អន្តរជាតិ
អ៊ីរ៉ាក់ ព្រមានអាមេរិក ក្រោយការវាយប្រហារលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់លើទឹកដីខ្លួន បាតុករអ៊ីរ៉ាក់ដុតទង់ជាតិអាមេរិក។ រូបភាព AFP
× រដ្ឋាភិបាលអ៊ីរ៉ាក់ នៅថ្ងៃទី៣០ ខែធ្នូ បានរិះគន់អាមេរិកខ្លាំងៗក្រោយកងទ័ពអាមេរិកវាយប្រហារតាមដែនអាកាសលើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់។ អាមេរិកអះអាងថា ខ្លួនបើកប្រតិបត្តិការយោធានេះដើម្បីសងសឹកនឹងការបាញ់រុក្កែតរបស់ក្រុមសកម្មជនដែលសម្លាប់ជនជាតិអាមេរិកម្នាក់កាលពីចុងសប្ដាហ៍មុន។ រដ្ឋាភិបាលបាក់ដាដចាត់ទុកសកម្មភាពរបស់កងទ័ពអាមេរិក ជាការបំពានអធិបតេយ្យរបស់អ៊ីរ៉ាក់ និងព្រមានពីការធ្លាក់ចុះទំនាក់ទំនងទ្វេភាគី។
កម្លាំងទ័ពអាមេរិក ចេញប្រតិបត្តិការដោយផ្អែកលើនយោបាយអាទិភាពរបស់ខ្លួន និងមិនបានគិតគូរពីប្រយោជន៍អ៊ីរ៉ាក់ឡើយ។ នេះជាសំណេរក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ាក់នៅថ្ងៃទី៣០ ខែធ្នូ ដើម្បីជាការរិះគន់អាមេរិកដែលបានបើកប្រតិបត្តិការផ្លូវអាកាសក្នុងទឹកដីអ៊ីរ៉ាក់នៅថ្ងៃទី២៩ ខែធ្នូ។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ បានធ្វើឲ្យមនុស្សយ៉ាងតិច ២៥ នាក់ស្លាប់បាត់បង់ជីវិត។
បើតាមទីភ្នាក់ងារព័ត៌មាន AFP យន្តហោះចម្បាំងអាមេរិកបានវាយប្រហារចំគោលដៅ ៣ កន្លែងរបស់ក្រុម Hezbollah Brigade នៅភាគខាងលិចអ៊ីរ៉ាក់ និងគោលដៅ២កន្លែងទៀតនៅភាគខាងកើតស៊ីរី។ រដ្ឋមន្ត្រីការពារជាតិអាមេរិក ម៉ាក អេស្ពើ បានបញ្ជាក់ថា គោលដៅទាំងនេះគឺជាកន្លែងស្ដុកអាវុធ និងជាកន្លែងបញ្ជា និងគ្រប់គ្រងរបស់ក្រុម Hezbollah Brigade ដែលជាបណ្ដាញរបស់ក្រុម Hashed al-Shaabi ដែលមានអ៊ីរ៉ង់នៅពីក្រោយ។
តាមពិតទៅ ការវាយប្រហារតាមអាកាសរបស់ទ័ពអាមេរិក ជាការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃទី២៧ ខែធ្នូកន្លងទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់នៅភាគខាងជើងអ៊ីរ៉ាក់ ដែលបានសម្លាប់បុគ្គលិកម្នាក់មកពីក្រុមហ៊ុនដែលមានកុងត្រាជាមួយនឹងក្រសួងការពារជាតិអាមេរិក។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ាក់ មិនសប្បាយចិត្តឡើយនឹងយុទ្ធនាការរបស់អាមេរិកលើទឹកដីខ្លួនបែបនេះ ដោយចាត់ទុកជាការរំលោភបំពានបូរណភាពទឹកដី។
ក្នុងសេចក្ដីថ្លែងការណ៍ខាងលើ រដ្ឋាភិបាលបាក់ដាដដែលកំពុងប្រឈមមុខបាតុកម្មហិង្សាខ្លាំងក្លា បានព្រមានពីការធ្លាក់ចុះទំនាក់ទំនងទៀតផង ខណៈបាតុកម្មប្រឆាំងអាមេរិកក៏ផ្ទុះឡើងព្រមៗគ្នាផងដែរ។ ជាមួយគ្នានេះ ក្រុងបាក់ដាដ ក៏បញ្ជាក់ដែរថា ការវាយប្រហារនេះ បានបង្ខំឲ្យខ្លួនត្រួតពិនិត្យសារឡើងវិញទំនាក់ទំនងជាមួយអាមេរិកលើវិស័យសន្តិសុខ នយោបាយ និងកិច្ចការច្បាប់ សំដៅការពារអធិបតេយ្យរបស់ខ្លួន។
យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោន បាននិយាយការពារការវាយប្រហារនេះថា ជាការការពារផលប្រយោជន៍អាមេរិក ព្រោះអ៊ីរ៉ាក់មិនអាចជួយអាមេរិកបានឡើយ។ ក្នុងការសន្ទនាតាមទូរសព្ទ ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ និងរជ្ជទាយទអារ៉ាប៊ីសាអូឌីត យល់ស្របគ្នាថា អ៊ីរ៉ង់ និងកូនជឹងរបស់ខ្លួន ពិតជាកំពុងបង្កអស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ហើយប្រទេសទាំងអស់មានសិទ្ធិការពារខ្លួនពីការគំរាមកំហែងនានា៕
Tag:
អ៊ីរ៉ាក់
អ៊ីរ៉ង់
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com