សិល្បករ​ល្បីៗ​និង​មាន​ស្នាដៃ ដែល​បាន​លាចាក​លោក​ក្នុង​ឆ្នាំ​២០១៩
ជាតិ
សិល្បះ
សិល្បករ​ល្បីៗ​និង​មាន​ស្នាដៃ ដែល​បាន​លាចាក​លោក​ក្នុង​ឆ្នាំ​២០១៩
31, Dec 2019 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត ព្រឹទ្ធាចារ្យ រស់ គង់ អ្នកស្រី គង់ ណា​រី លោក ផ្លុ​ង មឿ​ក និង​លោក សាន ម៉ៅ ជាដើម ស្ថិតក្នុង​ចំណោម​សិល្បក​រ​ដែលមាន​ស្នាដៃ ក្នុង​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បានទទួល​មរណភាព​នៅ​ឆ្នាំ​២០១៩​។​


 
​សារព័ត៌មាន ThmeyThmey សូម​លើក​យកតែ​នាដកា​របាំ និង​សិល្បករ ដែល​ល្បី​និង​មាន​ស្នាដៃ​ក្នុង​សិល្បៈ​វប្បធម៌​ជាតិ មក​ជម្រាបជូន​លោកអ្នក​តែប៉ុណ្ណោះ​។ ខាងក្រោម​នេះ ជា​សម្រង់​ឈ្មោះ​បុគ្គល​ល្បីៗ និង​មាន​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ ដែល​បាន​សុគត និង​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១៩៖
 
២០​មករា​៖ អ្នកស្រី គង់ ណា​រី  ជា​អ្នកនិពន្ធ​ដ៏​ល្បីឈ្មោះ​មួយរូប តាំងពី​ទសវត្សរ៍​ទី​៨០ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៦៥​ឆ្នាំ ដោយ​រោគាពាធ​។​
 
២៥​មករា​៖ កញ្ញា ខេមរៈ ស្រី​ពៅ តារាចម្រៀង​សម័យថ្មី ទទួលមរណភាព​ដោយសារ​ជំ​ងឹ​រ៉ាំរ៉ៃ ក្នុង​អាយុ​២៦​ឆ្នាំ​។ 
 
៤​កុម្ភៈ​៖ ព្រឹទ្ធាចារ្យ រស់ គង់ ជា​នាដកា​របាំ​បុរាណ ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ តួ​នាយ​រោង​។ ព្រឹទ្ធាចារ្យ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកណ្ដាល​រូបនេះ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៥​ឆ្នាំ​។ 
 
១៥​កុម្ភៈ​៖ លោក ផ្លុ​ង មឿ​ក​ អ្នកចម្រៀង​អា​យ៉ៃ​ជើងចាស់ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ក្រោយពី​ធ្លាក់ខ្លួន​ឈឺ​អស់​ជាច្រើន​ឆ្នាំ​។ 
 
២​តុលា​៖ លោក សាន ម៉ៅ តារា​កំប្លែង​ដែលមាន​ប្រជាប្រិយ​ខ្ពស់​។ 
 
១៥​វិច្ឆិកា​៖ ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត ជា​សិល្បករ​ល្ខោនបាសាក់​ដ៏​ឆ្នើម​។ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ព្រឹទ្ធាចារ្យ អ៊ុំ សា​មិត្ត ដែល​ទទួលបាន​គោរមងារ​ជានា​ដ​ភក្ដី​និម្មិត បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​។​
 
១៨​វិច្ឆិកា​៖ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី​។ ព្រះ​អង្គជា​នាដកា​ឯក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​ទ្រង់​ក៏​ជា​អ្នកធ្វើ​ឱ្យ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ រស់​ឡើងវិញ​ក្រោយ​របប​ខ្មែរក្រហម​ដែរ​។ ព្រះអង្គ​បាន​សុគត​ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា​។ 
 
២៨​ធ្នូ​៖ តារា​កំប្លែង លោក សួន សុខ​ហ៊ីម ហៅ​នាយ​ស្មាញ បានទទួល​មរណភាព​ក្នុង​អាយុ​៦៨​ឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ​៦០​ម៉ែត្រ​កែង​៣០​ម៉ែត្រ ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕ 

Tag:
 សិល្បៈ​
  សិល្បករ​
  លាចាក​លោក​
 ​មរណៈភាព
© រក្សាសិទ្ធិដោយ thmeythmey.com