ភ្នំពេញ៖ មរតកមនុស្សរស់ចំនួន១៧អង្គនិងរូប ដែលទទួលបានគោរមងារពីព្រះមហាក្សត្រ កាលពីឆ្នាំ២០១២ ដោយមួយចំនួននៅមានជន្មាយុនៅឡើយ ប៉ុន្តែសុខភាពរបស់លោកចេះតែខ្សោយជាលំដាប់ព្រោះវ័យកាន់តែចាស់។ ចំណែកមរតកមនុស្សរស់មួយចំនួនទៀត បានលាចាកលោកខ្លះទៅហើយ។ មរតកមនុស្សរស់ទាំងអស់សុទ្ធតែមានទេពកោសល្យខ្ពស់កម្ររកបាន ដែលប្រៀបបាននឹងត្បូងដ៏មានតម្លៃរបស់ប្រទេស។ អ្នកចេះដឹងជ្រៅជ្រះលើវិស័យសិល្បៈវប្បធម៌ជាតិកាន់តែហោចទៅ ដែលធ្វើឱ្យមានក្តីព្រួយបារម្ភលើវប្បធម៌ជាតិ ។
កាលពីខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្ដល់គោរមងារថ្នាក់ជាតិ ថ្វាយនិងជូនដល់ព្រឹទ្ធាចារ្យចំនួន១៧អង្គនិងរូប ជាមរតកមនុស្សរស់។ សារព័ត៌មានថ្មីៗ សូមលើកយកមរតកមនុស្សរស់ ដែលបានស្រាវជ្រាវរកឃើញខ្លះមកផ្សព្វផ្សាយជូន ហើយទំនងជានៅមានខ្លះថែមទៀត។
ខាងក្រោមនេះគឺជាឈ្មោះរបស់មរតកមនុស្សរស់ ដែលនៅមានជន្មាយុ៖
១ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត។ លោកគឺជាសាស្ត្រាចារ្យក្បាច់ និងចម្លាក់ដ៏ចំណាន តាំងពីសម័យសង្គមរាស្ត្រនិយម។ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម បច្ចុប្បន្នមានជន្មាយុ៨១ឆ្នាំ។ ព្រឹទ្ធាចារ្យជាសាស្ត្រាចារ្យសិល្បៈ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍។ ព្រឹទ្ធាចារ្យ អាចរក្សាបាននូវក្បួនខ្នាតចម្លាក់ពុម្ព ឈើ ស៊ីម៉ង់ និងគំនូរបុរាណ។
ព្រឹទ្ធាចារ្យបានបង្រៀនសិស្សនៅមហាវិទ្យាល័យសិល្បៈសូនរូប-ស្ថាបត្យកម្ម-ន័រតុន និងនៅផ្ទះ តាំងពីឆ្នាំ ១៩៥៩ រហូតដល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចងក្រងសៀវភៅខ្នាតក្បាច់សម្រាប់ជំនាញ ចម្លាក់ស្មិត សិល្បៈសូនរូប ភាគទី១និងភាគទី២។
លោកបានធ្វើរូបសំណាកផ្សេងៗសរុបជិត២០០រូប។ លោកបានបណ្ដុះបណ្ដាលសិស្សបរទេសលាវជាង១០នាក់។ ព្រឹទ្ធាចារ្យសិល្បៈរូបនេះ បានទទួលគ្រឿងឥស្សរិយយស ការងារប្រាក់ សម័យសង្គមរាស្ត្រនិយម។ បានទទួលជាវីរៈសិល្បករឆ្នាំ២០០០ និងបានទទួលជាព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ពីរាជបណ្ឌិត្យសភាកម្ពុជាឆ្នាំ២០០៤។
ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត (រូបពីក្រសួងវប្បធម៌)
២ ព្រឹទ្ធាចារ្យ ជេត ចន គោរមងារជាទេពនិម្មិតវិចិត្រ។ លោកមានទេពកោសល្យខ្ពស់លើស្នាដៃគំនូរបុរាណ។ មានជន្មាយុ៧៦ឆ្នាំ ព្រឹទ្ធាចារ្យ ជេត ចន មានកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ព្រឹទ្ធាចារ្យបង្រៀននៅសាលាមធ្យម និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាំងពីឆ្នាំ១៩៦៦រហូតដល់ចូលនិវត្តន៍។ លោក បង្រៀននៅមហាវិទ្យាល័យសិល្បៈសូនរូប(ផ្នែកគំនូរបុរាណ)។ និងបង្រៀនក្បាច់ខ្មែរនៅសមាគម មិត្តវិចិត្រករខ្មែរ។ ព្រឹទ្ធាចារ្យ ជេត ចន បានសិក្សាស្រាវជ្រាវរឿងរាមកេរ្ដិ៍ លើថែវព្រះកែវមរកត រួមទាំងការងារជួសជុលគំនូរជាមួយអ្នកបច្ចេកទេសប៉ូឡូញផងដែរ។ ព្រឹទ្ធាចារ្យទទួលបាន លិខិត និងប័ណ្ណសរសើរមួយចំនួន ព្រមទាំងសញ្ញាប័ត្រកិត្តិយស ជាវីរសិល្បករពីឆ្នាំ២០០៤-២០០៥។
