អន្តរជាតិ
លោកពូ​ទីន អរគុណ​លោក​ត្រាំ​ដែល​ផ្តល់ព័ត៌មាន​សម្ងាត់​ជួយ​រុស្ស៊ី​ផុតពី​ការវាយប្រហារ​ភេរវកម្ម​
30, Dec 2019 , 9:59 pm        
រូបភាព
លោក ពូទីន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (AFP)
លោក ពូទីន (ឆ្វេង) និងលោក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អរគុណ​ដល់​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ សម្រាប់​ព័ត៌មាន​សម្ងាត់​ដែល​បាន​ជួយ​ឲ្យ​រុស្ស៊ី​រួចផុត​ពី​ការវាយប្រហារ​ភេ​រកម្ម នាពេល​ឆ្លង​ឆ្នាំ​ថ្មី ២០២០ ខាងមុខ​។  នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​វិមាន​ក្រេ​ម​ឡាំង​។

 
​មេដឹកនាំ​រុស្ស៊ី និង​អាមេរិក​បាន​ពិភាក្សាគ្នា​តាមរយៈ​ទូរ​សព្ទ នៅ​ថ្ងៃអាទិត្យ ២៩ ខែធ្នូ ។ វិមាន​ក្រេ​ម​ឡាំង បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ព័ត៌មាន​អំពី​ការប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​ដែល​ក្រុង​មូ​ស្គូ​ទទួលបាន គឺ​តាមរយៈ​ភ្នាក់ងារ​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក ។ ក៏ប៉ុន្តែ វិមាន​ក្រេ​ម​ឡាំង ពុំបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ជុំវិញ​រឿងនេះ​ឡើយ​។ 
 
​សារព័ត៌មាន​ក្នុងស្រុក​រុស្ស៊ី នៅពេល​ថ្មីៗ​នេះ បាន​ចុះផ្សាយ​ពី​ការរកឃើញ​ផែនការ​វាយប្រហារ​លើ​ទីក្រុង St Petersburg ដែលជា​ទីក្រុង​ផែ​ជាប់​សមុទ្រ Baltic  នាពេល​ឆ្លង​ឆ្នាំ​ថ្មី ២០២០ ខាងមុខ​។ ទាក់ទិន​នឹង​រឿងនេះ ជនជាតិ​រុស្ស៊ី ២ នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន ហើយ​គម្រោង​វាយប្រហារ​លើ​ទីប្រជុំជន​របស់​ពួកគេ ត្រូវបាន​ទប់ស្កាត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដោយ​ដកស្រង់​ការលើកឡើង​របស់​ទីភ្នាក់ងារ​សម្ងាត់​រុស្ស៊ី (FSB) ។​
 
​វិមាន​ក្រេ​ម​ឡាំង លើកឡើង​ទៀតថា អំឡុង​កិច្ចសន្ទនា​តាមរយៈ​ទូរ​សព្ទ​ដដែល លោក ពូ​ទីន បាន​សន្យា​ជួយ​ផ្តល់ព័ត៌មាន​ទៅវិញ អំពី​ការគំរាមកំហែង​ភេរវកម្ម​ប្រឆាំង​សហរដ្ឋអាមេរិក​។ មែនទែនទៅ ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​ប្រធានាធិបតី ពូ​ទីន និង​លោក​ត្រាំ បាន​ជជែក​ពិភាក្សា​តាមរយៈ​ទូរ​សព្ទ និង​ដោយផ្ទាល់ ជាច្រើនលើក ហើយ​សម្រាប់​កិច្ចសន្ទនា​កន្លងមក មេដឹកនាំ​ទាំងពីរ ជារឿយៗ ជជែក​ពី​បញ្ហា​ស៊ី​រី កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ក៏ដូចជា​ពាណិជ្ជកម្ម​។ 
 
​គួររំឭកថា កាលពី​ខែធ្នូ ឆ្នាំ​២០១៧ លោក ពូ​ទីន ក៏​ធ្លាប់​អរគុណ​ដល់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រាប់​ការព្រមាន​ផ្សេង​មួយទៀត​ពី​សំណាក់​ភ្នា​ក់​សម្ងាត់​អាមេរិក ដែល​ម្តងទៀត​ត្រូវបាន​គេ​មើលឃើញថា បញ្ចៀស​ផែនការ​ភេរវកម្ម​មួយ​ក្នុង​ទីក្រុង St Petersburg ។ ដោយមាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គល​នឹង​បុគ្គល មេដឹកនាំ​ទាំងពីរ ក៏បាន​ប្តេជ្ញា​សហការគ្នា​ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ដោយ​ប្រទេស​ទាំងពីរ យល់ឃើញ ពួកគេ​រង​ការគំរាមកំហែង​ដូចគ្នា​ពី​សំណាក់​ក្រុម​រដ្ឋ​ឥស្លាម ISIS៕

Tag:
 រុស្ស៊ី​
  សហរដ្ឋអាមេរិក​
  ពូ​ទីន​
  ដូ​ណា​ល់​ត្រាំ​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com