កីឡាជាតិ
ជាតិ
ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គីម​ស៊ាន ៖ ក្មេងៗ​បច្ចុប្បន្ន​មាន​បច្ចេកទេស​ល្អ​ជាង​សិស្ស​ជំនាន់​មុន​
01, Jan 2020 , 9:39 am        
រូបភាព
ដោយ:
​លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គីម​ស៊ាន ប្រធាន​រាជបណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា សរសើរ​ក្មេងៗ​ហាត់គុន​ល្បុក្កតោ​បច្ចុប្បន្ន​ថា មាន​បច្ចេកទេស​ល្អ​ជាង​រៀមច្បង និង​សិស្ស​ដែល​លោក​ធ្លាប់​បង្ហាត់​កន្លងមក​។ លោក​មានការ​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាងខ្លាំង​នៅពេល​ឃើញ​ក្មេងៗ​បច្ចុប្បន្ន​បង្ហាញ​ឆន្ទៈ និង​ធ្វើ​អ្វីៗ​ចេញពី​បេះដូង​ក្នុងការ​រួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍​គុន​ល្បុក្កតោ ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​។ 

 
​នា​ពិធី​បិទ​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គីម​ស៊ាន ប្រធាន​រាជបណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា​សង្កេតឃើញថា កីឡាករ​កីឡាការិនី​ឆ្នាំនេះ​មាន​សមត្ថភាព និង​បច្ចេក​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ឆ្នាំមុន​។ អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​រូបនេះ បាន​ប្រៀបធៀប​ថា កីឡាករ​បច្ចុប្បន្ន​មាន​បច្ចេកទេស​ល្អ​ជាង​រៀប​ច្បង និង​សិស្ស​ជំនាន់​មុនៗ ពិសេស​លើ​ការសម្តែង​ទ្វារ​មេគុន​ព្រលឹង​ល្បុក្កតោ​។ 
 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ គ្រូ​ព្រឹទ្ធាចារ្យ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​ព្រឹទ្ធាចារ្យ​ក្រមា​មាស​រូបនេះ​លើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ខាន​មើល​ខាន​ឃើញ​ចៅៗ ចៅទួត​ល្បុក្កតោ​តែមួយ​រយៈពេល​ខ្លី ស្រាប់តែ​មក​មើល​លើក​នេះ ភ្ញាក់ផ្អើល​មែនទែន​! ល្អ​ណាស់​ជោគជ័យ​ល្បុក្កតោ​! ក្មួយៗ​ចៅៗ បង្ហាញ​ស្នៀត​ទ្វារ​មេគុន​ព្រលឹង​ល្បុក្កតោ​ល្អ​ជាង​គ្រូៗ​ផង​។ សំខាន់​ក្មួយៗ​ធ្វើ​ចេញពី​ព្រលឹង​ជាតិ​ដែលមាន​ក្នុង​បេះដូង​យើងទាំងអស់គ្នា​។ ខ្ញុំ​ឃើញ​ក្មួយៗ​ចៅ​ទាំងអស់​ធ្វើ​ចេញពី​កម្លាំងចិត្ត កម្លាំងកាយ​ចេញពី​បេះដូង ខ្ញុំ​រន្ធត់​មែនទែន​! ខ្ញុំ​ស្ទើរតែ​មិន​ជឿថា ព្រលឹង​ជាតិ​នេះ ខ្លាំងខ្លា​មិន​នឹកស្មាន​ដល់​»​។​


 
​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​រូបនេះ​បន្ថែមថា​៖«​ពេល​ខ្ញុំ​បង្ហាត់​រៀមច្បង និង​គ្រូ​ពួកយើង​ពីមុនៗ​មក ខ្ញុំ​គិតថា ដូចជា​មិនសូវ​ល្អ​ប៉ុន្មាន​នោះទេ មិនមែន​បង្អាប់​ទេ​។ ប៉ុន្តែ​ពេល​មក​ឃើញ​ការប្រកួត និង​សម្តែង​របស់​ចៅៗ ចៅទួត​បច្ចុប្បន្ន គឺ​អស្ចារ្យ​មែនទែន​! ខ្ញុំ​យល់ឃើញថា អ្វីដែល​ខ្ញុំ​បាន​ខិតខំ​បង្ហាត់បង្រៀន​ដំណៗ​តាំងពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៩ មិន​នឹកស្មានថា អ្វីដែល​ខ្ញុំ​បាន​បង្កើត និង​ខំប្រឹង​កន្លងមក លទ្ធផល​នៅ​ឆ្នាំនេះ ជា​លទ្ធផល​ជោគជ័យ​ដ៏​អស្ចារ្យ​ចំពោះ​ខ្ញុំ​»​។​
 