ព្រឹទ្ធាចារ្យ ជេត ចន គោរមងារជា ទេពនិម្មិតវិចិត្រ (រូបពីក្រសួងវប្បធម៌)
៣ ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារជាទេពវនាដនិម្មិត។ ព្រឹទ្ធាចារ្យជានាដការបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណ។ ព្រឹទ្ធាចារ្យ បានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណទៅដល់ក្មេងជំនាន់ក្រោយ។ នៅពេលបច្ចុប្បន្នព្រឹទ្ធាចារ្យ ឯម ធាយ មានជន្មាយុ៨៧ឆ្នាំ ហើយសុខភាពរបស់អ្នកស្រី កាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រឹទ្ធាចារ្យ អាចរាំរបាំតួនាង តួនាយរោង ក្បាច់ប្លែង និងតួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។ ព្រឹទ្ធាចារ្យបានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ថ្ងៃចូលនិវត្តន៍។ ព្រឹទ្ធាចារ្យធ្លាប់ចូលរួមសម្ដែងរបាំក្បាច់បុរាណខ្មែរ ក្នុងរាជព្រះករុណាព្រះបាទសម្ដេច នរោត្តម សុរាម្រិត។
ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារជា ទេពវនាដនិម្មិត (រូបពីក្រសួងវប្បធម៌)
៤ ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជាកោសល្យវោហារ។ លោកគឺជាសិល្បករចាប៉ីដងវែង មកពីខេត្តកំពត។ ព្រឹទ្ធាចារ្យជាបុគ្គលទី៣នៃកម្ពុជា ដែលទទួលបានពានហ្វ៊ុកុអូកាលើកទី២៨ ពីប្រទេសជប៉ុន។ សព្វថ្ងៃលោកព្រឹទ្ធាចារ្យកំពុងចុះខ្សោយសុខភាពដោយរោគាពាធ។
ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជា កោសល្យវោហារ (រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន) សែន
៥ ព្រឹទ្ធាចារ្យ ព្រីង សាឃន គោរមងារជានាដកោសល្យវដ្ដី។ ព្រឹទ្ធាចារ្យមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នលោកមានជន្មាយុ ៨២ឆ្នាំ។ លោកមានជំនាញសម្ដែងគ្រប់ទម្រង់ល្ខោនខ្មែរ។ ចំណែកឯសុខភាពរបស់លោកវិញ បច្ចុប្បន្នក៏មិនសូវរឹងមាំដែរ។
ព្រឹទ្ធាចារ្យ ព្រីង សាឃន គោរមងារជា នាដកោសល្យវដ្ដី (រូបពីក្រសួងវប្បធម៌)
៦ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជាវោហាកោសល្យវដ្ដី។ មានស្រុកកំណើតនៅខេត្តស្វាយរៀង លោកមានទេពកោសល្យសម្ដែងល្ខោនទោល ឬហៅម្យ៉ាងទៀតថា សិល្បៈនិទានរឿងល្ខោនបាសាក់ទោល។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច ដែលបច្ចុប្បន្នមានជន្មាយ៦៨ឆ្នាំ មានសមត្ថភាពប្រើសំឡេងមនុស្សបានប្រមាណជិត១០សំឡេង និងអាចធ្វើសំឡេងឧបករណ៍ភ្លេងទ្របានទៀតផង។
ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជា វោហាកោសល្យវដ្ដី
