អន្តរជាតិ
ជិតផុតថ្ងៃឱសានវាទរបស់កូរ៉េខាងជើង អាមេរិកបញ្ជូនយន្តហោះស៊ើបការណ៍ហោះលើឧបទ្វីបកូរ៉េ យន្តហោះស៊ើបការណ៍អាមេរិក RC-135W Rivet Joint។ រូបភាព៖ US Air Force
× ជិតដល់ថ្ងៃចូលឆ្នាំថ្មី ឬជិតផុតថ្ងៃឱសានវាទរបស់ទីក្រុងព្យុងយ៉ាង អាមេរិក កាន់តែតាមឃ្លាំមើលកូរ៉េខាងជើង ដើម្បីរកមើលសកម្មភាពណាមួយរបស់រដ្ឋកុម្មុយនីស្ត ពិសេសសកម្មភាពទាក់ទងការសាកល្បងមីស៊ីលបាលីស្ទិក។ បើតាមការបញ្ជាក់របស់វេសាយតាមដានការហោះហើរ អាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍សម្ងាត់មួយគ្រឿង នៅថ្ងៃទី ៣១ ខែធ្នូ ដើម្បីទៅពិនិត្យមើលស្ថានភាពឧបទ្វីបកូរ៉េ។
ចាប់តាំងពីថ្ងៃបុណ្យណូអែលមក អាមេរិក តែងតែប្រយ័ត្នជាមួយកូរ៉េខាងជើងជានិច្ច និងតែងបញ្ជូនយន្តហោះស៊ើបការណ៍ទៅហោះលើឧបទ្វីបកូរ៉េ ដើម្បីប្រាកដថាកូរ៉េខាងជើង មិនបានសាកល្បងមីស៊ីលណាមួយ។
រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឬជាថ្ងៃឆ្លងឆ្នាំសកល អាមេរិក បានបញ្ជូនយន្តហោះស៊ើបការណ៍មួយគ្រឿងទៀត ប្រភេទ RC-135W Rivet Joint ដែលអាចហោះបានកម្ពស់ជិត ៩,៥ គីឡូម៉ែត្រ។ ការបញ្ជូនយន្តហោះប្រមូលព័ត៌មានទៅលើឧបទ្វីបកូរ៉េបែបនេះ ទីក្រុងវ៉ាស៊ីនតោន គឺចង់ពិនិត្យមើលស្ថានការណ៍បន្ថែមទៀត ដើម្បីបន្តស្វែងរកភាពមិនប្រក្រតីរបស់កូរ៉េខាងជើង។
វត្តមានរបស់យន្តហោះស៊ើបការណ៍មួយគ្រឿងនេះ ទំនងជាហោះឃ្លាំមើលលើតំបន់បាញ់សាកល្បងមីស៊ីលសំខាន់ៗរបស់កូរ៉េខាងជើង ឬកន្លែងដាក់រថយន្តសម្រាប់បាញ់បង្ហោះមីស៊ីល (TEL)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។
ជាការពិត កូរ៉េខាងជើង បានព្រមានអាមេរិកថា នឹងផ្តល់អំណោយដ៍សាកសមសម្រាប់អាមេរិក នៅថ្ងៃបុណ្យណូអែល។ ផ្ទុយទៅវិញ ថ្ងៃបុណ្យណូអែលបានផុតទៅហើយ ប៉ុន្តែកូរ៉េខាងជើង មិនបានផ្តល់អំណោយណាមួយឲ្យអាមេរិកនៅឡើយទេ។
នាថ្ងៃទី២៩ ខែធ្នូ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបើកកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករ និងបានបញ្ជាក់ពី «ភាពចាំបាច់ក្នុងការចាត់វិធានការវិជ្ជមាន និងការប្រយុទ្ធដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិតាមតម្រូវសព្វថ្ងៃ»។ ក្នុងន័យនេះ លោកគីម អាចនឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនពីការចរចា ទៅរកការសាកល្បងមីស៊ីលដូចមុនឆ្នាំ ២០១៨ ក៏ថាបាន។
នាថ្ងៃទី៣០ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ៃប៉ុម ប៉េអូ ជឿថាកូរ៉េខាងជើង នឹងជ្រើសយកសន្តិភាព ជាងជាប្រឈមមុខជាមួយអាមេរិក ខណៈពេលទីក្រុងវ៉ាស៊ីនតោន កំពុងតាមដានយ៉ាងសកម្មពីការប្រកាសគោលនយោបាយថ្មីនៅចំថ្ងៃចូលឆ្នាំថ្មី។ ខណៈកូរ៉េខាងជើងកំពុងប្រជុំបក្សកាន់អំណាចនោះ គេរំពឹងថា ការប្រកាសពីការផ្លាស់ប្ដូរគោលនយោបាយ អាចធ្វើឡើងក្នុងពេលនេះតែម្ដង។ ពោល គឺលោក គីម ជុងអ៊ុន ទំនងមិនថ្លែងសារក្នុងកម្មវិធីដោយឡែកឡើយ៕
Tag:
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com