​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ ដែល​បានធ្វើ​ឲ្យ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​បញ្ចប់​យ៉ាង​ជោគជ័យ​។ ទេសរដ្ឋមន្ត្រី​រូបនេះ សង្កេតឃើញ​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​មាន​ភាព​រីកចម្រើន​ខ្លាំង បើ​ធៀប​នឹង​ការប្រកួត​កន្លងមក​។ 
 
​សម្រាប់​លោក ច័ន្ទ សារុន ការ​ឈ្នះ​ចាញ់​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​កីឡា តែ​អ្វីដែល​សំខាន់​កីឡាករ​កុំ​បាក់​ទឹកចិត្ត និង​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​សម្រេច​គោលដៅ​នៅ​ថ្ងៃ​អនាគត​។ ជាពិសេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 


 
«​ខ្ញុំ​ស្នើ​ឲ្យ​កីឡាករ​កីឡាការិនី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​តទៅទៀត ដោយ​ប្រកាន់​ភ្ជាប់​នូវ​បណ្តាំគ្រូ ភក្តីភាព និង​សច្ចធម៌​ក្នុង​ខ្លួន​កុំបី​អាក់ខាន​ឲ្យ​សោះ ព្រោះ​វា​ជា​វិជ្ជា​ដ៏​ឧដុង្គឧត្តម​របស់​យើង​ម្នាក់ៗ​។ យើង​ជា​កូនចៅ​ជំនាន់​ក្រោយ​ប្តេជ្ញា​ថា រក្សា​ឲ្យ​រស់​ជា​រៀងរហូត​នូវ​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា ហើយ​ស្នើ​ឲ្យ​លោកគ្រូ សាន គីម​ស៊ាន និង​គ្រូបង្វឹក​ទាំងអស់​ទុកចិត្ត​ថា យើង​នឹង​រក្សា​ស្នាដៃ​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ​»​។ លោក ច័ន្ទ សារុន ជំរុញ និង​ប្តេជ្ញា​ដូច្នេះ​ពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​បើតាម​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ជិត​២០០​នាក់​មកពី​២៧​សាលា​គុន​ចូលរួម ដោយ​ប្រកួតប្រជែង​លើ​១៩​វិញ្ញាសា​។ សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ សហព័ន្ធ​បាន​ចំណាយ​ថវិកា​អស់​ជាង​៧៣​លាន​រៀល ដោយ​ថវិកា​ពី​ក្រសួង​អប់រំ​មាន​ចំនួន​ជាង​៣៦​លាន​រៀល ហើយ​ក្រៅពីនេះ​ជា​ថវិកា​របស់លោក ច័ន្ទ សារុន​។   
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈពេល​៣​ថ្ងៃ​ចន្លោះ​ពីថ្ងៃ​ទី​២៧-២៩ ធ្នូ ឆ្នាំ​២០១៩ នៅ​អគារ​ដំបូង​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អត្ត​ពលិកម​ក​ពី​សាលា​គុន​ល្បុក្កតោ​សុវណ្ណ​អង្គរ​នាគរាជ​ឈរ​ចំណាត់ថ្នាក់​លេខ​, សាលា​គុន​ល្បុក្កតោ​ក្រសួងមហាផ្ទៃ​ឈរ​លំដាប់​ទី​២, សាលា​គុន​ព្រះខ័ន​ជ័យ​ឈរ​លេខ​៣, សាលា​គុន​ល្បុក្កតោ​ស​ឈរ​លេខ​៤ និង​សាលា​គុន​រាជ​ប្រឹក្ស​ឈរ​លេខ​៥៕ 


លោក សាន គីមស៊ាន (ខាងឆ្វេង)បំពាក់មេដាយជូនម្ចាស់ជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិ, រូបភាពពីសហព័ន្ធល្បុក្កតោ


លោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា, រូបភាពពីសហព័ន្ធល្បុក្កតោ


Tag:
 ល្បុក្កតោ​
  សាន គីម​ស៊ាន​
  ជើងឯក​ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com