៧ ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន គោរមងារជាគរុពហុស្សូត។ ជាសាស្ត្រាចារ្យភាសាបាលី សំស្ក្រឹត និងទស្សនៈវិជ្ជា នៅសកលវិទ្យាល័យ ព្រះសីហនុរាជ ព្រឹទ្ធាចារ្យមានជន្មាយុ៨៦ឆ្នាំ និងនៅតែបង្រៀនសិស្សដល់សព្វថ្ងៃ។
ព្រឹទ្ធាចារ្យ ជិត ជន គោរមងារជា គរុពហុស្សូត (រូបពីក្រសួងវប្បធម៌)
៨ ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ។ ព្រឹទ្ធាចារ្យរូបនេះ បានស្រាវជ្រាវពីពិធីបែបប្រពៃណីបុរាណ នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហើយលោកក៏ជាអតីតសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ផងដែរ។ សព្វថ្ងៃលោកមានជន្មាយុ៧៨ឆ្នាំ។
ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ (រូបពីក្រសួងវប្បធម៌)
៩ ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្យវិជ្ជា។ លោកជាគ្រូបង្រៀនភាសាខ្មែរ និងជាគ្រូបង្រៀនភាសាសំស្ក្រឹតនៅពុទ្ធិកសកលវិទ្យាល័យព្រះសុរាម្រឹត។ ព្រឹទ្ធាចារ្យដែលមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះ បច្ចុប្បន្នមានជន្មាយុ៨១ឆ្នាំ។
ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្យវិជ្ជា (រូបពីក្រសួងវប្បធម៌)
១០ ព្រឹទ្ធាចារ្យ ជា ហ៊ា គោរមងារជានាដកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យដែលមានឯកទេសខាងធ្វើខ្មុកល្ខោនខោល បង្រៀនសម្ដែង និងបង្រៀនធ្វើមុខខ្មុករូបនេះ មកពីខេត្តបាត់ដំបង ហើយសព្វថ្ងៃលោកមានជន្មាយុ៩០ឆ្នាំ។ ព្រឹទ្ធាចារ្យទទួលលបានប័ណ្ណសរសើរឆ្នាំ ១៩៩០ និងសញ្ញាប័ត្រកិត្តិយសជាវីរៈសិល្បករ-ការិនី ឆ្នាំ២០០០-២០០១ ព្រមទាំងប័ណ្ណជ័យលាភីពានប្រាក់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ឆ្នាំ២០០១។
១១ ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារជាវិជ្ជាធម្មគរុ។ ព្រឹទ្ធាចារ្យជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ។ មានស្រុកកំណើតនៅខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន បច្ចុប្បន្នមានជន្មាយុ៧៨ឆ្នាំ។ ព្រឹទ្ធាចាមានចំណេះដឹងខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។ ជាពិសេចំពោះសមណសិស្សដែលរៀនសូត្រក្នុងថ្នាក់ ព្រះត្រៃបិដកទាំង៣ គឺជាប្រភពនៃទ្រឹស្ដី ក្នុងព្រះពុទ្ធសាសនា។
ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារជាវិជ្ជាធម្មគរុ (រូបពីក្រសួងវប្បធម៌)
ព្រឹទ្ធាចារ្យបានរៀបរៀងផ្ទាល់ដៃនូវសៀវភៅ ព្រះពុទ្ធឱវាទសង្ខេប៣យ៉ាង សៀវភៅប្រវត្តិពុទ្ធសាសនាសង្ខេប សៀវភៅឯកសារពុទ្ធសាសនាសង្ខេប និងសៀវភៅពុទ្ធប្បវត្តិសង្ខេប (សម្រាប់គរុកោសល្យ) ព្រមទាំងមានសៀវភៅជាច្រើនទៀត។
ខាងក្រោមនេះគឺជាព្រះនាមនិងឈ្មោះមរតកមនុសុ្សរស់ ដែលបានសុគតនិងទទួលមរណភាព៖
