អន្តរជាតិ
ថៃ​៖៤​ថ្ងៃ​អំឡុង​ឆ្លង​ឆ្នាំ​ថ្មី អ្នកស្លាប់​លើ​ដងផ្លូវ​កើន​ដល់ ២០៨ នាក់​
31, Dec 2019 , 4:22 pm        
រូបភាព
រូបភាព៖ Thaiger
រូបភាព៖ Thaiger
ដោយ:
​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ដែល​បាន​កើតឡើង​ចំនួន ១៩៨៨ ករណី បានសម្លាប់​មនុស្ស ២០៨ នាក់ និង​របួស ២០៣១​នាក់ អំឡុងពេល​៤​ថ្ងៃ​នៃ​ដំណើរ​កម្សាន្ត​ឆ្លង​ឆ្នាំ​ថ្មី ២០២០ រាប់​ចាប់​ពីថ្ងៃ​សុក្រ ដល់​ថ្ងៃ​ចន្ទ ៣០ ធ្នូ ឆ្នាំ​២០១៩ ។​

 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ មន្ត្រី​ថៃ បាន​អះអាង​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែធ្នូ ថា តួលេខ​អ្នកស្លាប់​និង​របួស នៅតែមាន​កម្រិត​ខ្ពស់ ទោះបីជា​អាជ្ញាធរ​ព្យាយាម​ធ្វើ​យុទ្ធនាការ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ក៏ដោយ​។ តួលេខ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់បំផុត គឺ​កើតឡើង​ក្នុង​ខេត្ត ឈៀង​ម៉ៃ ដែលជា​ទិសដៅ​ទេសចរណ៍​ពេញនិយម​បំផុត គឺមាន​ដល់​ទៅ ៦១​ករណី​។ 
 
​តាម​ប្រភព​ដដែល នៅ​ថ្ងៃ​អង្គារ​នេះ អាជ្ញាធរ​ថៃ បន្ត​ពង្រឹង​កិច្ចប្រឹងប្រែង​ក្នុងការ​អនុវត្ត​យុទ្ធនាការ​សម្រាប់​សុវត្ថិភាព​ផ្លូវថ្នល់ ព្រោះថា​មនុស្ស​ភាគច្រើន នឹង​នាំគ្នា​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ហើយ​វា​ងាយ​នឹង​កើត​គ្រោះថ្នាក់​ចរាចរណ៍​ខ្លាំងណាស់​។ 
 
​បើ​រាប់​តែ​ថ្ងៃ​ចន្ទ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ បាន​កើតឡើង​ចំនួន ៤៨៥​ករណី ដែល​ក្នុងនោះ មនុស្ស ៤៨​នាក់ បាន​ស្លាប់ និង ៤៨៤ នាក់​ផ្សេងទៀត រងរបួស​។ ការផឹក​គ្រឿង​ស្រវឹង​ហើយ​បើកបរ​នៅតែ​ជា​មូលហេតុ​ដ៏​ធំ  ដែល​ស្មើនឹង ៣៣ ភាគរយ និង​បើក​ដោយ​ល្បឿន​លឿន ស្មើនឹង ២៨​ភាគរយ​។ ក្នុង​គ្រោះថ្នាក់​ទាំងអស់ អ្នកបើកបរ​ម៉ូតូ​រងគ្រោះ​ច្រើនជាងគេ ដែល​ស្មើនឹង ៨១,៨​ភាគរយ​។ ម្យ៉ាងវិញទៀត ចាប់ពី​ថ្ងៃ​សុក្រ ទី​២៧ ខែធ្នូ ដល់​ថ្ងៃ​ចន្ទ ទី​៣០ ខែធ្នូ មនុស្ស​ចំនួន ៤៨៥៦​នាក់ ត្រូវបាន​កាត់ទោស​ពីបទ​ផឹក​គ្រឿង​ស្រវឹង​ហើយ​បើកបរ និង ៦៣​នាក់​នៃ​ពួកគេ បាន​បំពាន​ផ្ទួនៗ​។ 
 
​សូមបញ្ជាក់ថា មនុស្ស ១៣ ៦៩២​នាក់ បាន​ស្លាប់ និង​៧៥៧ ០១០ នាក់​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​ថៃ អំឡុងពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ។ ជា​មធ្យម គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ៤៥​នាក់​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ ចុះផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។ បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​លំដាប់​ទី​៨ ដែលមាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​អាក្រក់​បំផុត​លើ​ពិភពលោក​៕

Tag:
 ​ថៃ​
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com