ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បុរសម្នាក់ ដែលរត់ការយកលុយពីពលរដ្ឋ ជាថ្នូរនឹងការធ្វើផ្ទះនៅតំបន់អង្គរ លោក ជា ហាក់ស្រ៊ុន ដែលជាជនឆបោកលុយពលរដ្ឋជាថ្នូរនឹងបំពេញឯកសារសុំសិទ្ធិ សម្រាប់ការសាងសង់ផ្ទះនៅតំបន់អង្គរ ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយ
× ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ជា ហាក់ស្រ៊ុន ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួន ក្រោយសង្ស័យថារូបគេ ឆបោកលុយប្រមាណ២ពាន់ដុល្លារពីពលរដ្ឋ ជាថ្នូរនឹងការរត់ការច្បាប់សម្រាប់សាងសង់លំនៅដ្ឋាននៅក្នុងរមណីយដ្ឋានអង្គរ។ បុរសនោះ ត្រូវបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។
អ្នកប្រើប្រាស់បណ្តាញសង្គម បានបង្ហោះវីដេអូស្តីពីសកម្មភាពរបស់បុរសនោះ ដែលយកលុយពីប្រជាពលរដ្ឋ ដោយរូបគេ អះអាងថា ធានាផ្តល់ច្បាប់អនុញ្ញាតឲ្យសាងសង់លំនៅដ្ឋានក្នុងរមណីយដ្ឋានអង្គរ។ ចំណែកប្រជាពលរដ្ឋ ជាជនរងគ្រោះ ក៏បានដាក់បណ្តឹងទៅអាជ្ញាធរផងដែរ ដើម្បីឲ្យចាត់វិធានការលើបុរសនោះ។
អាជ្ញាធរជាតិអប្សរា បង្ហោះលើទំព័រហ្វេសប៊ុកថា នៅមានជនសង្ស័យម្នាក់ទៀតឈ្មោះ វឿង ព្រឿង ក៏ពាក់ព័ន្ធនឹងអំពើឆបោកនេះដែរ តែរូបគេ បានរត់គេចខ្លួន។ អាជ្ញាធរជាតិអប្សរា អះអាងថា សមត្ថកិច្ច កំពុងតែតាមចាប់ខ្លួន ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។
អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងរមណីយដ្ឋានអង្គរចូលរួមគោរពច្បាប់ក្នុងការសាង់សង់ ហើយក៏ត្រូវប្រុងប្រយ័ត្នចំពោះជនខិលខូច ដែលឆបោកយកប្រាក់ជាថ្នូរនឹងការសាងសង់ដូចករណីខាងលើ។ លើសពីនេះ អាជ្ញាធរជាតិអប្សរា ជំរុញឲ្យប្រជាពលរដ្ឋ បង្ហាញអត្តសញ្ញាណរបស់ជនឆបោក ទៅសមត្ថកិច្ច។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ជាថ្មីថា រាល់ការដាក់ពាក្យស្នើសុំឬអនុញ្ញាតឲ្យមានការជួសជុលឬសាងសង់សំណង់ទាំងអស់ក្នុងរមណីយដ្ឋានអង្គរ គឺមិនតម្រូវឲ្យបង់ប្រាក់ឡើយ៕
Tag:
អាជ្ញាធរ
តំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com