១២ សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារជាទេពនាដវដ្ដីឯក។ សម្ដេចរាជបុត្រី បុប្ផាទេវី ជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ ហើយព្រះនាងជានាដកាឯកនៃប្រទេសកម្ពុជា ដែលទ្រង់សព្វព្រះទ័យក្រសាលរបាំបុរាណតាំងពីព្រះជន្ម ៥ព្រះវស្សា។
ព្រឹទ្ធាចារ្យ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រះគោរមងារជា ទេពនាដវដ្ដីឯក
ព្រះអង្គមានស្នាព្រះហស្តធំៗដូចជា ទ្រង់បានធ្វើឱ្យរស់ឡើងវិញនូវរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ក្រោយសម័យសង្គ្រាមខ្មែរក្រហម។ ព្រះអង្គតែងបានដឹកនាំក្រុមរបាំបុរាណ ដង្ហែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទៅសម្ដែងជូនថ្នាក់ដឹកនាំប្រទេសនានា ទាំងក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។
សម្ដេចរាជបុត្រី មានព្រះទេពកោសល្យខ្ពស់ក្នុងការ ថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងច្នៃបង្កើតថ្មីនូវទម្រង់សិល្បៈបុរាណខ្មែរ។ ស្នាព្រះហស្តច្នៃបង្កើតថ្មីរបស់ព្រះអង្គរួមមាន រឿងនាងវឌ្ឍនាទេវី រឿង ព្រះសុធន នាងកែវមនោរា ជាដើម។ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សុគតកាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា។
១៣ ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារជាទេពបញ្ញាកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យ ឆេង ផុន ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកាន់តំណែងជិតមួយទសវត្សរ៍។ លោកក៏ជាអតីតប្រធាន គ.ជ.ប ដំបូងគេនៅកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៩៧-២០០៣។ ព្រឹទ្ធាចារ្យគឺជាអ្នកស្រាវជ្រាវសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរ។ លោកក៏ជាប់ឈ្មោះថាជាអ្នកធ្វើឱ្យសិល្បៈវប្បធម៌ជាតិរស់ឡើងវិញ ក្រោយសង្គ្រាមប្រល័យពូជសាស្ត្រដែរ។ ព្រឹទ្ធាចារ្យទទួលអនិច្ចកម្ម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៦ឆ្នាំ។
ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារជា ទេពបញ្ញាកោសល្យវិជ្ជា (រូបពីលោក ធៀង វណ្ណដារ៉ុង)
១៤ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារជាភិរម្យវោហារ។ ព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះ មានទេពកោសល្យខ្ពស់ក្នុងការលើកដាក់សំឡេងច្រៀងចាប៉ីបានយ៉ាងពីរោះរណ្ដំ។ ព្រឹទ្ធាចារ្យដែលមានកំណើតនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវរូបនេះ បានទទួលមរណភាពកាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ។
ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារជាភិរម្យវោហារ (រូបពីក្រសួងវប្បធម៌)
