អន្តរជាតិ
ស៊ូដង់ កាត់ទោស​ប្រហារជីវិត​មន្ត្រី​ចារកម្ម​២៩​នាក់​រឿង​សម្លាប់​គ្រូបង្រៀន​ម្នា​ក់នៅ​មន្ទីរឃុំឃាំង​
31, Dec 2019 , 10:19 pm        
រូបភាព
ដោយ:
​តុល​ការ​ស៊ូដង់ នៅ​ថ្ងៃទី​៣១ ខែធ្នូ បានសម្រេច​កាត់ទោស​ប្រហារជីវិត​មន្ត្រី​ចារកម្ម ២៩ នាក់ ក្នុង​សំណុំរឿង​ធ្វើ​ទារុណកម្ម និង​សម្លាប់​គ្រូបង្រៀន​ម្នាក់ អំឡុងពេល​ឃុំឃាំង​ខ្លួន​។​

 
​គ្រូបង្រៀន​រូបនោះ​ឈ្មោះថា Ahmad al-Khair អាយុ ៣៦ ឆ្នាំ បាន​ស្លាប់​ក្នុង​មន្ទីរឃុំឃាំង កាលពី​ខែកុម្ភៈ ក្រោយពី​លោក​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​អតីត​មេដឹកនាំ​ក្រាញ​អំណាច​របស់​ស៊ូដង់ គឺ​លោក អូ​ម៉ា អាល់​-​បា​សៀ​។  
 
​ជនជាប់ចោទ ត្រូវបាន​រកឃើញថា​មានទោស​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោកគ្រូ Ahmed al-KHair ហើយ​តុលាការ​បានសម្រេច​កាត់​ទោស​ពួកគេ​ដោយ​ការព្យួរ​ក ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​កាតា Aljazeera ដោយ​ដកស្រង់​សម្តី​របស់​ចៅក្រម Sadok Abdelrahman ។ 
 
​ចៅក្រម​រូបនេះ បញ្ជាក់ទៀតថា គ្រូបង្រៀន​ម្នាក់នេះ ត្រូវបាន​វាយដំ និង​រង​ការធ្វើ​ទារុណកម្ម​រហូតដល់​ស្លា​ប់ នៅ​មន្ទីរឃុំឃាំង ក្នុង​រដ្ឋ Kassala ភាគ​ខាងកើត​នៃ​ប្រទេស ក្រោយ​លោក​ត្រូវបាន​ចាប់ខ្លួន កាលពី​ចុង​មករា ឆ្នាំ​២០១៩​នេះ ដោយ​ភ្នាក់ងារ​ចារកម្ម​ស៊ូដង់ ។ 
 
​រឿងក្តី​នេះ គឺជា​ការ​ទោស​ប្រហារ​លើកទីមួយ​របស់​តុលាការ​ស៊ូដង់ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​លើ​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ក្រោយ​អតីត​ប្រធានាធិបតី​ស៊ូតង់ លោក​បា​សៀ វ័យ​៧៥​ឆ្នាំ​រូបនេះ ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​កំពូល​នេះ​ក្នុង​ខែមេសា​។ 
 
​សូមបញ្ជាក់ថា ប្រជាជន បាន​ផ្តើមធ្វើ​សកម្មភាព​តវ៉ា តាំងពី​ខែធ្នូ ឆ្នាំ ២០១៨ ដែល​ដំបូង​ឡើង​គឺមាន​គោលដៅ​ប្រឆាំងនឹង​តម្លៃ​នំប៉័ង​ខ្ពស់ ក៏ប៉ុន្តែ​ការតវ៉ា​នេះ បាន​ប្តូរ​ទៅជា​ការទាមទារ​ឲ្យ​លោក Al-Bashir ចុះ​ចេញពី​តំណែង​។ យ៉ាងហោចណាស់ មនុស្ស ១៧០​នាក់ ត្រូវបាន​សម្លាប់​អំឡុងពេល​បង្ក្រាប​រាប់​ខែ​ប្រឆាំងនឹង​ចលនា​បះបោរ​។ ចុងក្រោយ លោក ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ដោយ​យោធា ៣០ ឆ្នាំក្រោយ​លោក​បាន​ចូល​ក្តាប់​អំណាច​នេះ​ដោយ​ការធ្វើ​រដ្ឋប្រហារ​៕

Tag:
 ស៊ូដង់​
  គ្រូបង្រៀន​
  ទោស​ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com