កីឡាអន្តរជាតិ
អន្តរជាតិ
Dortmund កាត់មុខ Man Utd ដណ្តើមបាន Haaland ពី Salzburg
× Borussia Dortmund ជោគជ័យក្នុងការទិញយកខ្សែប្រយុទ្ធកំពុងឡើងជើង Erling Braut Haaland ពីក្រុម Red Bull Salzburg ក្នុងតម្លៃ ២២,៣៩លានដុល្លារអាមេរិក។ Haaland ដំបូងឡើយជាគោលដៅសំខាន់របស់អ្នកចាត់ការ Ole Gunnar Solskjaer ដើម្បីទិញចូលក្រុម Manchester United ផងដែរ។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ សញ្ជាតិន័រវែសរូបនេះ នឹងចុះកិច្ចសន្យាជាមួយក្រុមនៃលីគកីឡាបាល់ទាត់កំពូលរបស់អាល្លឺម៉ង់ រយៈពេល៤ឆ្នាំ។
Haaland ដែលមានកំណើតនៅក្នុងក្រុង Leeds ចក្រភពអង់គ្លេស គឺជាកូនប្រុសរបស់អតីតកីឡាករ Leeds United និង Manchester City លោក Alf-Inge Haaland។ រូបគេ ក៏ទើបតែផ្លាស់ពីក្រុម Molde នៃលីគកំពូលន័រវែស ទៅកាន់ក្រុម Salzburg កាលពីខែមករា ឆ្នាំ២០១៩។
រយៈពេលជិតមួយឆ្នាំជាមួយក្រុមនៅអូទ្រីស Haaland បានបង្ហាញទម្រង់លេងដ៏លេចធ្លោ ជាពិសេសក្នុងក្របខណ្ឌ Champions League រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានដល់ទៅ៨គ្រាប់ នាការប្រកួតវគ្គចែកពូល។ ដោយសារទេពកោសល្យទាំងអស់នេះហើយទើបធ្វើឲ្យរូបគេទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមធំៗនៅតំបន់អឺរ៉ុប ដូចជា Juventus និង Man Utd ជាដើម។
ប៉ុន្តែយ៉ាងណាក៏ដោយ Dortmund ឯណោះទេដែលអាចទទួលបាន Haaland ទៅរួមក្រុម។ Haaland ដែលនឹងធ្វើដំណើរទៅរួមក្រុមអាល្លឺម៉ង់នៅថ្ងៃទី៣ ខែមករាខាងមុខ បានរៀបរាប់ពីអារម្មណ៍ខ្លួនថា៖«ខ្ញុំមានអារម្មណ៍ថា ត្រឹមត្រូវហើយដែលខ្ញុំចង់ប្តូរទៅក្លិបថ្មី ដោយជ្រើសរើសយក Dortmund ដែលជាក្រុមដ៏អស្ចារ្យ និងមានអ្នកគាំទ្រទស្សនាដ៏ច្រើនរហូតជាង៨ម៉ឺននាក់នេះ»។
Haaland ថែមទាំងសន្យាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន ឲ្យកាន់តែលេចធ្លោថែមទៀតក្នុងវិស័យកីឡាបាល់ទាត់នេះ៕
Tag:
Borussia Dortmund
Erling Braut Haaland
© រក្សាសិទ្ធិដោយ thmeythmey.com