អន្តរជាតិ
ចិន បង្កើនចំនួននាវាចម្បាំងដើម្បីសម្រេចមហិច្ឆតាទ័ពជើងទឹក នាវាចម្បាំងពិឃាតរបស់ទ័ពជើងទឹកចិន។ រូបភាព Xinhua
× មហាអំណាចចិន កំពុងពង្រឹងសមត្ថភាពទ័ពជើងទឹករបស់ខ្លួនដោយមិនបង្អង់ដៃឡើយឲ្យស្របនឹងមហិច្ឆតាប្រែក្លាយទ័ពជើងទឹករបស់ខ្លួនទៅជាទ័ពសម័យទំនើបដែលអាចធ្វើដំណើរបានឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន។ បន្ថែមពីលើការដាក់ឲ្យប្រើនាវាដឹកយន្តហោះ ទីក្រុងប៉េកាំង ក៏បញ្ចេញនាវាចម្បាំងជាច្រើនគ្រឿងផងដែរ។ គ្រាន់តែក្នុងឆ្នាំ២០១៩ កងទ័ពជើងទឹកចិនទទួលបាននាវាចម្បាំងថ្មីដល់ទៅ២៤គ្រឿងឯណោះ។
ទៅហួសពីឆ្នេរសមុទ្ររបស់ខ្លួន ទៅឲ្យបានឆ្ងាយដើម្បីការពារប្រយោជន៍ជាតិ និងការអភិវឌ្ឍ។ នេះជាគោលការណ៍សំខាន់មួយរបស់កងទ័ពជើងទឹកចិនក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជិនភីង ដែលចង់ឲ្យកងទ័ពជើងទឹកចិនមានសមត្ថភាពត្រៀមប្រយុទ្ធកាន់តែខ្លាំង និងឆាប់រហ័ស។ នាវាដឹកយន្តហោះពីរគ្រឿង កំពុងតែធ្វើប្រតិបត្តិការជាស្រេច ខណៈមានការលេចធ្លាយមកថា កំពង់សាងសង់នាវាដឹកយន្តហោះទីបីដែលទំនើបជាងពីរមុន។
កាលពីសប្ដាហ៍មុន ចិនក៏បានដាក់ឲ្យប្រើប្រាស់នាវាចម្បាំងពីរគ្រឿងទៀត។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី៣១ ខែធ្នូ។ នាវាទាំងពីរគ្រឿងជាប្រភេទ Type 055 និង Type 052D ដែលជានាវាពិឃាតបំពាក់មីស៊ីលប្រដេញ និងផលិតនៅខេត្តលាវនីង។ បើរាប់ពីរគ្រឿងនេះទៀត ទ័ពជើងទឹកចិនមាននាវាប្រភេទ Type 055 ចំនួន៦គ្រឿង និងប្រភេទ Type 052D ចំនួន២៣គ្រឿង។
នាវាប្រភេទ Type 055 មានទម្ងន់ប្រមាណ១២ពាន់តោន និងជានាវាពិឃាតស៊េរីទីមួយរបស់ចិន ហើយអាចបំពាក់ និងបាញ់មីស៊ីលបាន១១២គ្រាប់។ ចំណែកឯនាវាប្រភេទ Type 052D វិញ មានទម្ងន់៨ពាន់តោន។ នាវានេះ ត្រូវការពេលធ្វើតេស្តលើផ្ទៃសមុទ្រយ៉ាងហោចណាស់ពីរឆ្នាំសិន មុននឹងធ្វើប្រតិបត្តិការពេញលេញ។
កងទ័ពជើងទឹកចិន បានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនចាប់តាំងពីលោក ស៊ី ជិនភីង ឡើងកាន់អំណាចមក។ នៅឆ្នាំ២០១៥ លោក ស៊ី ចាប់ផ្ដើមធ្វើកំណែទម្រង់កងទ័ពរំដោះប្រជាជនទាំងមូលដើម្បីប្រែក្លាយទៅជាកងទ័ពទំនើប។ បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ នៅឆ្នាំ២០១៦ កងទ័ពជើងទឹកចិនទទួលបាននាវា១៦គ្រឿង, ឆ្នាំ២០១៧ បាន១៤គ្រឿង និងនៅឆ្នាំ២០១៨ មាន២១គ្រឿង ខណៈ២០១៩ មាន២៤គ្រឿង។
បើគិតត្រឹមឆ្នាំ២០១៨ ចិនមាននាវាច្រើនជាង៣០០គ្រឿង ឯអាមេរិកមានត្រឹមជាង២០០គ្រឿងប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ដដែល។ យ៉ាងណាមិញ គុណភាពរបស់នាវាចម្បាំង ត្រូវគេមើលឃើញថា នៅមិនមានកម្រិតទាបនាវាអាមេរិក ខណៈកម្លាំងទ័ពដែលមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាលើនាវា ក៏ត្រូវការការហ្វឹកហាត់កាន់តែទៀត បើចិនពិតជាចង់ផ្ដួលអាមេរិកក្នុងសង្គ្រាមផ្លូវគោកណាមួយនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com