អន្តរជាតិ
លោក គីម ជុង​អ៊ុន ថា កូរ៉េខាងជើង​លែង​ឈប់​បាញ់​មី​ស៊ី​ល​ទៀត និង​ត្រៀម​បញ្ចេញ​អាវុធ​ថ្មី​
01, Jan 2020 , 9:50 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករកូរ៉េ។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថ្លែងក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករកូរ៉េ។ រូបភាព KCNA
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ប្រកាសថា កូរ៉េខាងជើង​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​បន្ត​ការផ្អាក​ការបាញ់​មី​ស៊ី​ល​ទៀតឡើយ ព្រោះ​អាមេរិក​មិនបាន​ធ្វើ​អ្វី​តប​នឹង​សកម្មភាព​របស់ខ្លួន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ ។ ក្រៅពី​ប្រកា​សលែង​ឈប់​បាញ់​មី​ស៊ី​លហើយ​នោះ មេដឹកនាំ​កូរ៉េខាងជើង ក៏​ព្រមាន​បញ្ចេញ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​ឲ្យ​ពិភពលោក​ឃើញ​ផងដែរ​។​

 
​ក្នុងជំនួប​គណៈ​មជ្ឈិមបក្ស​ពលករ ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​របស់​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបញ្ជាក់​ពី​មូលហេតុ​ដែល​កូរ៉េខាងជើង​នឹងមិន​បន្ត​អនុវត្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​លើ​ការមិន​សាកល្បង​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ទៀត​។ លោក គីម ផ្ទាល់​ជា​អ្នក​ប្រកាស​ដាក់​កំហិត​លើ​ការសាកល្បង ឬ​បាញ់​នេះ​ដើម្បី​រក្សា​បរិយាកាស​ល្អ​សម្រាប់​ការចរចា​ជាមួយ​អាមេរិក​។ ប៉ុន្តែ​លោក​ក៏​មើលឃើញថា វា​ហាក់​មិនបាន​ផល​ឡើយ​។​
 
​ចំពោះមុខ​មន្ត្រី​បក្ស​រាប់សិប​នាក់ លោក គីម អះអាងថា លោក​សម្រេចចិត្ត​មិន​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​ដោយ​ចង់​បង្កើត​ការទុកចិត្ត​ជាមួយ​អាមេរិក ប៉ុន្តែ​អាមេរិក​បែរជា​តប​វិញ​ដោយ​ការធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង និង​ការដាក់ទណ្ឌកម្ម​បន្ថែម​ទៅវិញ​។ ស្ថានភាព​បែបនេះ កូរ៉េខាងជើង មិនអាច​បន្ត​គោរព​ពាក្យសន្យា​ខ្លួន​បានឡើយ​។​
 
«​គ្មាន​ហេតុផល​ណាមួយ​ដែល​យើង​បន្ត​អនុវត្ត​ដោយ​ឯកតោភាគី​នូវ​ការប្ដេជ្ញាចិត្ត​នោះ​ទៀតឡើយ​។ នេះ​ជាការ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ពិភពលោក​មិនមាន និង​គ្មាន​ការ​សាយភាយ​នុយក្លេអ៊ែរ​។​» នេះ​ជាការ​លើកឡើង​របស់លោក គីម ដែល​ត្រូវបាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ ។ មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ ក៏​ព្រមាន​ទៀតថា ពិភពលោក នឹង​ឃើញ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​របស់​កូរ៉េខាងជើង​នៅពេល​ឆាប់ៗ​ខាងមុខ​។​
 
​ការសាកល្បង​នុយក្លេអ៊ែ ឬ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ​ណាមួយ គឺជា​ខោក​ក្បាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែងតែ​អួត​ពី​សមិទ្ធផល​នយោបាយ​ការទូត​របស់ខ្លួន​ជាមួយ​កូរ៉េខាងជើង​។ ទោះ​ប្រឹង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ក្ដី លោក គីម ក៏​មិន​បិទផ្លូវ​ចរចា​ជាមួយ​វ៉ាស៊ីនតោន​ដែរ និង​ថា ស្ថានភាព​ទៅ​ថ្ងៃមុខ​ប្រែប្រួល​យ៉ាងណា ឬ​កូរ៉េខាងជើង​នឹង​ពង្រឹង​អានុភាព​របស់ខ្លួន​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​អាមេរិក​តែប៉ុណ្ណោះ​។   
 
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​រូបនេះ បន្ត​ប្រាប់​មន្ត្រី​របស់ខ្លួន​ឲ្យ​ពង្រឹង​គោលការណ៍​ពឹងផ្អែក​លើ​ខ្លួនឯង​ឲ្យ​បាន​រឹងមាំ​ថែមទៀត និង​ពុះពារ​ប្រយុទ្ធ​នឹង​សម្ពាធ និង​ទណ្ឌកម្ម​របស់​អាមេរិក​ដែល​អូសបន្លាយ​រយៈពេល​វែង​។ ត្រង់ចំណុច​នេះ លោក គីម លើកឡើងថា អាមេរិក នឹងមិន​ទុក​ឲ្យ​កូរ៉េខាងជើង​នៅ​ស្ងៀម​ជាមួយ​សន្តិភាព​ឡើយ​៕

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com