កីឡាអន្តរជាតិ
អន្តរជាតិ
West Ham យក Moyes ទៅ​ដឹកនាំ​សារជាថ្មី ក្រោយ​បញ្ចប់​តំណែង Pellegrini
30, Dec 2019 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
West Ham United បានតែងតាំង​លោក David Moyes ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​សារជាថ្មី​ម្តងទៀត ក្រោយពី​បញ្ចប់​តំណែង​លោក Manuel Pellegrini​។ ក្រុម​រហស្សនាម​ញញួរ ស្ថិតនៅលើ​ក្រុម​ត្រូវ​កាត់ចោល​១​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ការប្រកួត​១៩​លើក​នៅ Premier League បើ​ទោះ​ក្លិប​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទិញ​កីឡាករ​ចូល​ក្តី​។​


 
​ភ្លាមៗ ក្រោយ​ចាញ់ Leicester City ២-១ លោក Pellegrini អ្នកចាត់ការ​សញ្ជាតិ​ស៊ី​លី​ត្រូវបាន West Ham បណ្តេញ​ចេញពី​តំណែង​។ នេះ​ជា​បរាជ័យ​ទី​៩ របស់ West Ham ក្នុងការ​ប្រកួត​១២​លើកចុងក្រោយ​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។​
 
​លោក Pellegrini វ័យ​៦៦​ឆ្នាំ ដែលជា​អតីត​អ្នកចាត់ការ Manchester City និង Real Madrid មិនបាន​ជួយ​អ្វី​ដល់ West Ham ឲ្យ​សម​នឹង​ការចំណាយ​ប្រាក់​ក្នុងការ​ទិញយក​កីឡាករ​ល្អៗ​ទៅ​រួម​ក្រុម​ឡើយ​។ ចំណោម​១៩​ប្រកួត ក្រុម​ញញួរ​រកបាន​ជ័យជម្នះ​តែ​៥​លើក​ប៉ុណ្ណោះ ក្នុងនោះ​ចាញ់​១០ និង​ស្មើ​៤ មាន​១៩​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​១៧​។​
 
​អតីត​គ្រូ Everton និង Manchester United លោក Moyes នឹង​ឡើងទៅ​ជំនួស​លោក Pellegrini ដើម្បី​ស្តា​រស្ថានភាព​អាក្រក់​នេះ​វិញ​។ អ្នកចាត់ការ​សញ្ជាតិ​ស្កុ​តឡែ​ន វ័យ​៥៦​ឆ្នាំ​រូបនេះ​ធ្លាប់​ដឹកនាំ West Ham បាន​៦​ខែ​ដែរ​ចន្លោះ​ពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ដល់​ខែឧសភា ឆ្នាំ​២០១៨ ពោលគឺ​ក្រោយ​ប់​រដូវ​កាល ២០១៧-១៨ ដោយ​ជួយ​ក្រុម​នេះ​គេច​ពី​តំបន់​ត្រូវ​កាត់ចោល​។ កាលនោះ​លោក Moyes ឡើងទៅ​ជំនួស​លោក Slaven Bilic ក្នុងនាម​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​
 
Moyes នឹងត្រូវ​ដឹកនាំ West Ham ក្នុងជំនួប​ដំបូង​ក្នុង​លី​គ​សប្តាហ៍​ទី​២០​របស់​ពួកគេ ដោយ​ត្រូវ​ជួប​ជាមួយ AFC Bournemouth នៅ​រាត្រី​ថ្ងៃទី​២ ខែ​មក​រា ឆ្នាំ​២០២០៕

Tag:
 West Ham
© រក្សាសិទ្ធិដោយ thmeythmey.com