កីឡាការិនី កែ ឡេង ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​ពីរ​
30, Dec 2019 , 4:18 pm        
រូបភាព
វីរកីឡាការិនី កែ ឡេង និងសម្តេច ទៀ បាញ់ (រាប់ពីស្តាំ)ថតរូបជាមួយគ្នាក្រោយបំពាក់ឋានន្តរស័ក្តិ
វីរកីឡាការិនី កែ ឡេង និងសម្តេច ទៀ បាញ់ (រាប់ពីស្តាំ)ថតរូបជាមួយគ្នាក្រោយបំពាក់ឋានន្តរស័ក្តិ
ដោយ:
​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី​(​ផ្កាយ​មួយ​)​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​ពីរ​)​។ ពិធី​បំពាក់​ឋានន្តរស័ក្តិ​នេះ ធ្វើឡើង​ក្រោម​វត្តមាន​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុង​សន្និត​បាត​បូកសរុប​លទ្ធផល​ការងារ​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៩ និង​ដាក់​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ នា​វិមាន​សន្តិភាព​។

 
​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​វីរ​កីឡាការិនី កែ ឡេង ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ទោ​។ ការដំឡើង​ឋានន្តរស័ក្តិ​នេះ ធ្វើឡើង​ក្រោយ​វីរ​កីឡាការិនី​វ័យ​៥៧​ឆ្នាំ​រូបនេះ ឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​ស្ត្រី​និង​យុវជន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​។ 
 
​គួររំលឹកថា វីរ​កីឡាការិនី កែ ឡេង ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់ ក្រោយ​សាង​ភាពល្បីល្បាញ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង​ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​នៅ​បារាំង កាលពី​ឆ្នាំ​២០១៣ កីឡាការិនី​រូបនេះ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ទោ​ទៅជា​អនុសេនីយ៍ឯក​នៅក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ នៅ​ឆ្នាំ​២០១៥ លោកស្រី កែ ឡេង ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​អនុសេនីយ៍ឯក​ទៅ​វរសេនីយ៍ត្រី ក្រោយ​ដណ្តើមបាន​មេដាយមាស​ពិភពលោក​នៅ​ថៃ​។ 
 
​បន្ទាប់មក​កីឡាការិនី​វ័យ​៥៧​ឆ្នាំ​រូបនេះ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ឯក ក្រោយ​ឈ្នះ​មេដាយមាស​ពិភពលោក​លើក​ទី​៣​នៅ​ប្រទេស​ចិន និង​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៧​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​វីរ​កីឡាការិនី កែ ឡេង ពី​វរសេនីយ៍ឯក​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​៕ 

សម្តេច ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិផ្កាយពីរដល់វីរកីឡាការិនី កែ ឡេង, រូបភាពពីមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ


Tag:
 ប៉េតង់​
  កែ ឡេង​
  ទៀ បាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com