អន្តរជាតិ
ហ្វីលីពីន៖ ចំនួនអ្នកស្លាប់ដោយសារព្យុះ Phanfone ឡើងដល់ ៥០នាក់ រូបភាព៖ AFP
× ចំនួនមនុស្ស ដែលស្លាប់ដោយសារខ្យល់ព្យុះ Phanfone បានកើនឡើងរហូតដល់ ៥០នាក់។ ព្យុះនេះ បានបំផ្លាញផ្ទះសម្បែង ដំណាំ និងហេដ្ឋារចនាសម្ពន្ធជាច្រើន។ នេះបើតាមការអះអាងរបស់អាជ្ញាធរហ្វីលីពីន នៅថ្ងៃទី៣១ ខែធ្នូ។
ព្យុះ Phanfone បានបោកបក់លើហ្វីលីពីនតាំងពីថ្ងៃទី២៤ ធ្នូមកម្លេះ ហើយបានបំផ្លាញផ្ទះរបស់ប្រជាជន និងធ្វើឲ្យប៉ះពាល់ដល់អគារពាណិជ្ជកម្មមួយចំនួន នៅភាគកណ្ដាលនៃកោះ Visayas ហ្វីលីពីន។ គ្រោះមហន្តរាយនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង ២លាននាក់។
ទាក់ទងនឹងបញ្ហានេះ មនុស្សយ៉ាងយោចណាស់ ៨ម៉ឺននាក់ ត្រូវបានជម្លៀស និងស្នាក់នៅជម្រកបណ្តោះអាសន្នសិន ហើយប្រជាជនទាំងនេះ អាចស្នាក់នៅកន្លែងនេះ រហូតដល់ឆ្នាំថ្មីក៏ថាបាន។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Mark Timbal ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ។
បើទោះបីជាព្យុះបានស្ងប់ទៅហើយមែន ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនដល់៥០នាក់, ហើយមនុស្ស៥នាក់ទៀត បានបាត់ខ្លួន និងមនុស្សចំនួន១៤៣នាក់ទៀត បានរងរបួស។
សូមបញ្ជាក់ថា ព្យុះ Phanfone និងមានឈ្មោះមួយទៀត ដែលត្រូវបានប្រជាជនហ្វីលីពីនហៅថា Ursula បានបំផ្លាញ ផលដំណាំរបស់ប្រជាជន ផ្ទះសម្បែង ហេដ្ឋារចនាសម្ពន្ធ។ ជាពិសេស វាបានបណ្តាលឲ្យប្រជាជនជាច្រើនលាននាក់ រស់នៅក្នុងភាពក្រីក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com