កីឡាអន្តរជាតិ
អន្តរជាតិ
គិត​ត្រឹម​ឆ្នាំ​២០១៩ តើ​ពាន Ballon d’Or ធ្លាប់​ធ្លា​ក់លើ​ដៃ​អ្នកណាខ្លះ​?
01, Jan 2020 , 8:19 am        
រូបភាព
Lionel Messi ជា​កីឡាករ​បាល់ទាត់​ដែល​គ្រង​ពានរង្វាន់​កីឡាករ​ឆ្នើម Ballon d’Or ច្រើនជាងគេ​ក្នុង​កំណត់ត្រា​ពិភពលោក​គិត​ត្រឹម​ឆ្នាំ​២០១៩ ពោលគឺ​ចំនួន​៦​លើក លើស​គូប្រជែង Cristiano Ronaldo ដែល​ឈ្នះ​៥​លើក​។ Michel Platini, Johan Cruyff និង Marco van Basten ធ្លាប់​លើក​ពាន​ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football នេះ​ចំនួន ៣​ដង​ដូចគ្នា​។​


​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន និង​ក្រុម Barcelona បាន​ក្លាយជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៩ ដោយ​ប្រជែង​ឈ្នះ​ពិន្ទុ Virgil van Dijk និង Ronaldo តាមរយៈ​ការរក​គ្រាប់​បាល់​បាន​ច្រើន​ដល់​ទៅ​៥៤​គ្រាប់​សម្រាប់​ក្លិប និង​ជម្រើសជាតិ​នៅ​រដូវ​កាល ២០១៨-១៩ និង​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ផង​។​
 
Ballon d’Or ជា​ពាន​ប្រចាំឆ្នាំ​ដែល​ផ្តួចផ្តើមឡើង​ដោយ​ទស្សនា​វ​ដ្តី France Football តាំងពី​ឆ្នាំ​១៩៥៦​មក សម្រាប់​ផ្តល់​ជូ​ច​ដល់​កីឡាករ​បាល់ទាត់​ឆ្នើម​ជាងគេ​ប្រចាំ​ក្លិប​នៅ​តំបន់​អឺរ៉ុប​ជា​រៀងរាល់​មួយឆ្នាំ​ម្តង​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​២០១៥ ពាន​នេះ​ត្រូវ​ប្តូរ​ឈ្មោះ​ទៅជា FIFA Ballon d'Or ក្រោម​កិច្ច​សហប្រតិបត្តិ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ជាមួយ France Football និង​រួមបញ្ចូល​គ្នា​ជាមួយ FIFA Player of the Year ផងដែរ​។​
 
​ចាប់ពី​ឆ្នាំ​២០១៦ ទស្សនា​វ​ដ្តី France Football បានប្រកាស​បញ្ចប់​ការសហការ​ជាមួយ FIFA ដោយ​រៀបចំ​ពាន Ballon d’Or តែឯង​វិញ ខណៈ FIFA បន្ត​រៀបចំ FIFA Player of the Year ដូចគ្នា​។ 


 
​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ មានតែ​កីឡាករ​៣​រូប​ប៉ុណ្ណោះ​ដែល​បានឈ្នះ Ballon d’Or ដែល​រួមមាន Messi, Ronaldo និង Lukas Mordric​។ Messi ឈ្នះ​ពី​ឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង ២០១៩​នេះ រីឯ Ronaldo ឈ្នះ​៥​ដង ក្នុង​ឆ្នាំ ២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧ ខណៈ Mordric ខ្សែបម្រើ Real Madrid និង​ជម្រើសជាតិ​ក្រូ​អាស៊ី​ឈ្នះ​១​លើក​នៅ​ឆ្នាំ​២០១៨​។​
 
​ក្រៅពី Messi និង Ronaldo លោក Michel Platini អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង និង Juventus រួមជាមួយ​វីរបុរស​របស់​ហូ​ឡង់​លោក Johan Cruyff និង Marco van Basten ឈ្នះ​ពាន​នេះ​៣​លើក​ដូចគ្នា​ក្នុង​អាជីព​។​
 
​ក្រោយ​បង្កើតពាន​នេះ​ឡើង​នៅ​ឆ្នាំ​១៩៥៦ រហូត​បច្ចុប្បន្ន ពោលគឺ​៦៣​លើក​រួច​ម​ហើយ ឃើញថា​មាន​កីឡាករ​សរុប​៤៧​រូប​ធ្លាប់​បានឈ្នះ​ពាន Ballon d'Or នេះ ខណៈដែល​ក្លិប​នៅ​អេ​ស្ប៉ា​ញ Real Madrid និង Barca មាន​កីឡាករ​ឈ្នះ​ច្រើនជាងគេ​សរុប​២៣​លើក​។ ក្រុម​រហស្សនាម​ស្តេច​ស​ធ្លាប់​ឈ្នះ ១១​លើក ហើយ​ក្រុម​អ្នកមាន​បុណ្យ​១២​លើក ចំណែក​ក្រុម​ពី​អ៊ីតាលី Juvenutus និង AC Milan ធ្លាប់​ឈ្នះ​៨​លើក​ដូចគ្នា Bayern Munich ៥​លើក និង Manchester United ៤​លើក​។​
 
​កីឡាករ​ឆ្នើម Stanley Matthews របស់​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម Blackpool ឈ្នះ​ពាន Ballon d'Or នេះ​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ​១៩៥៦៕

Tag:
 Ballon d’Or
  Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com