កីឡាអន្តរជាតិ
អន្តរជាតិ
Rooney នឹង​លេង​ជា​កីឡាករ​-​គ្រូបង្វឹក​លើកដំបូង​សម្រាប់ Derby ពេល​ប៉ះ Barnsley
01, Jan 2020 , 9:59 am        
រូបភាព
​វីរបុរស Manchester United កីឡាករ Wayne Rooney នឹង​បង្ហាញខ្លួន​លើកដំបូង​ក្នុងនាម​ជា​កីឡាករ​-​គ្រូបង្វឹក សម្រាប់​ក្រុម​នៃ​លី​គ​កម្រិត​ទី​ពីរ​អង់គ្លេស Derby Coutry ក្នុងជំនួប​ទល់នឹង Barnsley នៅ​រាត្រី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០​។ នេះ​ជាការ​អះអាង​របស់លោក Phillip Cocu អ្នកចាត់ការ​ទូទៅ​ក្រុម Derby​។​


 
Rooney ដែល​សព្វថ្ងៃ​មាន​វ័យ​៣៤​ឆ្នាំ បានសម្រេច​ទៅ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​ចៀម​ស ក្រោយ​ចាក​ចេញពី​ក្រុម DC United នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាមេរិក (MLS) បើ​ទោះ​រូបគេ​នៅសល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​ក្តី​។​
 
​អតីត​ខ្សែបម្រើ និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូ​នេះ បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គេ​សម្រាប់​ក្រុម DC United ដោយ​អាច​ស៊ុត​បញ្ចូល​ទី​២៣​គ្រាប់ ក្នុងការ​ប្រកួត​៤១​លើក​។ Rooney បាន​ចាក​ចេញពី Everton ទៅ​ចូលរួម​ជាមួយ​ក្រុម​នៅ MLS កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។​
 
​បន្ទាប់ពី Derby ទទួលបាន​ជ័យជម្នះ ២-១ លើ​ក្រុម Charlton ក្នុងការ​ប្រកួត Championship នៅ​យប់​ថ្ងៃទី​៣០ ខែធ្នូ លោក Cocu បាន​ប្រាប់​ពីថ្ងៃ​ដែល Rooney ត្រូវ​បង្ហាញខ្លួន​សម្រាប់​ក្រុម​ក្នុង​សន្និសីត​សារព័ត៌មាន​តែម្តង​។ 
 
«​ប្រសិនបើ​កីឡាករ​ម្នាក់​ដែលមាន​គុណសម្បត្តិ និង​មានបទពិសោធន៍​ដូចជា Rooney មក​រួម​ក្រុម អ្នក​ត្រូវតែ​រីករាយ​។ គាត់​សាក​សម​សម្រាប់​ក្រុម​របស់​យើង ប៉ុន្តែ​ត្រូវការ​ការប្រកួត​ពីរ​បី​លើក​សិន​ដើម្បី​សាំ​ជាមួយ​ក្រុម​»​។​
 
Derby បង្ហាញខ្លួន​មិនបាន​ល្អ​ឡើង​នៅ​រដូវ​កាល​នេះ ដោយ​បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧ ក្នុង​តារាង​លី​គ​លំដាប់​ទី​២​អង់គ្លេស ក្នុងនោះ​រកបាន​៣០​ពិន្ទុ ពី​ការប្រកួត​២៥​លើក​៕

Tag:
 Wayne Rooney
  Derby Coutry
© រក្សាសិទ្ធិដោយ thmeythmey.com