ជាតិ
សង្គមជាតិ
សៀមរាប ក្រចេះ ត្បូងឃ្មុំ រតនគិរី និងភ្នំពេញ កំពុងត្រៀមទទួលភ្ញៀវឆ្លងឆ្នាំ២០២០ រូបភាពពីមន្ទីរទេសចរណ៍ខេត្តសៀមរាបនិង ខេត្តរតនគិរី
× ភ្នំពេញ៖ បណ្តាខេត្តមួយចំនួនបានរៀបចំកម្មវិធីកម្សាន្ត និងតុបតែងលម្អដោយភ្លើងចម្រុះពណ៌ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ និងត្រៀមទទួលស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០២០។ បណ្តាខេត្តដែលរៀបចំសម្រាប់ថ្ងៃឆ្លងឆ្នាំសកលនេះ រួមមានខេត្តសៀមរាប ក្រចេះ ត្បូងឃ្មុំ រតនគិរី និងរាជធានីភ្នំពេញ។ រដ្ឋបាលខេត្តនីមួយៗ សង្ឃឹមថានឹងមានពលរដ្ឋជាច្រើនកុះករចូលរួមសប្បាយរីករាយ។
នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ជាពិសេសតំបន់ផាប់ស្ទ្រីត និងតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រូវបានរៀបចំដំឡើងភ្លើងចម្រុះពណ៌ និងផ្ទាំងបដា ត្រៀមស្វាគមន៍ឆ្នាំសកល ឆ្នាំ២០២០។ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីស្វាគមន៍ឆ្នាំសកលនៅបរិវេណសួនច្បារព្រះរាជដំណាក់ ដែលគ្រោងមានកម្មវិធីកម្សាន្ត ការតាំងពិព័រណ៍ ការសម្ដែងសិល្បៈ រួមនិងការបាញ់កាំជ្រួចនៅទីនោះផង។ អភិបាលខេត្ត លោក ទៀ សីហា ក៏គ្រោងចូលរួមកម្មវិធីដ៏ពិសេសនេះដែរ។
សម្រាប់ខេត្តក្រចេះឯណោះវិញ រដ្ឋបាលខេត្តក្រចេះបានរៀបចំរមណីយដ្ឋានចំនួន១៨កន្លែងសម្រាប់ត្រៀមទទួលភ្ញៀវទេសចរនាពិធីបុណ្យចូលឆ្នាំសកលនេះ។ រមណីយដ្ឋានដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេគឺ សហគមន៍អេកូទេសចរណ៍កោះទ្រង់។ នៅក្នុងរមណីយដ្ឋាននេះពលរដ្ឋអាចកម្សាន្តលេងដោយជិះសេះ និងដើរទស្សនាដើមក្រូចថ្លុង។ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ពលរដ្ឋអាចទស្សនាសត្វផ្សោត។ សហគមន៍ទេសចរណ៍កោះផ្តៅ និងសហគមន៍ទេសចរណ៍កោះសោមសិប ភ្ញៀវទេសចរអាចជិះទូកមើលថ្ងៃរះ និងថ្ងៃរៀបលិច គយគន់ព្រៃលិចទឹក សត្វស្លាប និងប្រភេទត្រីកម្រ ជាពិសេសអាចបោះតង់ស្នាក់នៅលើកោះ ស្របយកខ្យល់ត្រជាក់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។
រូបភាពពីក្រសួងទេសចរណ៍
ខេត្តត្បូងឃ្មុំ ក៏មិនខុសពីខេត្តដទៃដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធី Count Down ដែលមានការប្រគំតន្ត្រី និងរាំកម្សាន្តទល់ភ្លឺ និងមានការបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី។ បើតាមការផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្ត អំពាវនាវឲ្យពលរដ្ឋ និងភ្ញៀវទេសចរចូលរួមឲ្យបានច្រើនសន្លឹកសន្ធាប់។
ចំពោះខេត្តរតនគិរីវិញ ក៏មិនចាញ់បណ្តាខេត្តផ្សេងៗប៉ុន្មានដែរ។ រដ្ឋបាលខេត្តរតនគិរី បានរៀបចំដំឡើងភ្លើងពណ៌ចម្រុះសម្រាប់ត្រៀមទទួលភ្ញៀវទេសចររួចហើយ។
នៅក្នុងរាជធានីភ្នំពេញវិញ ក៏មានរៀបចំពិធីបាញ់កាំជ្រួច ដំឡើងភ្លើងព័ណ៌ និងមានការប្រគុំតន្ត្រីផងដែរ នៅមុខណាហ្គាវើល សួនច្បារវត្តបទុម នៅកោះពេជ្រ និងនៅតំបន់បឹងកក់ជាដើម។ នេះបើតាមការបញ្ជាក់ពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
ដើម្បីឲ្យឱកាសឆ្លងឆ្នាំថ្មី ឆ្នាំ២០២០នេះ ប្រកបដោយភាពមហោឡារិក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឲ្យម្ចាស់រមណីយដ្ឋាន ម្ចាស់ផ្ទះសំណាក់ និងអាជ្ញាធរ ត្រូវរៀបចំធានាឲ្យបាននូវ សុខសុវត្ថិភាព អនាម័យ និងតម្លៃសមរម្យ។ ជាពិសេស រួមគ្នាសំអាតសំរាម និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ៕
រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី
រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី
រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
Tag:
ឆ្លងឆ្នាំ
ខេត្ត
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com