អន្តរជាតិ
វៀតណាម ដាក់គោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៤៥ ប្រភពរូប៖ Vietnam Express
× នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) លើកឡើងថា ប្រទេស វៀតណាម នឹងព្យាយាមរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងគោលដៅក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ ត្រឹមឆ្នាំ ២០៤៥ ។ ក៏ប៉ុន្តែ មេដឹកនាំវៀតណាមរូបនេះ អះអាងថា មហិច្ឆតានេះ អាចត្រូវពន្យារពេល ២ ឬ ៣ ឆ្នាំ ប្រសិនបើកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន ដែលស្ថិតក្នុងរង្វង់ ៧ ភាគរយ ថមថយកម្លាំង។
ក្នុងជំនួបជាមួយអភិបាលខេត្ត និងក្រុងរបស់វៀតណាមមួយកាលពីថ្ងៃទី៣០ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុក គូសបញ្ជាក់ថា ចំណូលជាតិសរុប (GNI) ក្នុងប្រជាជនម្នាក់ៗ របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៩នេះ គឺស្មើនឹងជិត ២៨០០ ដុល្លារ ។ ចំពោះតួលេខ វៀតណាម ស្ថិតក្នុងថ្នាក់ប្រទេសមានសេដ្ឋកិច្ចមានប្រាក់ចំណូលមធ្យមកម្រិតទាប ។
យោងតាមធនាគារពិភពលោក ប្រទេសដែលចំណូលជាតិសរុប (GNI) ក្នុងប្រជាជនម្នាក់ៗ ចន្លោះពី ១ ០២៦ និង៣ ៩៩៥ ត្រូវបានចាត់ថ្នាក់ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប (lower-middle income)។ បណ្តាប្រទេសផ្សេងទៀតដែលចូលក្នុងចំណាត់ថ្នាក់នេះ គឺមានដូចជាកម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express លោក ង្វៀន សួនហ្វុក បញ្ជាក់ទៀតថា ក្នុងពេលឆាប់ៗខាងមុខ វៀតណាម អាចក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ (upper-middle income) ដែលមាន GNI ក្នុងប្រជាជនម្នាក់ៗ ចន្លោះពី ៣ ៩៩៦ដុល្លារដល់ ១២ ៣៧៥ដុល្លារ ។ ក្រុមប្រទេសេនេះ គឺមានដូចជា ចិន ម៉ាឡេស៊ី ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងថៃ។
ក៏ប៉ុន្តែ ដើម្បីសម្រេចងារជាប្រទេសមានប្រាក់ចំណូលខ្ពស់ ត្រឹមឆ្នាំ២០៤៥ វៀតណាម នឹងត្រូវការរក្សាល្បឿនសេដ្ឋកិច្ចបច្ចុប្បន្នខ្លួនក្នុងរយៈពេល២ទសវត្សរ៍ខាងមុខទៀត។ លោកនាយករដ្ឋមន្ត្រីវៀតណាម លើកឡើងបែបនេះ ដោយសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចធ្លាក់ចុះយឺតជាងមុន នឹងធ្វើឲ្យគោលដៅរបស់វៀតណាមសម្រេចយឺតពីរ ឬបី ឆ្នាំ។ សម្រាប់ក្រុមប្រទេស ឬតំបន់មានប្រាក់ចំណូលខ្ពស់ ជាមួយ GNI ក្នុងប្រជាជនម្នាក់ៗ ចាប់ពី ១២ ៣៧៦ ឡើងទៅ គឺរួមមាន អូស្រា្តលី ហ្វាំងឡង់ ហុងកុង ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងសហរដ្ឋអាមេរិកជាដើម។
សូមបញ្ជាក់ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ដែលស្ថិតក្នុងរង្វង់ ៧,០២ ភាគរយ ក្នុងឆ្នាំ២០១៩ គឺលើសពីគោលដៅរបស់សភាដែលស្មើនឹង ៦,៦ភាគរយទៅ៦,៨ ភាគរយ ក៏ដូចជា ការប៉ាន់ស្មានរបស់អង្គការអន្តរជាតិមួយចំនួនដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។ តួលេខនេះ បានធ្លាក់យឺតជាងឆ្នាំ ២០១៨ ដែលស្មើនឹង ៧,០៨ ភាគរយ ប៉ុន្តែរក្សាតំណែងជាតួលេខខ្ពស់បំផុតលំដាប់ទី២របស់វៀតណាមក្នុងពេល១០ឆ្នាំចុងក្រោយ៕
Tag:
វៀតណាម
ប្រទេសមានប្រាក់ចំណូលខ្ពស់
នាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com