អន្តរជាតិ
ចិន​ចេញ​ច្បាប់​ថ្មី​ការពារ​វេជ្ជបណ្ឌិត ក្រោយ​គ្រូពេទ្យ​ស្រី​ម្នាក់​ត្រូវ​ចាក់​ស្លាប់​
30, Dec 2019 , 9:19 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ប្រទេស ចិន បាន​ដាក់ចេញ​ច្បាប់​ថ្មី​មួយ​ជាមួយ​គោលដៅ​បង្ការ​អំពើហិង្សា​ប្រឆាំង​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ​។ ការប្រកាស​នេះ ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​គ្រូពេទ្យ​ស្រី​ម្នាក់ ត្រូវបាន​ចាក់​សម្លាប់ នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង ប៉េកាំង​។

 
​ច្បាប់​នេះ នឹង​ហាមឃាត់​រាល់​បុគ្គល ឬ​ស្ថាប័ន​ទាំង​អស់ពី​ការគំរាមកំហែង ឬ​បៀតបៀន​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​លិ​ក​វេជ្ជសាស្ត្រ​រួមមាន គ្រូពេទ្យ និង​អ្នក​មើលថែ​អ្នកជំងឺ​ជាដើម​។ នេះ​បើ​ការចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន ។ ច្បាប់​នេះ នឹង​ចូល​ជា​ធរមាន នា​ថ្ងៃ ០១ មិថុនា ឆ្នាំ​២០២០ តទៅ​។ 
 
​ក្រោម​ច្បាប់​នេះ បុគ្គល​ដែល​ល្មើស​បម្រាម នឹងត្រូវ​ទទួលទោសរ​ដ្ឋ​បាល ដូចជា ការឃុំខ្លួន ឬ​ពិន័យ​ជា​ប្រាក់​។ ទន្ទឹមនេះ វា​ក៏​នឹង​ដាក់ទោស​មនុស្ស​ដែល​រកឃើញថា ទទួលយក ប្រើប្រាស់ ឬ​ទម្លាយ​ព័ត៌មាន​សុខភាព​ឯកជន​របស់​អ្នកជំងឺ​ដោយ​ខុសច្បាប់​ផងដែរ​។ 
 
​ការដាក់ចេញ​ច្បាប់​នេះ ធ្វើឡើង​ក្រោយពី គ្រូពេទ្យ​ជនជាតិ​ចិន​ភេទ​ស្រី​ម្នាក់ ឈ្មោះថា Yang Wen  ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ Beijing Civil Aviation General ក្នុង​ទីក្រុង​ប៉េកាំង ត្រូវបាន​ចាក់​សម្លាប់​ដោយ​បុរស​ម្នាក់ កាលពី​ថ្ងៃ ២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅពេល​រូបនាង​ប្រចាំការ​នៅ​វេន​សង្គ្រោះបន្ទាន់​។ សារព័ត៌មាន​ចិន​ជាច្រើន ចុះផ្សាយ​ថា បុរស​ជា​ជនដៃដល់​ម្នាក់​នោះ អាចជា​សាច់ញាតិ​របស់​អ្នកជំងឺ​ម្នាក់​ដែល​ទទួល​ការព្យាបាល​នៅ​វេន​សង្គ្រោះបន្ទាន់​ដែល​នាង Yang Wen បាន​បម្រើការ​។ 
 
​មែនទែនទៅ នេះ​ពុំមែន​ជា​ករណី​ហិង្សា ឬ​ស្លាប់​ទីមួយ ដែល​បាន​កើតឡើង​ក្នុង​មន្ទីរពេទ្យ​ចិន​ឡើយ​។ យោងតាម​សារព័ត៌មាន​ចិន CGTN វា​មាន​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ យ៉ាងតិច ១២ ករណី ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា ហើយ​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ ២ នាក់ ត្រូវបាន​គេ​សម្លាប់​ក្នុង​ឆ្នាំ ២០១៨ ។ 
 
​បើតាម​ការស្ទង់មតិ​មួយ កាលពី​ថ្មីៗ​នេះ ដោយ​វេ​ប​សាយ​អន​ឡាញ​មួយ​ឈ្មោះថា Dingxiang Yuan គ្រូពេទ្យ​ប្រមាណ ៨០​ភាគរយ មាន​បទពិសោធ​ទទួលរង​អំពើហិង្សា​នៅ​កន្លែងធ្វើការ​ពួកគេ​។ អត្ថបទ​ដដែល​នេះ ចោទ​ជា​សំណួរ​ថា​៖« គ្រូពេទ្យ​មាន​ទំ​នួ​ស​ខុសត្រូវ​ការពារ​សង្គម​ពី​ជំងឺ​ព្យាបាទ​។ តើន​រណា​ការពារ​គ្រូពេទ្យ​?»​។ 
 
​សូមបញ្ជាក់ថា ក្នុង​ខែតុលា ឆ្នាំ​២០១៩ ស្ត្រី​ជា​វេជ្ជបណ្ឌិត​ម្នាក់ ត្រូវបាន​ចាក់​សម្លាប់​ដោយ​អ្នកជំងឺ​មហារីក​ម្នាក់ នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្ត Lanzhou ប្រទេស​ចិន​។ ហើយ​កាលពី​ខែ សីហា ឆ្នាំ​២០១៨ វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Tianjin ត្រូវបាន​ចាក់​សម្លាប់ ដោយ​បុរស​បីនាក់ ។ ប៉ុន្មាន​ខែ​កន្លងទៅនេះ វេជ្ជបណ្ឌិត​ចិន​ម្នាក់ទៀត ក្នុង​ខេត្ត Anhui ត្រូវបាន​ចាក់​សម្លាប់​ក្រោយពី​ឈ្លោះប្រកែក​ជាមួយ​ស្វាមី​អ្នកជំងឺ​ម្នាក់​។ បច្ចុប្បន្ន មន្ទីរពេទ្យ​ខ្លះ​ក្នុងប្រទេស​ចិន បានចាប់ផ្តើម​បង្ហាត់បង្រៀន​បុគ្គលិក​វេជ្ជសាស្ត្រ​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​៕

Tag:
 ​ចិន​
  វេជ្ជបណ្ឌិត​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com