កីឡាជាតិ
ជាតិ
កីឡាការិនី ណុប ដាលីន ហាត់​ល្បុក្កតោ ព្រោះ​ចង់​អភិរក្ស និង​ធ្វើជា​គ្រូបង្វឹក​
31, Dec 2019 , 8:39 am        
រូបភាព
ដោយ:
​ដោយសារ​ចង់​ក្លាយជា​ចំណែក​មួយ​ក្នុងការ​ចូលរួម​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ កីឡាការិនី ណុប ដាលីន បានសម្រេច​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​។ កីឡាការិនី​វ័យ​១៨​ឆ្នាំ​រូបនេះ ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​ទៅ​ថ្ងៃ​អនាគត​។ ការហ្វឹកហាត់​គុន​ល្បុក្កតោ​នេះ​ទៀតសោត ដាលីន ចង់បង្ហាញ​ផងដែរ​ថា ស្ត្រី​ក៏​អាចធ្វើ​បាន​ដូច​បុរស​ដែរ​។

 
​ស្រលាញ់ គឺជា​ហេតុផល​តែមួយគត់ ដែល​ជំរុញ​ឲ្យ​កីឡាការិនី ណុប ដាលីន សុំ​ឪពុកម្តាយ​ចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​។ ស្ថិតក្នុង​វ័យ​១៨​ឆ្នាំ តែ ដាលីន មាន​ទស្សនវិស័យ​វែងឆ្ងាយ​ចំពោះ​ក្បាច់គុន​មួយ​នេះ ដោយ នាង​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​ទៅ​ថ្ងៃ​អនាគត​។ ការចង់​ធ្វើជា​គ្រូបង្វឹក ព្រោះ​យុវតី​រូបនេះ ចង់​ក្លាយជា​ចំណែក​មួយ​ក្នុងការ​រួមចំណែក​ថែរក្សា ការពារ អភិរក្ស និង​អភិវឌ្ឍ​ក្បាច់គុន​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស និង​កាន់តែ​រីកចម្រើន​។ 
 
​គោលបំណង​សំខាន់​មួយទៀត គឺ​យុវតី​រូបនេះ ចង់បង្ហាញ​ពិភពលោក​ឲ្យ​ឃើញថា ស្ត្រី​ក៏​អាចធ្វើ​បាន​ដូច​បុរស​ដែរ ជាពិសេស​នាង​ចង់​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ចាស់​ជំនាន់​មុន ដែលថា ស្ត្រី​មិនគួរ​ហាត់​ក្បាច់គុន​ទេ ព្រោះ​ខ្លាច​គ្មាន​បុរស​ស្រលាញ់​។ តែ​សម្រាប់ ដាលីន គឺ​មិនបាន​ខ្វល់​ពី​ទស្សន​នេះឡើយ ហើយ នាង លើកឡើងថា បើ​គ្មាន​អ្នក​ស្រលាញ់​ក៏​ហី​ទៅ​ចុះ អ្វីដែល​សំខាន់ គឺ​ស្ត្រី​គ្រប់រូប​ត្រូវ​ហ៊ាន​ធ្វើតាម​អ្វី ដែល​ខ្លួន​ស្រលាញ់​។  


 
​កីឡាការិនី​វ័យ​១៨​ឆ្នាំ​រូបនេះ អះអាងថា សម្រាប់​ការចូល​ហ្វឹក​ហាត់គុន​ល្បុក្កតោ​នេះ នាង មិន​ធ្លា​ប់រង​នូវ​ការរិះគន់ ឬ​ហាមឃាត់​ពី​សំណាក់​ឪពុកម្តាយ អ្នកជិតខាង ឬ​មហាជន​ឡើយ​។ ផ្ទុយទៅវិញ នាង តែងតែ​ទទួលបាន​ការគាំទ្រ លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ពី​ឪពុកម្តាយ បងប្អូន និង​អ្នកជិតខាង​។ កត្តា​នេះ​ជួយ​ឲ្យ នាង មាន​ទឹកចិត្ត​កាន់តែខ្លាំង​ក្នុងការ​ហ្វឹកហាត់ និង​បន្ត​ដើរ​លើ​វិថី​នេះ​ទៅមុខទៀត​។ 
 
​ក្រោយ​ចូល​ហ្វឹកហាត់​ក្នុង​សាលា​គុន DPIS បាន​ប្រមាណ​១​ឆ្នាំ សិស្ស​រៀន​ថ្នាក់​ទី​១២​នៅ​សាលា​អាមេរិកកាំង​ប្រ៊ី​ដ​រូបនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្លិប​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩​។ ជា​លទ្ធផល​កីឡាការិនី​រូបនេះ​ដណ្តើមបាន​មេដាយប្រាក់​១​លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេគុន​ព្រលឹង​ល្បុក្កតោ​។​
 
​កីឡាការិនី ណុប ដាលីន ចង់​តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ ជាមួយគ្នានេះ នាង ប្តេជ្ញា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ចាប់យក​ឱកាស​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​។ ព្រោះ​វា​ជា​ឈ្នាន់​មុន​ឈានទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​៕  

Tag:
 ល្បុក្កតោ​
  ណុប ដាលីន​
  ជើងឯក​ថ្នាក់ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com