១៥ ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារជាវិសេសនាដកាវិជ្ជា។ ព្រឹទ្ធាចារ្យជានាដការបាំ ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង។ ព្រឹទ្ធាចារ្យដែលមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះ ទទួលមរណភាពក្នុងជន្មាយុ៨៥ឆ្នាំ។ ព្រឹទ្ធាចារ្យធ្វើជាគ្រូបង្ហាត់សិល្បៈដល់ថ្ងៃចូលនិវត្តន៍។ ព្រឹទ្ធាចារ្យបានសម្ដែងរបាំបុរាណ និងបង្រៀនសិស្សតាំងពីអាយុ១៨ឆ្នាំ។ ព្រឹទ្ធាចារ្យបានទទួលប័ណ្ណសរសើរនៅឆ្នាំ១៩៧៩។ ព្រឹទ្ធាចារ្យបានក្លាយជាវីរសិល្បការិនី តាំងពីឆ្នាំ១៩៩៥ ផ្ដល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្លាយជាព្រឹទ្ធាចារ្យវប្បធម៌និងសិល្បៈ តាំងពីឆ្នាំ២០០១ ផ្ដល់ដោយរាជបណ្ឌិតសភា។
ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារជា វិសេសនាដកាវិជ្ជា (រូបពីChhourn Outdom)
១៦ ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរមងារជានាដភក្ដីនិម្មិត។ លោកជាព្រឹទ្ធាចារ្យល្ខោនបាសាក់ដ៏ឆ្នើម។ ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ដែលមានស្រុកកំណើតនៅខេត្តតាកែវ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៩ ក្នុងជន្មាយុ៨៣ឆ្នាំ។ ព្រឹទ្ធាចារ្យជាគ្រូបង្ហាត់បង្រៀនសិល្បៈល្ខោនបាសាក់ និងនិពន្ធរឿងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី។ ព្រឹទ្ធាចារ្យទទួលបានសញ្ញាប័ត្រកិត្តិយសជាវីរសិល្បករ ឯកទេសល្ខោនបាសាក់ ឆ្នាំ១៩៩៩-២០០០ និងគ្រឿងឥស្សរិយយស សិល្បករដែលមានស្នាដៃឆ្នើមក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ថ្នាក់មេដាយមាស។
ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរមងារជា នាដភក្ដីនិម្មិត (រូបពីក្រសួងវប្បធម៌)
១៧ ព្រឹទ្ធាចារ្យ សុខ ឌុត គោរមងារជាកោសល្យតន្ត្រីវិជ្ជាធរ។ ព្រឹទ្ធាចារ្យ សុខ ឌុច ជាវីរៈសិល្បករខ្មែរ ផ្នែកភ្លេងការនិងភ្លេងអារក្ស ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ លោកទទួលមរណភាពកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ។ ព្រឹទ្ធាចារ្យបានបង្ហាត់ជំនាញភ្លេងបុរាណដល់សិស្ស៣ក្រុម សរុប៣៦រូប ព្រមទាំងបានបណ្ដុះបណ្ដាលសិស្សជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។ ព្រឹទ្ធាចារ្យក៏បានផលិតឧបករណ៍ភ្លេងបុរាណសម្រាប់លក់ក្នុងស្រុក និងក្រៅប្រទេសផងដែរ។ ព្រឹទ្ធាចារ្យបានទទួលប័ណ្ណសរសើរនៅឆ្នាំ១៩៧៩ បានទទួលសញ្ញាប័ត្រកិត្តិយស វីរសិល្បករ តាំងពីឆ្នាំ១៩៩៦ ផ្ដល់ដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ទទួលបានវិញ្ញាបនប័ត្រ ព្រឹទ្ធាចារ្យវប្បធម៌ និងសិល្បៈខ្មែរនៅឆ្នាំ២០០១ ព្រមទាំងប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ នៅឆ្នាំ២០០៩៕
ព្រឹទ្ធាចារ្យ សុខ ឌុច គោរមងារជា កោសល្យតន្ត្រីវិជ្ជាធរ (រូបពីអង្គការសិល្បៈខ្មែរអមតៈ)